អង្ករផ្ការំដួល ដែលឈ្នះពានរង្វាន់អង្ករល្អបំផុតពិភពលោក ជាប្រភេទពូជស្រូវវស្សា ដែលបានស្រាវជ្រាវ ដោយអ្នកវិទ្យាសាស្ត្រស្រូវនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាំងពីឆ្នាំ១៩៩៧។រូបភាព៖ហ្វេសប៊ុក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ អះអាងថា វិស័យស្រូវអង្ករគឺជាវិស័យមួយដែលរាជរដ្ឋាភិបាល តែងតែខិតខំអំពាវនាវ និងស្នើឱ្យប្រទេសនានាជួយមកវិនិយោគបន្ថែម និងពង្រីកទីផ្សារអង្ករកម្ពុជាទៅកាន់ទីផ្សារបរទេស។

ការលើកឡើងរបស់លោកធ្វើឡើងនៅក្នុងសន្និបាទបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធនិងសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិទី៤ នៅថ្ងៃទី២៣ វិច្ឆិកានេះ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ។​រូបភាព៖​ ធូ វិរៈ​

លោករដ្ឋមន្រ្តីថ្លែងទៀតថា ជាក់ស្តែងនៅក្នុងព្រឹត្តិការកិច្ចប្រជុំកំពូលអាស៊ានសប្តាហ៍កន្លងទៅ សម្តេចនាយករដ្ឋមន្ត្រីបានស្នើបន្ថែមទៀតឱ្យប្រទេសនានា រួមមាន ហ្វីលីពីន និងប្រទេសថៃ ឱ្យជួយទិញអង្ករពីកម្ពុជា ព្រមទាំងស្នើប្រទេសនូវែលហ្សេឡង់ឱ្យមកបណ្តាក់ទុននូវហេដ្ឋារចនាសម្ព័ន្ធ ដូចជា ឃ្លាំងស្តុក ឡសម្ងួត និងការកែច្នៃ ដើម្បីនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

លោកថ្លែងដូច្នេះថា៖«សន្តានចិត្ត និងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល គឺជាត្រីវិស័យទីផ្សារមួយយ៉ាងសំខាន់សម្រាប់ជំរុញការនាំចេញ។ រាជរដ្ឋាភិបាលតែងតែគិតគូរលើភាពប្រកួតប្រជែងដល់វិស័យស្រូវអង្ករកម្ពុជា ដោយផ្តល់អាទិភាពគ្រប់យ៉ាង រួមទាំងការផ្តល់នូវការលើកលែងពន្ធគ្រប់ប្រភេទតាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន ហើយបានបន្តការលើកលែងពន្ធបន្ថែមចំនួន៥ឆ្នាំទៀតសម្រាប់សហគ្រាស ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវដែលអស់អាណត្តិដែលត្រូវទទួល»។

លោក ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា។រូបភាព៖ ធូ វិរៈ​

លោក ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ថ្លែងក្នុងកម្មវិធីនេះថា សម្រាប់អាណត្តិទី៣នេះ ការងារនាំចេញអង្ករមានបរិមាណ៦០ម៉ឺនតោនក្នុង១ឆ្នាំដែលទទួលបានចំណូលប្រមាណ៤០០លានដុល្លារ និងការនាំចេញស្រូវជាង ៣លាន តោនក្នុង១ឆ្នាំនិងផ្តល់ចំណូលដល់កម្ពុជាទាំងការនាំចេញអង្ករនិងស្រូវសរុបជាង ១ ២០០លានដុល្លារ ឬចំណូលពីការនាំចេញជាមធ្យមប្រមាណ ១០០លានដុល្លារក្នុង១ខែ។

លោកថ្លែងដូច្នេះថា៖«ដំណើរការងារនាំចេញរបស់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបានជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល ហើយសហព័ន្ធបានខិតខំយកចិត្តទុកដាក់ក្នុងការជួយសម្របសម្រួល និងផ្តល់កិច្ចសហប្រតិបត្តិការដើម្បីឱ្យការងារអាចប្រព្រឹត្តិទៅដោយរលូន»។

លោក ប៉ាន សូរស័ក្តិ បន្ថែមទៀតថា ការខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលកែច្នៃដែលមានប្រភពវត្ថុធាតុដើមពីអង្ករ បានប្រព្រឹត្តទៅយ៉ាងសកម្ម តាមរយៈការបញ្ចូលទំនិញទាំងនេះទៅក្នុងបញ្ជីទំនិញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ព្រមទាំងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយប្រទេសនានា ដូចជាការចុះអនុស្សរណៈយោគយល់ ដើម្បីនាំអង្ករចេញទៅកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត (Timor Lester) ហ្វីលីពីន បង់ក្លាដេស ។

លោកមានប្រសាសន៍ថា៖«បច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្មកំពុងចរចាកិច្ចព្រមព្រៀងថ្មីបន្ថែមទៀត សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលអង្ករស្ថិតនៅក្នុងទំនិញអាទិភាពមួយដែលយើងរំពឹងថា នឹងពង្រីកនូវសក្តា នុពលទីផ្សារថ្មីនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលបច្ចុប្បន្នទីផ្សារតំបន់នេះនៅមានកម្រិតតិចតួចបំផុត។ខ្ញុំសង្ឈឹមថា នឹងជួយបង្កើនការនាំចេញអង្ករកម្ពុជាកាន់តែច្រើនឡើងថែមទៀត»។

កម្ពុជាបាននាំចេញអង្ករជាង៥០ម៉ឺនតោនទៅកាន់៥៦ប្រទេសនៅអាស៊ីនិងអឺរ៉ុប ដែលមានតម្លៃជាប្រាក់ជាង ៣២៣លានដុល្លារ ក្នុងរយៈពេល១០ខែឆ្នាំ២០២២នេះ។ ប្រទេសចិននៅតែជាទីផ្សារធំជាងគេសម្រាប់អង្ករកម្ពុជាដែលនាំចូលអង្ករពីកម្ពុជាជាង ២៣ ម៉ឺនតោន ហើយតំបន់អឺរ៉ុបជាទីផ្សារធំទី២ ដែលមាន២៥ប្រទេសបាននាំចូលជាង១៧ម៉ឺនតោន។

ដោយឡែក ប្រទេសជាសមាជិកអាស៊ាន៤ប្រទេស បាននាំចូលអង្ករពីកម្ពុជាជាង៤ម៉ឺន៨ពាន់តោន និង២៥ប្រទេសផ្សេងទៀត បានបញ្ជាទិញអង្ករកម្ពុជាជាង៥ម៉ឺនតោន៕