កសិករ​កំពុង​ស្រោចទឹក​បន្លែ​ផ្កាខាតណាផ្កានៅ​​ស្រុកសាមគ្គី ខេត្ត​ស្ទឹងត្រែង។​រូបភាព៖ ធូ វិរៈ​

សហគមន៍កសិកម្ម គឺជាអង្គការឯកជនមួយដែលបង្កើតឡើងដោយកសិករមួយក្រុមតាមការស្ម័គ្រចិត្ត រួមគ្នាបង្កើតដើមទុន រួមគ្នាធ្វើម្ចាស់ និងរួមគ្នាគ្រប់គ្រងតាមលក្ខណៈប្រជាធិបតេយ្យ សំដៅលើកកម្ពស់សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់សមាជិក ដោយអនុលោមតាមគោលការណ៍គោលការណ៍គ្រឹះទាំងប្រាំពី របស់សម្ព័ន្ធសហគមន៍អន្តរជាតិ និងច្បាប់ស្តីពីសហគមន៍កសិកម្មកម្ពុជា។

ទិសដៅរបស់សហគមន៍កសិកម្មមានដូចជា លើកកម្ពស់សេដ្ឋកិច្ចរបស់សមាជិក ធ្វើឱ្យសមាជិកមានជីវភាពធូរធា តាមរយៈការបង្កើនប្រាក់ចំណូល ក្នុងគ្រួសារពីអាជីវកម្មកសិកម្ម លើកកម្ពស់សង្គម បង្កើនសាមគ្គីភាព ធានាសមភាព សមធម៌ និងការជួយគ្នាទៅវិញទៅមកក្នុងសហគមន៍កសិកម្ម ព្រមទាំងចូលរួមអភិវឌ្ឍសង្គម និងលើកកម្ពស់វប្បធម៌ ចូលរួមគាំទ្រដល់កិច្ចការវប្បធម៌ ដូចជាការថែរក្សាប្រពៃណីរបស់ប្រជាកសិករ។

ដំណាំ​ខាតផ្កាគឺជា​បន្លែដ៏ពេញនិយមទទួល​របស់ប្រជាពល​និង​មានតម្លៃថ្លៃនៅលើទីផ្សារ។រូបភាព៖​ធូ វិរៈ​

គដើម្បីសម្រេចទិសដៅខាងលើ សហគមន៍កសិកម្មគួរអនុវត្តមុខរបរ និងសកម្មភាពដូចខាងក្រោម៖

១.មុខរបរឥណទានសហគមន៍កសិកម្ម៖ ជាមុខរបរ ដែលសហគមន៍កសិកម្ម ទទួលប្រាក់បញ្ញើសន្សំពីសមាជិកដោយផ្ដល់អត្រាការប្រាក់ស្មើឬខ្ពស់ជាងក្រុមហ៊ុនឯកជន និងផ្តល់ប្រាក់កម្ចីទៅដល់សមាជិកជាមួយអត្រាការប្រាក់ទាបជាង ឬស្មើក្រុមហ៊ុនឯកជន។

២.មុខរបរទីផ្សារ៖ ជាមុខរបរ ដែលសហគមន៍កសិកម្មប្រមូលទិញ កសិផល ឬផលិតផលផ្សេងៗពីសមាជិក រួចលក់បន្តទៅដល់រោងចក្រ អ្នកនាំចេញ ឬទៅដល់អ្នកប្រើប្រាស់ផ្ទាល់។ មុខរបរនេះអាចឱ្យកសិករស្វែងរកបានទីផ្សារ និងមានអំណាចក្នុងការចរចារអំពីតម្លៃ ដើម្បីលក់ផលិតផលនានាបានតម្លៃខ្ពស់។

ឧទាហរណ៍៖ សហគមន៍កសិកម្មប្រមូលទិញស្រូវ ផ្ការំដួលពីសមាជិកបានចំនួន១០០តោន រួចលក់ទៅឱ្យអ្នកនាំស្រូវទៅលក់នៅបរទេសដោយផ្ទាល់បានតម្លៃមួយ ខ្ពស់ជាងកសិករម្នាក់ៗលក់ទៅឱ្យឈ្មួញកណ្ដាល។

