លោកស្រី ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងនិន្នាការលើសទម្ងន់ ជំងឺធាត់ និងជំងឺមិនឆ្លងនានា កំពុងតែកើតឡើងទាំងនៅទីក្រុងនិងជនបទ។ រូបភាព៖ ផ្តល់ឱ្យដោយ អង្គការ Hallen Keller

មន្រ្តីបង្ហាញការព្រួយបារម្ភជុំវិញចំនួនកើនឡើងនៃកុមារប្រឈមជំងឺធាត់លើសទម្ងន់ ព្រោះអាចធ្វើឱ្យប៉ះពាល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខណៈសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលកម្ពុជានៅមិនទាន់ហួសពេល ដើម្បីដោះស្រាយបញ្ហាទម្ងន់របស់កុមារនោះទេ។

លោកស្រី ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងនិន្នាការលើសទម្ងន់ ជំងឺធាត់ និងជំងឺមិនឆ្លងនានា កំពុងតែកើតឡើងទាំងនៅទីក្រុងនិងជនបទ ហើយកំពុងគំរាមកំហែង និងរាំងស្ទះដល់និរន្តរភាព នៃការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្ស។

នៅក្នុងសិក្ខាសាលាស្តីពីសារព័ត៌មានអាហារូបត្ថម្ភ និងពិធីប្រគល់រង្វាន់ជូនអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភ សម្រាប់ជុំទី២ នៅថ្ងៃទី២២ វិច្ឆិកា នៅភោជនីយដ្ឋានទន្លេបាសាក់ លោកស្រីលើកឡើងថា អត្រាក្រិសក្រិនខ្ពស់ និងលើសទម្ងន់នេះ គឺជាកត្តាគំរាមកំហែង និងរាំងស្ទះដល់និរន្តរភាព នៃការអភិវឌ្ឍសេដ្ឋកិច្ច ធនធានមនុស្ស និងការបន្តកំណើនរីកលូតលាស់របស់ប្រទេសកម្ពុជាផងដែរ។

លទ្ធផលអង្កេតប្រជាសាស្រ្ត និងសុខភាពឆ្នាំ២០២១-២០២២នេះ បានបង្ហាញថា ២២%នៃកុមារអាយុក្រោម៥ឆ្នាំមានបញ្ហក្រិសក្រិន ហើយអត្រានៃការលើសទម្ងន់ និងធាត់កំពុងកើនឡើង។

លោកស្រីបន្តថា ទោះបីកម្ពុជាមានគោលនយោបាយមួយចំនួន សម្រាប់អនុវត្តគ្រប់គ្រងផលិតផលចិញ្ចឹមទារក និងកុមារ ជាពិសេសការផ្សព្វផ្សាយលក់ផលិតផលទឹកដោះគោម្សៅផ្សំ តាមរូបមន្តក៏ដោយ ប៉ុន្តែកម្ពុជាមិនទាន់មានបទបញ្ញត្តិ និងស្តង់ដារផលិតអាហារជាក់លាក់សម្រាប់កុមារនៅឡើយទេ ដូចជាបទបញ្ញត្តិ និងស្តង់ដារលើសមាសភាពផលិតផលអាហារបន្ថែម កម្រិតគ្រឿងផ្សំផលិតផលអាហារបន្ថែម កម្រិតបរិមាណសារជាតិចិញ្ចឹម និងការផ្សព្វផ្សាយលក់ផលិតផល ។

លោកស្រីថ្លែងបន្ថែមថា កង្វះនូវបទបញ្ញត្តិ និងស្តង់ដារផលិតផលទាំងនេះអាចបង្កធ្វើឲ្យមានការលំបាក ដល់អ្នកផលិតក្នុងស្រុក អ្នកប្រើប្រាស់ ពិសេសអ្នកថែទាំកុមារ ហើយជាពិសេសអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពទារក និងកុមារកម្ពុជា។ លោកស្រីថា ផលប៉ះពាល់នៃចំនុចខ្វះចន្លោះលើបទបញ្ញត្តិ និងស្តង់ដារផលិតផលអាហារកុមារ អាចមានទំហំធំធេង និងធ្ងន់ធ្ងរ ប្រសិនបើមើលរំលង និងមិនបានយកចិត្តទុកដាក់ខ្ពស់។

