កាលពីថ្ងៃអង្គារម្សិលមិញ រដ្ឋធានីប៉េកាំងបានបិទសួនកម្សាន្តនិងសារមន្ទីរ ខណៈទីក្រុងសៀងហៃបានរឹងបន្តឹងច្បាប់លើអ្នកធ្វើដំណើរចូលក្នុងទីក្រុងរបស់ខ្លួន ស្របពេលអាជ្ញាធរចិនកំពុងប្រឈមការផ្ទុះឆ្លងរាលដាលកាន់តែខ្លាំងឡើងដោយសារជំងឺកូវីដ១៩។

ប្រទេសចិនបានរាយការណ៍ថា កាលពីថ្ងៃចន្ទមានអ្នកឆ្លងកូវីដថ្មីក្នុងសហគមន៍រហូត២៨,១២៧នាក់ ហើយចំនួនអ្នកឆ្លងទាំងនេះគឺហក់ឡើងជិតដល់កម្រិតឆ្លងប្រចាំថ្ងៃខ្ពស់បំផុតរបស់ចិនគិតចាប់តាំងពីខែមេសាមក។

នៅក្នុងរដ្ឋធានីប៉េកាំង ករណីឆ្លងបានហក់ឡើងដល់កម្រិតខ្ពស់ជារៀងរាល់ថ្ងៃ និងបានបង្ខំឱ្យអាជ្ញាធរត្រូវអំពាវនាវពលរដ្ឋកុំធ្វើដំណើរចល័ត និងត្រូវបង្ហាញលទ្ធផលធ្វើតេស្ដអវិជ្ជមានកូវីដដែលមានសុពលភាពមិនលើសពី៤៨ម៉ោង មុនពេលចូលទៅក្នុងអាគារសាធារណៈ។

កាលពីល្ងាចថ្ងៃអង្គារ ទីក្រុងសៀងហៃក៏បានប្រកាសថា ចាប់ពីថ្ងៃព្រហស្បតិ៍តទៅ ពលរដ្ឋដែលទើបចូលមកក្នុងទីក្រុងនេះក្នុងអំឡុងពេល៥ថ្ងៃ នឹងមិនត្រូវអនុញ្ញាតឱ្យចូលទៅក្នុងផ្សារទំនើប និងភោជនីយដ្ឋានឡើយ ថ្វីត្បិតពួកគេនៅអាចចូលទៅអាគារការិយាល័យនិងប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ។ ទីក្រុងដែលមានប្រជាជន២៥លាននាក់នេះ ក៏បានសម្រេចបិទទីតាំងកម្សាន្តនិងវប្បធម៌នៅក្នុងសង្កាត់ចំនួន៧ក្នុងចំណោមសង្កាត់ទាំង១៦ បន្ទាប់ពីរាយការណ៍មានករណីឆ្លងក្នុងសហគមន៍ថ្មីចំនួន៤៨នាក់។

អាជ្ញាធរចិនបានប្រកាសមានអ្នកស្លាប់ដោយសារជំងឺកូវីដ២នាក់ទៀត  បន្ទាប់ពីមានអ្នកស្លាប់បីនាក់កាលពីចុងសប្ដាហ៍មុន និងជាករណីស្លាប់ដំបូងចាប់តាំងពីខែឧសភាមក។ ថ្វីត្បិតមានការកែសម្រួលគោលការណ៍ខ្លះនៅពេលថ្មីៗនេះនៅក្នុងគោលនយោបាយសូន្យកូវីដ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ប៉ុន្តែចិននៅតែជាប្រទេសមួយក្នុងពិភពលោកបន្តអនុវត្តការរឹតបន្តឹងយ៉ាងតឹងរឹងប្រឆាំងលើកូវីដ រួមទាំងការបិទព្រំដែនជាដើម។

ការរឹតបន្តឹងវិធានការនៅក្នុងទីក្រុងប៉េកាំងនិងនៅកន្លែងមួយចំនួនទៀត បានធ្វើឱ្យអ្នកវិនិយោគព្រួយបារម្ភជាថ្មីពីផលប៉ះពាល់សេដ្ឋកិច្ចរបស់ចិន ដែលជាសេដ្ឋកិច្ចដ៏ធំបំផុតលំដាប់ទី២របស់ពិភពលោក។

រដ្ឋាភិបាលចិនបានអះអាងថា គោលនយោបាយសូន្យកូវីដរបស់លោកប្រធានាធិបតី ស៊ី ជិនពីង គឺបានជួយអាយុជីវិតពលរដ្ឋ និងបានការពារកុំឱ្យប្រព័ន្ធសុខាភិបាលដួលរលំ ប៉ុន្តែពលរដ្ឋចិនមួយចំនួនបង្ហាញការមិនពេញចិត្តតាមបណ្ដាញអ៊ុនធឺណិត ដោយសារអះអាងថា ហេតុអ្វីចិននៅតែភ័យស្លន់ស្លោរជ្រុលហួសហេតុនឹងកូវីដ ស្របពេលមនុស្សរាប់សែននាក់ធ្វើដំណើរទៅទស្សនាការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោកក្នុងប្រទេសកាតា លែងពាក់ម៉ាស់ទៅហើយនោះ៕