ទេសភាពទឹកធ្លាក់សុភ័ក្រមិត្តជាតំបន់អេកូទេសចរណ៍​ធម្មជាតិ​ដ៏ទាក់ទាញ​បំផុត​នៅភូមិភាគឦសាន​ប្រទេសក្នុង​អំឡុងខែមេសា​។រូបភាព៖ ធូ វិរៈ

ចលនាទេចរណ៍​ផ្ទៃក្នុង​ទៅកាន់តំបន់អេកូទេសចរណ៍សហគមន៍​ មានសន្ទុះ​កើន​ឡើង​ខ្លាំងគួរឱ្យកត់សម្គាល់​ក្នុងអំឡុងវិបត្តិកូវីដ ១៩​ ក្នុង​រយៈពេលជាង​២ឆ្នាំកន្លងមក​ ខណៈ​វិស័យអេសកូទេសចរណ៍សហគមន៍មានកំណើនប្រមាណ២០%ជារៀងរាល់ឆ្នាំដែល​កំពុង​បង្កើត​បានជាប្រាក់ចំណូល​ដោយផ្ទាល់ជូន​ប្រជាពលរដ្ឋក្នុង​សហគមន៍។​

ក្រសួង​បរិស្ថាន​បាន​ផ្តល់ការឯកភាព​ជាគោលការណ៍​លើគម្រោង​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍​​ផ្សារភ្ជាប់​នឹងធម្មជាតិ​ខ្នាតតូចចំនួន ៣០៩​ គិតមកដល់ពេលនេះ​។​

លោក ថោង​ ខុន រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍​ ថ្លែងថា អង្គវេទិកា​នឹងអាចដាក់ចេញ​នូវ​សេចក្តី​ថ្លែងការណ៍ស្តីពី​«ការអភិវឌ្ឍសហគមន៍​ទេសចរណ៍​ និងអេកូទេសចរណ៍​ក្នុងគន្លងប្រក្រតីភាព​ថ្មី»។រូបភាព៖ហ្វេសប៊ុក ក្រសួង​ទេសចរណ៍

លោក ថោង​ ខុន រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍​ ថ្លែងបើក​វេទិកា​អេកូ​ទេសចរណ៍​លើកទី៣​ឆ្នាំ២០២២​ នៅថ្ងៃទី១២ វិច្ឆិកានេះថា ក្នុង​ដំណាក់កាលដ៏លំបាកនៃ​វិបត្តិកូវីដ១៩​ ចលនាទេចរណ៍​ផ្ទៃក្នុង​ទៅកាន់តំបន់អេកូទេសចរណ៍​ សហគមន៍ទេសចរណ៍​ និង​តំបន់​ទេសចរណ៍​ផ្សងព្រេង​ មានសន្ទុះ​កើន​ឡើង​ខ្លាំង​ បង្កើត​បានជាប្រាក់ចំណូល​ដោយផ្ទាល់ជូន​ប្រជាពលរដ្ឋក្នុង​សហគមន៍​ និងបាន​ធ្វើ​ឱ្យ​វិស័យ​អេកូទេសចរណ៍​ និង​សហគមន៍​ ទេសចរណ៍​ មានភាពធន់នឹង​វិបត្តិ រួមចំណែក​ទ្រទ្រង់​ដល់វិស័យ​​ទេសចរណ៍​ជារួម​ ពិសេស​កាត់​បន្ថយ​ផលប៉ះពាល់​នៃការធ្លាក់​ចុះ​នៃចំនួន​ភ្ញៀវទេសចរណ៍​​អន្តរជាតិ​។

លោករដ្ឋមន្រ្តីថ្លែងថា៖«​កម្ពុជាសំបូរ​ទៅ​ដោយសក្តានុពល​ធម្មជាតិ និង​អេកូទេសចរណ៍​នៅទូទាំងប្រទេស​រាប់ចាប់តាំងពីតំបន់​ឆ្នេរសមុទ្រ​ដែលជាសមាជិក​ក្លឹមឆ្នេរសមុទ្រ​ដែល​ស្ងាត់បំផុត​លើសាកលលោក​ តំបន់ជួរភ្នំក្រវ៉ាញ រួមបញ្ជូនទាំងតំបន់អារ៉ែង តំបន់​បឹងទន្លេសាប​ និងតំបន់ភូមិភាគ​ឦសាន​ ដែល​មាន​សត្វ​ផ្សោត​ដ៏កម្រជាដើម​ »។​

