ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ជាធនាគារពាណិជ្ជមួយដែលរីកចម្រើនលឿនបំផុតក្នុងចំណោមធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣។រូបភាព៖CPBank

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នឹងធ្វើបច្ចុប្បន្នភាពប្រព័ន្ធធនាគារស្នូលរបស់ខ្លួននៅសប្តាហ៍នេះ ដោយផ្អាកសេវាកម្មបណ្តោះអាសន្ន លើកលែងតែសេវាកម្មបណ្ណឥណទាន។

សេចក្តីជូនដំណឹងរបស់ធនាគារនេះ បានឱ្យដឹងថា ដើម្បីផ្តល់ជូននូវសេវាកម្មដ៏ប្រសើរ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នឹងធ្វើបច្ចុប្បន្នភាពប្រព័ន្ធធនាគារស្នូល ចាប់ពីថ្ងៃទីសុក្រ ទី២៥ ខែវិច្ឆិកា វេលាម៉ោង៨:០០នាទីយប់ ដល់ថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ៤:០០រសៀល។

អំឡុងពេលនៃធ្វើបច្ចុប្បន្នភាពនេះ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នឹងផ្អាកការផ្តល់សេវាបណ្តោះអាសន្ន លើកលែងតែសេវាកម្មបណ្ណឥណទាន។

សេចក្តីជូនដំណឹងបញ្ជាក់ថា៖«យើងខ្ញុំសូមអភ័យទោសចំពោះការរអាក់រអួលដែលបានកើតឡើង។សូមអរគុណចំពោះការយោគយល់និងការអធ្យាស្រ័យរបស់លោកអ្នក»។

ទូរសព្ទបម្រើអតិថិជន ២៤ម៉ោង ០២៣ ២៦០ ៨៨៨/ ០៧០ ២០០ ០០២/ ១៨០០ ២០០ ៨៨៨ នៅដំណើរការជាធម្មតា។
CPBank ត្រូវបានបង្កើតឡើងដំបូងជាមួយនឹងដើមទុនចុះបញ្ជីចំនួន៣៨លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៣ និងបានកើនឡើងដល់ ៧៦លានដុល្លារអាមេរិកក្នុងពេលបច្ចុប្បន្ន។

គិតត្រឹមឆ្នាំ២០២១ ធនាគារសម្រេចបាននូវទ្រព្យសកម្មសរុបជាង ១,១៨ពាន់លានដុល្លារអាមេរិក ជាមួយនឹងបណ្តាញប្រតិបត្តិការសាខាលាតសន្ធឹងពេញផ្ទៃប្រទេសចំនួន ៦០សាខា ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនដាក់ប្រាក់៨៩ទីតាំង ចំនួនគណនីអតិថិជនសរុប ១១៦ ៧៤៣គណនី ចំនួនបណ្ណ អេធីអឹម និងបណ្ណឥណពន្ធសរុប ៧៤ ៥៩០បណ្ណ និងដៃគូអាជីវកម្ម ៧ ០៤៩កន្លែងទូទាំងប្រទេស៕