សម្ការ​ស្វាយកែររមៀត​របស់សមាជិក​របស់សហគមន៍កសិកម្មសាមគ្គីតំបែរ។​រូបភាព៖ហ្វេសប៊ុក សហគមន៍កសិកម្មសាមគ្គីតំបែរ

ក្រុមហ៊ុន អង្គរ ហ្រ្គីន និង អម្រឹត បានសហការរៀបចំដំណើរទស្សនៈកិច្ចសិក្សាចម្ការស្វាយនៅខេត្តកំពង់ចាម និងខេត្តបាតដំបង ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពកសិករផលិតស្វាយឱ្យបានសមស្របតាមតម្រូវការទីផ្សារ។

ដំណើរទស្សនៈកិច្ចដំបូងនេះត្រូវបានទៅសិក្សានៅចម្ការស្វាយរបស់លោក វ៉ាន់ ភ័ក្រ ស្ថិតនៅឃុំកោះត្រងោល ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី២២ វិច្ឆិកានេះ។

ទស្សនៈសិក្សានេះត្រូវធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពកសិករផលិតស្វាយកែវរមៀតបាន​ស្វែងយល់ពីធាតុចូលកសិកម្ម និងការផលិតស្វាយឱ្យមានគុណភាពនិងមានស្តង់ដាសបតាម​ទីផ្សារ​។រូបភាព៖​ហ្វេសប៊ុក​ សហគមន៍កសិកម្មសាមគ្គីតំបែរ

ដំណើរទស្សនៈកិច្ចនេះក៏នឹងមានវគ្គបណ្តុះបណ្តាលដែលអាចជួយពន្លឿនកសិករឱ្យយល់ដឹងពីរបៀបប្រើប្រាស់បច្ចេកវិទ្យា ថ្នាំសម្លាប់សត្វល្អិត និងជីប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពដែលអាចឱ្យពួកគេទទួលប្រាក់ចំណូលច្រើន។

ម្ចាស់ចម្ការ​ស្វាយ​ជាង ១០នាក់បានចូលរួមវគ្គបណ្តុះបណ្តាលនៅ​ថ្ងៃអង្គារ៍នេះ​។រូបភាព៖​ ផ្តល់​ដោយ លោក អូន តុងអាន

លោក អូន តុងអាន ប្រធានសាខាតំបន់ប្រចាំខេត្តកំពង់ចាម និងត្បូងឃ្មុំនៃក្រុមហ៊ុន អង្គរ ហ្រ្គីន ប្រាប់ខ្មែរណាស់ថា សម្រាប់លក្ខខណ្ឌចូលរួមក្នុងវគ្គបណ្តុះបណ្តាលដែលផ្តើមចេញពីអម្រឹត និងអង្គរ ហ្រ្គីននេះ គឺអ្នកត្រូវតែជាអតិថិជនដែលមានចម្ការធំ និងបានប្រើប្រាស់ផលិតផលរបស់អង្គរហ្រ្គីន ហើយជាម្ចាស់ចម្ការធំៗដែលជាអតិថិជនរបស់អម្រឹត។

លោក តុងអាន បន្តថា ទស្សនៈសិក្សានេះត្រូវធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពកសិករផលិតស្វាយកែវរមៀត ឱ្យពួកគាត់ស្វែងយល់ពីធាតុចូលកសិកម្ម និងស្វែងយល់ពីការផលិតស្វាយឱ្យមានគុណភាពនិងមានស្តង់ដា ដើម្បីយកទៅប្រកួតប្រជែងនៅលើទីផ្សារសម្រាប់ការនាំចេញ និងលក់ទៅឱ្យរោងចក្រកែច្នៃទាំងក្នុងស្រុកនិងក្រៅប្រទេស។

លោកថ្លែងដូច្នេះថា៖«ក្រៅពីពង្រឹងសមត្ថភាពទាក់ទងនឹងផលិតកម្មស្វាយ គឺយើងនឹងបង្ហាញពីបច្ចេកវិទ្យាទំនើបដែលប្រើប្រាស់ជុំវិញពិភពលោកនៅក្នុងវិស័យកសិកម្មលើដំណាំហូបផ្លែ ទៅដល់អ្នកផលិតស្វាយ។ យើងក៏នឹងបង្ហាញសេវាកម្មរបស់អម្រឹតនៅក្នុងវិស័យកសិកម្ម ដែលគាត់មានសេវាកម្មអ្វីដែលអាចជួយកសិករបាន ហើយយើងក៏បង្ហាញពីតម្លៃផ្លែស្វាយនៅក្នុងស្រុក និងទីផ្សារស្វាយនៅប្រទេសជិតខាងរបស់យើង។ យើងក៏សិក្សាពីតម្លៃហាងឆេងស្វាយក្នុងស្រុកក៏ដូចជាបណ្តាប្រទេសជិតខាង សម្រាប់តម្រូវការនាំចេញផ្លែស្វាយទាំងអស់នោះដល់កសិករដែលបានចូលរួម»។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២ វិច្ឆិកាថា ស្វាយកែវរមៀតឆ្នាំ២០២២នេះ មានតម្លៃទីផ្សារល្អជាងមុន ព្រោះអំឡុងខែកក្កដា និងសីហា ស្វាយកែវរមៀតខ្ចប់មានតម្លៃ ២ ៥០០រៀលក្នុង១គីឡូក្រាម និងស្វាយធម្មតាមានតម្លៃ១ ២០០រៀលក្នុង១គីឡូក្រាម។

យោងតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល ១០ខែឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ជាង១៣ម៉ឺនតោន ធ្លាក់ចុះ៣១,៥៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ស្វាយស្រស់បាននាំចេញទៅកាន់ប្រទេសវៀតណាមជាង៧ម៉ឺន៨ពាន់តោន ថៃចំនួនជាង៣ម៉ឺន២ពាន់តោន ចិនជាង២ម៉ឺន៧ពាន់តោន កូរ៉េខាងត្បូងជាង​១៦០​តោន និងទីក្រុងហុងកុងជាង២តោន៕