បន្ទាប់ពីការយកឈ្នះដ៏មិនគួរឱ្យជឿលើក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងព្រឹត្តិការណ៍ប្រកួតដណ្ដើមពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងប្រទេសកាតា កាលពីថ្ងៃពុធម្សិលមិញ ពលរដ្ឋជប៉ុនដែលធ្វើដំណើរទៅគាំទ្រក្រុមជម្រើសជាតិរបស់ខ្លួន បាននាំគ្នាដើរប្រមូលសំរាមសម្អាតកីឡាដ្ឋាន បន្ទាប់ពីក្រុមអ្នកគាំត្រម្ខាងទៀតបាននាំគ្នាចាកចេញអស់។

អ្នកគាំទ្រក្រុមដាវសាម៉ូរៃជប៉ុន បាននាំគ្នាប្រមូលសំរាមសម្បកដប និងថង់ផ្សេងៗទាល់តែស្អាត ដើម្បីច្រកយកចេញពីកីឡាដ្ឋាន។ ខណៈជាតិសាសន៍ផ្សេងចាត់ទុកសកម្មភាពរបស់ក្រុមជនជាតិជប៉ុនទាំងនោះ ថាជាទង្វើចម្លែកខុសគេនិងគួរឱ្យកើតសរសើរ ប៉ុន្តែសម្រាប់ជនជាតិជប៉ុនវិញបានលើកឡើងថា សកម្មភាពទាំងនេះមិនមានអ្វីខុសពីធម្មតាឡើយ។

អ្នកគាំទ្រជប៉ុនម្នាក់ឈ្មោះ Danno បានប្រាប់សារព័ត៌មាន Al Jazeera ដែលជាបណ្ដាញសារព័ត៌មានដ៏ល្បីល្បាញមានមូលដ្ឋាននៅក្នុងកាតាថា លោកមិនយល់ថា ហេតុអ្វីបានជាមនុស្សភាគច្រើនគិតថា វាជាឥរិយាបទចម្លែក។ លោកបន្តថា នៅប្រទេសជប៉ុន នៅពេលប្រើប្រាស់បន្ទប់ទឹករួច គឺត្រូវសម្អាតដោយខ្លួនឯង ហើយនៅពេលចាកចេញពីបន្ទប់ គឺត្រូវប្រាកដថាបន្ទប់នោះត្រូវតែស្អាត នេះគឺទម្លាប់របស់យើង។

លោកបន្តថា យើងមិនអាចចាកចេញពីកន្លែងមួយ ដោយមិនបានសម្អាតវានោះទេ ព្រោះវាគឺជាផ្នែកមួយនៃការអប់រំរបស់យើង និងជាការរៀនសូត្រជាប្រចាំថ្ងៃរបស់យើង។ ចំណែកលោក Takshi អ្នកគាំទ្រក្រុមជម្រើសជាតិជប៉ុនម្នាក់បានទៀតបានលើកឡើងដែរថា លោកបានរៀនពីលក្ខខណ្ឌនៃភាពស្អាតតាំងពីនៅកុមារ គឺការសម្អាតបន្ទប់ បន្ទប់ទឹក និងថ្នាក់រៀនដោយខ្លួនឯង ហើយនៅពេលលោកធំឡើង វាបានក្លាយជាទម្លាប់មួយនៃការរស់នៅរបស់ពលរដ្ឋជប៉ុន។

នេះមិនមែនជាលើកទី១ទេ ដែលអ្នកគាំទ្រជប៉ុននាំគ្នាប្រមូលសំរាមចេញពីកីឡាដ្ឋាន ជាក់ស្ដែង ដូចនៅថ្ងៃប្រកួតបើកឆាកដំបូងព្រឹត្តការណ៍បាល់ទាល់ពិភពលោករវាងប្រទេសម្ចាស់ផ្ទះកាតានិងប្រទេសអេក្វាទ័រកាលពីថ្ងៃអាទិត្យ ក៏មានក្រុមអ្នកគាំទ្រជប៉ុននាំគ្នាដើរសំរាមដែរ។ ហើយកាលពីប្រកួតបាល់ទាត់ពិភពលោកក្នុងឆ្នាំ២០១៨នៅក្នុងប្រទេសរុស្ស៊ី អ្នកគាំទ្រជប៉ុនក៏នាំគ្នាប្រមូលសំរាមចេញពីកីឡាដ្ឋាន ថ្វីត្បិតនៅពេលនោះ ក្រុមជម្រើសជាតិរបស់ខ្លួនបានប្រកួតចាញ់ក្រុមជម្រើសជាតិប្រទេសបែលហ្សិកក្នុងវគ្គ១៦ក្រុម។

ស្រ្ដីជនជាតិជប៉ុនម្នាក់ទៀត Saysuka បានថ្លែងប្រាប់សារព័ត៌មាន Al Jazeera ថា មនុស្សជាច្រើនបានកត់សម្គាល់ពីប្រពៃណីរបស់ជប៉ុន ប៉ុន្តែនាងបញ្ជាក់ថា អ្នកគាំទ្រជប៉ុនទាំងនោះ មិនមែនធ្វើវាឡើងដើម្បីបង្ហាញទៅសាធារណៈនោះទេ។ នាងបន្តថា ភាពស្អាត គឺដូចជាសាសនាមួយសម្រាប់ពលរដ្ឋនៅជប៉ុន ហើយពួកគេបានថែរក្សាវាយ៉ាងល្អ៕