វិស័យឯកជន​ថ្លែង​អំណរអគុណដល់ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម (ARDB) ដែលបានជួយផ្តល់ថវិកាកម្ចីពិសេសជួយដល់រោងម៉ាសុីនកិនស្រូវ ទិញស្រូវជូនកសិករអោយមានតំលៃសមរម្យ។រូបភាព៖​ហ្វេសប៊ុក រដ្ឋមន្រ្តី​កសិកម្ម ឌិត ទីណា-Dith Tina

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចផ្តល់ថវិកាបន្ថែមចំនួន១០លានដុល្លារ លើមូលនិធិសម្រាប់ទិញស្រូវចំនួន៨៣លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដើម្បីគាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្របចៀសវៀងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។

ការផ្តល់ថវិកានេះត្រូវបានធ្វើឡើង បន្ទាប់ពីស្រូវធ្លាក់ថ្លៃនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យនៅរដូវប្រមូលផលផ្ការំដួលក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។

ថវិកា​នេះនឹង​ផ្តល់លទ្ធភាព​បន្ថែម​ដល់​ម្ចាស់​រោងម៉ាស៊ីន​កិនស្រូវ និង​អ្នកនាំចេញ​អង្ករ​ ទទួល​បាន​ជាទុន​សម្រាប់ទិញ​ស្រូវ​ពីកសិករ។​រូបភាព៖ ហ្វេសប៊ុក រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ឌិត ទីណា

ទោះបីយ៉ាងណា ក្រោយពីមានកិច្ចអន្តរាគមន៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធនាគារ ARDB និងអ្នកពាក់ព័ន្ធ គឺម្ចាស់រោងម៉ាស៊ីនកិនស្រូវសម្រេចទិញស្រូវផ្ការំដួលលេខ១ក្នុងតម្លៃ ១ ០៣៥រៀលក្នុង១គីឡូក្រាម ស្រូវផ្ការំដួលលេខ២តម្លៃ ៩៧០រៀលក្នុងគីឡូក្រាម និង ផ្ការំដួលលេខ៣ តម្លៃ ៩២០ រៀលកក្នុង១គីឡូក្រាម។

សេចក្តីប្រកាសព័ត៌មានរបស់ ARDB បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តម្លៃស្រូវមានការប្រែប្រួលនៅតាមបណ្តារខេត្តផលិតស្រូវមួយចំនួន ពិសេសខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលបណ្តាលមកពីរដូវប្រមូលផលធំ ហើយមានការច្រូតកាត់ព្រមគ្នា ជាហេតុធ្វើឱ្យបរិមាណស្រូវដែលត្រូវលក់មានចំនួនច្រើនក្នុងពេលតែមួយ។

ការណ៍នេះ ធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវពុំអាច ប្រមូលទិញស្រូវទាំងអស់នោះបាន ដែលនាំឱ្យតម្លៃស្រូវមានការប្រែប្រួលធ្លាក់ចុះ បើធៀបទៅនឹងដើមរដូវ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖«ហេតុដូចនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមអំពាវនាវឱ្យប្រជាកសិករតាមតំបន់ដែលត្រូវប្រមូលផលស្រូវ សូមដាក់កម្មវិធីច្រូតកាត់ជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់របស់ខ្លួន ដើម្បីចៀសវៀងការប្រមូលផលក្នុងពេលតែមួយព្រមគ្នា ដែលអាចបណ្តាលឱ្យមានការបង្គាប់ថ្លៃស្រូវ»។

លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ទស្សនកិច្ចនៅរោងម៉ាស៊ីនកិនស្រូវ​របស់ក្រុមហ៊ុន​បៃតងកម្ពុជា​នៅខេត្តបាត់ដំបងកាលពីខែតុលាកន្លងទៅ។រូបភាព៖​ហ្វេសប៊ុក រដ្ឋមន្រ្តីកសិកម្ម ឌិត ទីណា

លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរនៅហ្វេសប៊ុក​ផ្លូវការដោយ​បាន​ថ្លែងអំណរគុណ​ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានអនុញ្ញាតបន្ថែមថវិកាដល់ធនាគារអភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ ដើម្បីជួយផ្តល់ជាកម្ចីដល់រោងម៉ាស៊ីនកិនស្រូវឱ្យទិញស្រូវប្រជាកសិករទាន់ពេលវេលាប្រមូលផល។

លោករដ្ឋមន្រ្តី​សរសេរដូច្នេះថា៖«ដូចគ្នានេះដែរ ខ្ញុំសូមអរគុណនូវស្មារតីទទួលខុសត្រូវខ្ពស់ និងការឆ្លើយតបទាន់ពេលវេលារបស់ធនាគារអភិវឌ្ឍន៍ជនបទក្នុងរយៈពេលដែលធ្លាក់ថ្លៃស្រូវ ហើយក្រសួងកសិកម្មត្រូវការជំនួយជាបន្ទាន់។ តួអង្គសំខាន់មួយទៀត គឺសហព័ន្ធស្រូវអង្ករកម្ពុជាដែលបានសហការគ្នាប្រមូលទិញយ៉ាងសស្រាក់សស្រាំក្នុងតម្លៃដែលអាចទទួលយកបាន។ ស្មារតីសហការខ្ពស់នេះជាគំរូដ៏ល្អសម្រាប់ការដោះស្រាយបញ្ហាឱ្យទាន់ពេលវេលាជូនប្រជាពលរដ្ឋ»។

ក្នុង​រយៈ​ពេល១០ខែដើម​ឆ្នាំ២០២២ ការ​ប្រមូល​ផល​ស្រូវ​ស្រាលរដូវ​វស្សា​សម្រេច​បាន​ជាង ៥៦ម៉ឺន​ហិកតា និង​ទទួល​បាន​បរិមាណ​ផល​សរុប​ជាង​២,២៥លាន​តោន​ និង​ទទួល​ទិន្នផល​ជាមធ្យម​ជាង៣,៩តោនក្នុង​១ហិកតា។​នេះបើ​តាម​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទ​៕