៣.មុខរបរផ្គត់ផ្គង់៖ ជាមុខរបរ ដែលសហគមន៍កសិកម្មទិញទំនិញផ្សេងៗដូចជា ជីកសិកម្ម ថ្នាំកសិកម្ម ប្រេងម៉ាស៊ូត ដើម្បីលក់បន្តទៅដល់សមាជិក។ មុខរបរនេះធ្វើឱ្យកសិករ មានអំណាច ក្នុងការចរចារទិញផលិតផលនានាប្រកបដោយគុណភាពក្នុងតម្លៃសមរម្យ និងឈានទៅដល់ការកាត់បន្ថយតម្លៃផលិតកម្មកសិកម្ម។

ឧទាហរណ៍៖ សហគមន៍កសិកម្មបានទិញជីកសិកម្មដុំចំនួន២០តោន យកមកលក់រាយជូនសមាជិកក្នុងតម្លៃទាប ជាងអ្នកលក់រាយនៅក្នុងតំបន់។

៤.មុខរបរប្រើប្រាស់រួមគ្នា៖ ជាមុខរបរដែលសហគមន៍កសិកម្មទិញឧបករណ៍ កសិកម្ម គ្រឿងចក្រកសិកម្ម ឬសាងសង់ឃ្លាំងដើម្បីជួល ឬផ្តល់សេវាកម្មដល់សមាជិក មុខរបរនេះអាចផលិតផលិតផល ឬផ្តល់សេវាកម្មនានាដែលកសិករម្នាក់ៗ មិនអាចធ្វើបាន។

ឧទាហរណ៍៖ សហគមន៍កសិកម្មទិញម៉ាស៊ីនច្រូតស្រូវ ដើម្បីផ្តល់សេវាកម្មគាំទ្រ ដល់ការងារប្រមូលផលស្រូវរបស់សមាជិក ដែលមិនមានលទ្ធភាពទិញយកមកប្រើប្រាស់ដោយខ្លួនឯង ដោយយកប្រាក់ឈ្នួលទាបជាងក្រុមហ៊ុនឯកជន។

៥.សកម្មភាពផ្តល់ដំបូន្មានអំពីបច្ចេកទេសកសិកម្ម និងការរស់នៅប្រចាំថ្ងៃ៖ គឺជាសកម្មភាព ដែលសហគមន៍កសិកម្មផ្ដល់ការបណ្តុះបណ្តាល ឬដំបូន្មានអំពីបច្ចេកទេសកសិកម្ម និងសកម្មភាពរស់នៅប្រចាំថ្ងៃដល់សមាជិក សកម្មភាពនេះអាចលើកកម្ពស់គុណភាពកសិផល ឬសេវាកម្មគាំទ្រដល់ផលិតកម្មកសិកម្ម។

ឧទាហរណ៍៖ សហគមន៍កសិកម្មមានផ្តល់សេវាកម្ម បណ្តុះបណ្តាលអំពីបច្ចេកទេសចិញ្ចឹមជ្រូកទៅដល់សមាជិកដើម្បីឱ្យកសិករអាចចិញ្ចឹមជ្រូកឆាប់ធំ និងកាត់បន្ថយអត្រាងាប់នៃជ្រូក។

៦.បង្កើតមូលនិធិសង្គម៖ គឺជាមូលនិធិសម្រាប់ចូលរួមក្នុងសកម្មភាពសង្គម។ ឧទាហរណ៍ ៖សហគមន៍កសិកម្មបង្កើតមូលនិធិសង្គ្រោះបន្ទាន់ សម្រាប់ជួយដល់សមាជិកដែលជួបបញ្ហាភ្លាមៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ ឬជំងឺ។

កាលពីឆ្នាំ២០០៣ សហគមន៍កសិកម្មដំបូងបានបង្កើតឡើងក្នុងខេត្តសៀមរាប ដោយផ្អែកទៅតាមព្រះរាជក្រឹត្យស្តីពីការបង្កើត និងការប្រព្រឹត្តទៅនៃសហគមន៍ អភិវឌ្ឍន៍កសិកម្ម សហភាពសហគមន៍អភិវឌ្ឍន៍កសិកម្ម និងបុរេសហគមន៍អភិវឌ្ឍន៍កសិកម្ម។

រហូតមកដល់ពាក់កណ្ដាលឆ្នាំ២០១៥ សហគមន៍កសិកម្មទាំងអស់នៅទូទាំងប្រទេស មានចំនួនជាង៦០០ បានរៀបចំបង្កើតឡើង ដោយប្រជាកសិករនៅកម្ពុជា និងកំពុងដំណើរការមុខរបររបស់ខ្លួន៕

ប្រភព៖ នាយកដ្ឋានសហគមន៍កសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