លោក ថោង ខុន ក៏ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​និង​អភិវឌ្ឍសហគមន៍ទេសចរណ៍​និង​អេកូទេសចរណ៍ថ្លែងទៀតថា ក្នុងន័យនេះ ការ​អភិវឌ្ឍជាសហគមន៍ទេសចរណ៍​ និងអេកូទេសចរណ៍​ ដែល​មាន​ចរិត​យុទ្ធសាស្រ្ត​ និងនយោបាយ​ពិតជា​បានរួមចំណែក​សំខាន់​ក្នុង​ការអភិវឌ្ឍនៅតាម​មូល​ដ្ឋាន។​

លោកថ្លែងដូច្នេះថា៖«ខ្ញុំជឿជាក់យ៉ាងមុតមាំថាតាមយៈ​កិច្ចពិភាក្សា​នៅក្នុង​វេទិកាជាតិនេះ យើងនឹង​អាចទាញ​យកនូវ​ទស្សនទានល្អៗបន្ថែមទៀត​ ដើម្បី​ជាមូលដ្ឋាន​ក្នុងការ​រៀបចំ​បទដ្ឋាន​គតិយុទ្ធ​ចាំបាច់​នានាបន្ថែម​ទៀត​ជំរុញ​ការអភិវឌ្ឍវិស័យអេកូទេសចរណ៍​និង​សហគមន៍ទេសចរណ៍​ ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​និងបរិយាប័ន្ន​ពិសេសក្នុងបរិបទដែល​យើង​ទាំងអស់គ្នា​ត្រូ​វបន្ត​បន្សាំ​ខ្លួន​រស់នៅក្នុងគន្លងថ្មី​។​

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា ក្រសួងកិសកម្ម​ត្រៀម​លកខណៈ​ជានិច្ចក្នុងការ​ចូលរួម​សហការយ៉ាងជិតស្និទ្ធ​ជាមួយ​ក្រសួងទេសចរណ៍ និងក្រសួង​បរិស្ថាន​ ព្រមទាំ​ងដៃគូអភិវឌ្ឍន៍​និង​វិស័យឯកជន​ដើម្បីជំរុញ​លើកកម្ពស់​វិស័យទេសចរណ៍។​រូបភាព៖​ក្រសួង​ទេសចរណ៍​

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុង​វេទិកានេះថា ក្រសួងកសិកម្ម​កំពុងជួយរៀបចំពង្រឹងសមត្ថភាព និងជំរុញសកម្មភាពទេសចរណ៍នៅតាម សហគមន៍នានា ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួង មានជាអាទិ៍ សហគមន៍នេសាទ សហគមន៍ ស្រះជម្រកត្រីនិងកន្លែងអភិរក្សជលផល សហគមន៍ព្រៃឈើ និងសហគមន៍កសិកម្មនៅទូទាំងប្រទេស ដើម្បី​ជំរុញទេសចរណ៍ធម្មជាតិ ការអភិរក្សវប្បធម៌ មូលដ្ឋាន ការការពារធម្មជាតិនិងបរិស្ថាន ការពង្រឹងចំណូលគ្រួសារប្រជាពលរដ្ឋសហគមន៍ និងការលើក កម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។

លោកថ្លែងដូច្នេះថា៖«ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តពង្រឹងសមត្ថភាព ផ្ដល់ការគាំទ្រ និងលើកទឹកចិត្ត សហគមន៍នៅទូទាំងប្រទេស ឱ្យចូលរួមចំណែកកាន់តែច្រើន និងសកម្មថែមទៀត ក្នុងសកម្មភាពអភិវឌ្ឍន៍ កសិ-ទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ដោយបំពេញតួនាទីជាកន្លែងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ត ជាទីតាំងផលិតស្បៀងអាហារ និងផ្ដល់សេវាកម្មដល់ភ្ញៀវទេសចរ ជាប្រភពនាំមកនូវប្រាក់ចំណូលដល់ គ្រួសារប្រជាជននៅតាមសហគមន៍ និងជាខែលដ៏រឹងមាំក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិ»។​

