ធនាគារ SME ទទួលបានអាជ្ញាបណ្ណផ្លូវការ ជាធនាគារពាណិជ្ជពីធនាគារជាតិ នៃកម្ពុជា ('NBC") នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។រូបភាព៖​ផ្តល់​ដោយ ធនាគារ SME

ធនាគារ SME (ធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក) កំពុង​ដើរតួនាទី​យ៉ាង​សំខាន់​ដើម្បីគាំទ្រ​ហិរញ្ញប្បទានក្នុង​អត្រាការប្រាក់ទាប ​និង​ភាព​អនុគ្រោះ​​ដល់​សហគ្រាសធុនតូចនិងមធ្យម​ដែល​ជា​ឆ្អឹង​ខ្នងជំរុញ​កំណើ​ន​សេដ្ឋកិច្ច​កម្ពុជា​។​

ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងការទទូលបានសេវាហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់ទាប និងមានលក្ខខណ្ឌអនុគ្រោះច្រើន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត ធនាគារ SME នេះឡើង។

គោលបំណង និងទិសដៅចម្បងរបស់ ធនាគារ SME គឺការផ្តល់ហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាព និងចីរភាពដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម។រូបភាព៖​ផ្តល់​ដោយ​ ធនាគារ SME

ធនាគារ SME ទទួលបានអាជ្ញាបណ្ណផ្លូវការ ជាធនាគារពាណិជ្ជពីធនាគារជាតិ នៃកម្ពុជា (‘NBC”) នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ហើយធនាគារនេះ គឺដំណើរការស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គោលបំណង និងទិសដៅចម្បងរបស់ ធនាគារ SME គឺការផ្តល់ហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាព និងចីរភាពដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម សំដៅជំរុញពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញស្របតាមគោលនយោបាយដែលបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា។

សហគ្រាស​ធុនតូច និង​មធ្យម​អាច​ខ្ចីប្រាក់​រហូតដល់ ៥០ ​ម៉ឺន​ដុល្លារ សម្រាប់​ទុន​បង្វិល ឬទុនវិនិយោគ​ដែលមាន​អត្រា​ការប្រាក់​អតិបរមា ៧ ​ភាគរយ​ក្នុង​ ១ឆ្នាំ​ និង​មាន​រយៈពេល​សង​ត្រឡប់​មិន​លើស​ពី​ ៧​ឆ្នាំ​។

វត្តមានរបស់ ធនាគារ SME នៅក្នុងប្រទេសកម្ពុជានារយៈពេលជាង ២ឆ្នាំកន្លងមក ត្រូវបានសាធារណជនទទួលស្គាល់ថាជាធនាគារ ដែលមានគោលនយោបាយផ្តល់ហិរញ្ញប្បទានប្រកបដោយលក្ខខណ្ឌអនុគ្រោះ និងជួយទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ដោយផ្តោតលើវិស័យអាទិភាពរួមមាន ការកែច្នៃម្ហូបអាហារ ការផលិតទំនិញប្រើប្រាស់ និងគ្រឿងបន្លាស់ ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ការផលិត ឧបករណ៍វេជ្ជសាស្ត្រនិងឱសថ និងវិស័យគាំទ្រផ្សេងៗទៀត។

ពេលបច្ចុប្បន្ននេះ ធនាគារ SME ផ្តោតលើវិស័យអាទិភាពមួយចំនួនរួមមាន ការកែច្នៃម្ហូបអាហារ ការផលិតទំនិញប្រើប្រាស់ និងគ្រឿងបន្លាស់ ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ការផលិត ឧបករណ៍វេជ្ជសាស្ត្រនិងឱសថ។ ធនាគារក៏នឹងពង្រីកទៅគាំទ្រដល់វិស័យអាទិភាពផ្សេងៗទៀតផងដែរ នាពេលខាងមុខ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាម​រយៈ​ ធនាគារ SME បានដាក់ឲ្យដំណើរការគម្រោងសហហិរញ្ញប្បទានទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យម ជំហានទី១ និងជំហានទី២។រូបភាព៖​ផ្តល់​ដោយ ធនាគារ SME

បច្ចុប្បន្ន ធនាគារ SME ផ្តោតសំខាន់ទៅលើការអនុវត្តគម្រោងសហហិរញ្ញប្បទាន ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូ (PFls) និងការផ្តល់ហិរញ្ញប្បទានដោយផ្ទាល់។

គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២២ ធនាគារ SME បានដាក់ឲ្យដំណើរការគម្រោងហិរញ្ញប្បទានដោយផ្ទាល់ចំនួន ៥ រួមមាន៖ គម្រោងហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមកម្ពុជា គម្រោងហិរញ្ញប្បទានសហគ្រិនស្ត្រីកម្ពុជា គម្រោងហិរញ្ញប្បទានសហគ្រាសធុនតូចនិងមធ្យម គម្រោងហិរញ្ញប្បទាបគ្មានទ្រព្យធានា គម្រោងហិរញ្ញប្បទានវិស័យឌីជីថល និងទំនើបកម្ម និងគម្រោងហិរញ្ញប្បទានស្តារសហគ្រាសធុនតូច និងមធ្យម។

តាមរយៈផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចជាតិ ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ និងតាមរយៈ ធនាគារ SME បានដាក់ឲ្យដំណើរការគម្រោងសហហិរញ្ញប្បទានទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យម ជំហានទី១ និងជំហានទី២។

គម្រោងទាំងពីរនេះ គឺបានអនុវត្តដោយសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូ ហើយគិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២២ សម្រាប់គម្រោងសហហិរញ្ញប្បទានទាំងពីរខាងលើបានបញ្ចប់ជាស្ថាពរជាមួយការផ្តល់ហិរញ្ញប្បទានជូនដល់សហគ្រាសសរុបចំនួន១ ៧០១ ក្នុងទំហំទឹកប្រាក់សរុប ២១៨ លានដុល្លារអាមេរិក។

ការប្តេជ្ញាចិត្ត និងសមិទ្ធផលដូចបានរៀបរាប់ ខាងលើ ធនាគារ SME បានសម្រេចបាននូវពានរង្វាន់ និងការទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិជាច្រើន។រូបភាព៖​ផ្តល់​ដោយ ធនាគារ SME

លើសពីនេះ ក្រោយការងើបឡើងវិញនូវវិស័យទេសចរណ៍ ក្រោយពីវិបត្តិជំងឺកូវីដ១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ ធនាគារ SME បានដាក់ចេញនូវគម្រោងសហហិញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ដោយសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុដៃគូចំនួន ២២ និងបានផ្តល់ហិរញ្ញប្បទានជូនដល់សហគ្រាសចំនួន ១៨៩ ក្នុងទំហំទឹកប្រាក់សរុបជាង ២៥ លានដុល្លារអាមេរិក គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២២។

បន្ថែមពីលើគម្រោងសហហិរញ្ញប្បទានទាំង៣ខាងលើ ដើម្បីជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ធនាគារ SME ក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នដៃគូចំនួន 10 ផ្សេងទៀត រួមមាន សហមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា សហគ្រិនខ្មែរ ក្រុមហ៊ុន បញ្ជី ហ្វីនថេក ឯ.ក សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា។ ព្រមទាំង ក្រុមហ៊ុន អាហ្រ្គីប៊ី (ខេមបូឌា) ម.ក សមាគមកសិដ្ឋានស្រ្តី ក្រុមហ៊ុនស៊ីអ៊ីអូ ម៉ាស្ទើរក្លឹប សមាគមសហគ្រិនស្ត្រីកម្ពុជា និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា ដើម្បី​ជួយគាំទ្រ និងផ្តល់លទ្ធភាពក្នុងការស្នើសុំហិរញ្ញប្បទានជូនដល់សហគ្រាសធុនតូច និងមធ្យម ជាសមាជិក។

ការប្តេជ្ញាចិត្ត និងសមិទ្ធផលដូចបានរៀបរាប់ ខាងលើ ធនាគារ SME បានសម្រេចបាននូវពានរង្វាន់ និងការទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិជាច្រើន។ ក្នុងឆ្នាំ២០២១ ធ.ស.ក ទទួលបានពានរង្វាន់ជា “ធនាគារឆ្នើមសម្រាប់សហគ្រាសធុនតូច និងមធ្យម ប្រចាំឆ្នាំ២០២១ នៅ កម្ពុជា” ពីស្ថាប័ន Asian Banking & Finance។​ ព្រមទាំង ទទួល​បាន​ ពានរង្វាន់ International Global Leadership Awards 2022 in Management ពី The Fame Times International Excellence Awards (FTIEA) ក្នុងឆ្នាំ២០២២ហើយ ក្នុងឆ្នាំ២០២២ ធ.ស.ក បានក្លាយជាសមាជិកនៃ SME Finance Forum ដែលជាសេនាធិការរបស់ធនាគារពិភពលោក ផងដែរ​៕​