ខែវិច្ឆិកា ឆ្នាំ២០២២ នេះតទៅ ក្រុមហ៊ុន YouTube បានដាក់ឱ្យដំណើរការផ្លូវការ “កម្មវិធីភាពជាដៃគូ” (YouTube Partner Program) នៅកម្ពុជា ដែលអនុញ្ញាតឱ្យអ្នកផលិតមាតិកា YouTube កម្ពុជា អាចរកចំណូលបាន។ រូបភាព៖ ហ្វេសប៊ុក ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ នេះតទៅ ក្រុមហ៊ុន YouTube បានដាក់ឱ្យដំណើរការផ្លូវការ “កម្មវិធីភាពជាដៃគូ” (YouTube Partner Program) នៅកម្ពុជា ដែលអនុញ្ញាតឱ្យអ្នកផលិតមាតិកា YouTube កម្ពុជា អាចរកចំណូលបាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក.ប.ទ. បានផ្សាយនៅថ្ងៃទី២៤ វិច្ឆិកានេះ។

ទន្ទឹមនឹងនេះ អ្នកផលិតមាតិកា YouTube ក៏ទទួលបានឱកាសចូលទៅប្រើប្រាស់មុខងារសំខាន់ៗ និងធនធានជាច្រើនរបស់ YouTube ផងដែរ។

អ្នក​ផលិតមាតិកា YouTube បើក​មើល​ឆាណែលយូធូបខ្មែរណាស់មេឌា។រូបភាព៖​ខ្មែរណាស់

បន្ទាប់ពីផ្អាកការផ្ដល់សេវារកចំណូល (Monetization) លើថ្នាលវីដេអូ YouTube នៅប្រទេសកម្ពុជា ក្រសួងនេះបានទាក់ទងនិងសហការជាមួយតំណាង YouTube ដើម្បីស្វែងរកដំណោះស្រាយបញ្ហានេះជូនអ្នកផលិតមាតិកា YouTube នៅកម្ពុជា។

ជាលទ្ធផល ក្រសួងនឹងបន្តសហការជាមួយក្រុមហ៊ុន YouTube និងក្រុមហ៊ុននានា ដែលមានថ្នាលវីដេអូនៅលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីរៀបចំកម្មវិធីបណ្ដុះបណ្ដាលដល់អ្នកផលិតមាតិកាដូចដែលបានធ្វើកន្លងមក សំដៅពង្រឹងសមត្ថភាពក្នុងការផលិតមាតិកាល្អៗ គោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគំនិតច្នៃប្រឌិត ផ្ដល់អត្ថប្រយោជន៍។

ព្រមទាំងពុទ្ធិដល់សាធារណជនដូចជាការអប់រំ កម្សាន្ត បច្ចេកវិទ្យាឌីជីថល ធុរកិច្ច និងនវានុវត្តន៍ជាដើម ដែលទាំងនេះជាផ្នែកមួយជួយជំរុញដល់បរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។

ទន្ទឹមនឹងនេះដើម្បីជំរុញការអប់រំឌីជីថល ក្រសួងទឹកចិត្តដល់អ្នកផលិតមាតិកាទាំងអស់ចូលរួមកម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូ “កម្ពុជាឆ្ពោះទៅឌីជីថល” (Go Digital Cambodia) ដែលអាចស្វែងរកព័ត៌មានលម្អិតតាមគេហទំព័រ www.​godigital.gov.kh៕