សព្វថ្ងៃ ក្រសួង​បរិស្ថាន​បាន​ផ្តល់ការឯកភាព​ជាគោលការណ៍​លើគម្រោង​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍​​ផ្សារភ្ជាប់​នឹងធម្មជាតិ​ខ្នាតតូចចំនួន ៣០៩  ដែលវិស័យ​ឯកជន​នឹងក្លាយ​ជា​ដៃគូសហការរបស់ក្រសួង​បរិស្ថាន​ អាជ្ញាធរមូលដ្ឋាន​ និង​សហគមន៍​តំបន់ការពារ​ធម្មជាតិ​ ដើម្បី​ជំរុញ​សកម្មភាព​អេកូ​ទេសចរណ៍​។​

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង​បរិស្ថាន ថ្លែងថា«ខ្ញុំ​សង្ឃឹមថា​តាម​រយៈវេទិកា​នេះ យើងទាំងអស់គ្នា​នឹងមានឱកាស​ពេញលេញ​ក្នុងការចូលរួម​ចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធ​នឹងអេកូទេសចរណ៍​និង​សហគមន៍ទេសចរណ៍​ ដើម្បី​រកដំណោះស្រាយកាន់តែប្រសើរថែមទៀត។រូបភាព៖​ក្រសួងទេសចរណ៍​

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង​បរិស្ថាន​ ថ្លែងក្នុង​វេទិកានេះដែរថា វិស័យ​អេសកូទេសចរណ៍​សហគមន៍​មានកំណើន​ប្រមាណ​២០%​ជារៀងរាល់​ឆ្នាំ​ ខណៈ​វិស័យទេសចរណ៍ពិភព​លោក​មានកំណើន​ក្នុង​រង្វង់​៥%​ដែល​បានធ្វើ​ឱ្យ​ទេសចរណ៍​សហគមន៍ និង​អេកូទេសចរណ៍​ត្រូវ​បាន​ចាត់ទុកចាជាសសរស្តម្ភ​ក្នុងការធានានូវការអភិវឌ្ឍវិស័យទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព។

លោក​ថ្លែងថា៖«ក្នុងន័យនេះ​ ក្រសួង​បរិស្ថានកំពុង​ខិតខំ​ជំរុញ​ការអនុវត្តគោលនយោបាយ​ ផែនការ និង​យុទ្ធសាស្រ្ត​របស់ខ្លួន​ ដោយដៃម្ខាង​ផ្តោតលើ​ការគ្រប់គ្រង​ អភិរក្ស​ធនធានធម្មជាតិ​ និង​ជីវៈចម្រុះ​ដែល​មានសារសំខាន់​ចាំបាច់​ជាសារវន្ត​ក្នុង​ការធានាដល់​និរន្តរភាព​បរិស្ថាន​ និងគាំទ្រ​ដល់សន្តិសុខស្បៀង​ ខឿន​សេដ្ឋកិច្ច សង្គម និងសុខភាពសាធារណៈ​តាមរយៈ​មុខងារសេវាកម្មប្រព័ន្ធអេកូឡូស៊ី»។

បច្ចុប្បន្ន​ ក្រសួង​បរិស្ថាន​បានសម្រេចគោលដៅ​ក្នុងការៀបចំបង្កើត​សហគមន៍តំបន់​ការពារធម្មជាតិ​ទាំងអស់ចំនួន១៩០ ក្នុង​ចំណោមនោះ មានសហគមន៍តំបន់ការពារធម្មជាតិ​ និង​សហគមន៍​ផ្សេងៗ​ក្នុង​តំបន់​ការពារធម្មជាតិ​ជាង​៤០​ដែល​មានសក្តានុពល​ផ្នែក​ទេសចរណ៍ធម្មជាតិ​ និង​កំពុង​ផ្តល់សេវាកម្មនេះ​ដល់​ភ្ញៀវទេសចរ​។​

ក្នុង​រយៈពេល​១០ខែ​ឆ្នាំ​២០២២ កម្ពុជា​ទទួល​បានភ្ញៀវអន្តរជាតិ​ប្រមាណ១,៥លាននាក់ និងរំពឹងថា​នឹងទទួល​បាន​ភ្ញៀវទេសចរណ៍​អន្តរជាតិ​២លាននាក់សម្រាប់​ឆ្នាំ២០២២។​នេះបើ​តាម​រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍​៕​