ស្ពៃក្តោបដែលដាំដោយកសិករនៅខេត្តមណ្ឌលគិរី តាំងបង្ហាញក្នុងកម្មវិធីទិវាសន្តិសុខស្បៀង ឆ្នាំ២០២២។ រូបភាព៖ សឹម សល់ម៉ា

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានសំណូមពរដល់អាជីវករលក់បន្លែ កុំក្លែងបន្លំប្រភពបន្លែ ដែលយកមកពីប្រភពផ្សេងៗ ហើយផ្សព្វផ្សាយថាមានប្រភពមកពីសហគមន៍ ក្នុងខេត្តមណ្ឌលគិរី។

លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានប្រាប់សារព័ត៌មានខ្មែរណាស់នៅរសៀលថ្ងៃ២១វិច្ឆិកាថា បច្ចុប្បន្នកសិករនៅមណ្ឌលគិរីកំពុងចាប់ផ្តើមប្រមួលផលស្ពៃក្តោបណ្តើរៗ ខណៈដំឡូងបារាំងទើបដល់រដូវដាំដុះប៉ុណ្ណោះ។

លោកបានសំណូមពរឱ្យអ្នកលក់បន្លែ មិនត្រូវយកបន្លែពីប្រភពផ្សេងមកផ្សព្វផ្សាយថាមានប្រភពមកពីខេត្តមណ្ឌលគិរីនោះទេ ព្រោះបន្លែនីមូយៗត្រូវប្រមូលផលតាមរដូវកាល ហើយអ្នកបរិភោគក៏ត្រូវសិក្សាពីប្រភពបន្លែឱ្យច្បាស់លាស់ដែរ មុននឹងទិញ។

លោកថ្លែងដូច្នេះថា៖«ចង់សំណូមពរដែរ ដល់អ្នកលក់ អ្នកធ្វើមុខរបរហ្នឹង កុំឱ្យមានការយកផលិតផលគេមកផ្សព្វផ្សាយ កុំយករបស់គេមក ហើយប្រាប់(អតិថិជន)ថា អានេះជាផលិតផលខាងសហគមន៍មណ្ឌលគិរីអ៊ីចឹង»។

លោកបន្តថា បច្ចុប្បន្ន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានផលិតប្រភេទថង់វេចខ្ចប់មួយ ដែលមានភ្ជាប់ទីតាំង និងសហគមន៍កសិកម្មច្បាស់លាស់។

លោកថ្លែងថា៖«ដូច្នេះរាល់ផលិតផលចេញពីខេត្តមណ្ឌលគិរីទៅមានស្លាកសញ្ញា។ ខ្ញុំបានផលិតស្បោងមួយសម្រាប់ឱ្យកសិករ វេចខ្ចប់បន្លែហ្នឹងទៅទីផ្សារទៅភ្នំពេញ ហើយច្រកថង់ហ្នឹង។ ដូច្នេះ!បន្លែដែលគ្មានស្លាកសញ្ញហ្នឹង មិនមែនចេញពីសហគមន៍ក្នុងខេត្តមណ្ឌលគិរីទេ។ ថង់ហ្នឹងមានសរសេរឈ្មោះសហគមន៍ អាសយដ្ឋានច្បាស់លាស់ ដែលបង្ហាញពីអត្តសញ្ញាណសហគមន៍»។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានសំណូមពរដល់អាជីវករលក់បន្លែ កុំក្លែងបន្លំប្រភពបន្លែ ដែលយកមកពីប្រភពផ្សេងៗ ហើយផ្សព្វផ្សាយថាមានប្រភពមកពីសហគមន៍ ក្នុងខេត្តមណ្ឌលគិរី។ រូបភាព៖ សឹម សល់ម៉ា

លោកឱ្យដឹងថា ទិន្នផលបន្លែនៅក្នុងខេត្តមណ្ឌលគិរីនាឆ្នាំនេះ ទទួលបានផលល្អ ហើយពីមួយឆ្នាំទៅមួយឆ្នាំ ផ្ទៃដាំដុះបន្លែ មានការកើនឡើង។ កន្លងមកប្រភេទបន្លែដែលមិនអាចដាំបាន ដូចជាខ្ទឹមស ដំឡូងបារាំង និងមានស្ពៃក្តោប ដែលត្រូវនាំចូលពីប្រទេសជិតខាង ខណៈខ្ទឹមសត្រូវនាំចូលពីប្រទេសចិន។ ប៉ុន្តែបច្ចុប្បន្ន ប្រភេទដំណាំទាំងនេះ ត្រូវបានក្រសួងកសិកម្មដាំសាកល្បងដ៏ជោគជ័យ នៅខេត្តមណ្ឌលគិរី។

លោក ធីន ធន់ ប្រធានសហគមន៍កសិកម្មសាមគ្គីរីកចម្រើន បានលើកឡើងថា កន្លងមកមានឈ្មួញលក់បន្លែ បានក្លែងបន្លំបន្លែនាំចូលពីវៀតណាម ថាជារបស់កសិករដាំនៅខេត្តមណ្ឌលគិរី ដែលធ្វើឱ្យកសិករក្នុងសហគមន៍កសិកម្មជួបបញ្ហាទីផ្សារ ដោយសារបន្លែនាំចូល មានតម្លៃថោកជាង។

លោកថ្លែងដូច្នេះថា៖«គេមានការក្លែងបន្លំ ព្រោះអីគេយកបន្លែមកពីវៀតណាម ពីខាងក្រៅមកថាមណ្ឌលគិរីដែរ ហើយយើងមានបញ្ហាប្រឈមនឹងការលក់នៅលើទីផ្សារ គេយកធូរថ្លៃ។ ឧទាហរណ៍ថា យើង១គីឡូ៥ពាន់រៀល គេលក់តែ៣ពាន់រៀល ប្រឈមនឹងបញ្ហាហ្នឹង ធ្វើឱ្យគេមិនយកយើង ហើយគេថាបន្លែដូចតែគ្នា បន្លែដូចគ្នាគេសុខចិត្តយកគេ មិនយកយើងនោះទេ»។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា នៅឆ្នាំ២០២១ កម្ពុជាផលិតបន្លែគ្រប់ប្រភេទបានជាង៩សែនតោន គឺកើនឡើងចំនួន១៤,១៥% បើធៀបនឹងឆ្នាំ២០២០ដែលមានចំនួនជាង៧សែនតោន៕