លោកស្រីបញ្ជាក់ថា កម្ពុជាប្រឈមអត្រាខ្ពស់ នៃការបរិភោគអាហារ និងភេសជ្ជៈ ដែលមិនល្អចំពោះសុខភាពដល់ទារកនិងកុមារតូចៗ ហើយការដោះស្រាយបញ្ហាក្រិសក្រិន និងបញ្ហាលើសទម្ងន់មានសារៈសំខាន់ និងចាំបាច់ ដើម្បីឱ្យកម្ពុជាអាចសម្រេចគោលដៅ នៃការអភិវឌ្ឍ ប្រកបដោយចីរភាពរបស់ខ្លួនត្រឹមឆ្នាំ២០៣០ ។

លោក ហួរ ក្រើន នាយកអង្គការហេឡែនខែលល័រ(Hellen Keller) បានលើកឡើងថា ការបរិភោគអាហារកែច្នៃច្រើន ដែលផលិតនៅតាមរោងចក្រ ហើយគ្មានសារជាតិចិញ្ចឹម និងមានជាតិស្ករ ជាតិខ្លាញ់ ជាតិអំបិលច្រើន ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។

លោកថ្លែងដូច្នេះថា៖«ជាបឋម ធ្វើឱ្យកង្វះអាហារូបម្ភត្ថ ហើយក្នុងរយៈពេលយូរ គឺអាចបង្កឱ្យមានបញ្ហាធាត់ គឺជំងឺធាត់សម្រាប់ក្មេង ហើយកាលណាធាត់ទៅថ្ងៃក្រោយទៅ ​ធ្វើឱ្យមានបញ្ហាមិនឆ្លងកើតមាន ដូចជាទឹកនោមផ្អែម លើសឈាមជាដើម រហូតដល់ជំងឺមហារីក។ អ៊ីចឹង! នេះជាបញ្ហាកង្វល់មួយដែលត្រូវយកចិត្តទុកដាក់សម្រាប់កុមារ»។

ស្ថានភាពលក់អាហារនៅតាមសាលារៀន។ រូបភាព៖ ផ្តល់ឱ្យដោយ អង្គការ Hellen Keller

លោកបន្តថា បញ្ហាធាត់ និងលើសទម្ងន់នៅកម្ពុជា កំពុងកើតឡើងហើយ ប៉ុន្តែមិនទាន់ហួសពេលក្នុងការដោះស្រាយនោះទេ ព្រោះនាពេលបច្ចុប្បន្នប្រទេសផ្សេងៗមានបញ្ហាធាត់នេះច្រើន ដូច្នេះកម្ពុជាត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ។ លោកបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ គឺត្រូវមានការពិភាក្សា រវាងអ្នករៀបចំគោលនយោបាយ និងអ្នកពាក់ព័ន្ធផ្សេងទៀត។

ឯកសារពង្រាងស្តីពីផែនទីបង្ហាញផ្លូវ ដើម្បីពន្លឿនការកែលម្អអាហារូបត្ថម្ភលើកទី២ ឆ្នាំ ២០២២-២០៣០ របស់ក្រសួងសុខាភិបាល បានដាក់ចេញអាទិភាពជាច្រើន ក្នុងការដោះស្រាយបញ្ហាអាហារូបត្ថម្ភ ដល់មនុស្សគ្រប់វ័យ ជាពិសេសស្រ្តីនិងកុមារ ដែលអាទិភាពគន្លឹះមួយ ដើម្បីធ្វើឲ្យប្រសើរឡើង លើរបបអាហារចម្រុះ ដែលមានសារជាតិចិញ្ចឹម បរិមាណគ្រប់គ្រាន់ និងប្រកបដោយសុវត្ថិភាព។

របាយការណ៍អង្គការសុខភាពពិភពលោកនៅឆ្នាំ២០២១ បានបង្ហាញថា អត្រានៃការឡើងទម្ងន់ និងជំងឺធាត់ចំពោះកុមារ កំពុងកើនឡើងយ៉ាងឆាប់រហ័ស នៅតំបន់អាស៊ីអាគ្នេយ៍ ដែលបណ្តាលមកពីការប្រើប្រាស់អាហារសម្រន់កញ្ចប់មានជាតិអំបិល ស្ករ និងខ្លាញ់ខ្ពស់ ហើយមានសារជាតិចឹញ្ចឹមតិចតួច ដែលមានលក់កាន់តែច្រើនឡើងនៅតាមសាលារៀន៕