រាជរដ្ឋាភិបាល កំពុងអភិវឌ្ឍវេបផតថលគឺគេហទំព័រគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ដើម្បីចាប់ យកកាលានុវត្តភាពនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ។ រូបភាព៖ ទេព ភិវឌ្ឍន៍

កម្ពុជាទទួលបានសន្ទស្សន៍ភាពចាស់ទុំនៃបច្ចេកវិទ្យារដ្ឋាភិបាល(GovTech Maturity Index-GTMI) កើនពីកម្រិតC កាលពីឆ្នាំ២០២០ មកកម្រិតB នៅចុងឆ្នាំ២០២២ ដែលនេះបង្ហាញពីការធ្វើបរិវត្តកម្មឌីជីថលយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាល។

កាលពីថ្មីៗនេះ ធនាគារ ពិភពលោក(WB) បានបង្ហាញរបាយការណ៍ស្តីពីសន្ទស្សន៍ភាពចាស់ទុំនៃបច្ចេកវិទ្យារដ្ឋាភិបាល(GTMI) ឆ្នាំ២០២២ សម្រាប់ធ្វើការវាស់វែងលើការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងរដ្ឋាភិបាល នៅតាមបណ្តាប្រទេសនីមួយៗ។

រាជរដ្ឋាភិបាល កំពុងអភិវឌ្ឍវេបផតថលគឺគេហទំព័រគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ដើម្បីចាប់ យកកាលានុវត្តភាពនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ។ រូបភាព៖ ទេព ភិវឌ្ឍន៍

សន្ទស្សន៍ GTMI គឺជាបន្សំនៃអនុសន្ទស្សន៍៤ទៀតគឺទី១ សន្ទស្សន៍នៃប្រព័ន្ធស្នូលរបស់រដ្ឋាភិបាល (CGSI) ទី២ សន្ទស្សន៍ការផ្តល់សេវាសាធារណៈ ( PSDI) ទី៣ សន្ទស្សន៍ការចូលរួមរបស់ប្រជាពលរដ្ឋ (CEI) និងទី៤ សន្ទស្សន៍បច្ចេកវិទ្យារដ្ឋាភិបាលជំរុញ (GTEI)។

លោក តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី«តេជោ»។​រូបភាព៖​ហ្វេសប៊ុក ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ

លោក តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី«តេជោ» ប្រាប់ខ្មែរណាស់ថា ប្រសិនបើ សន្ទស្សន៍រដ្ឋាភិបាលស្នូលត្រូវបានកើនឡើង វាមានន័យថា រដ្ឋាភិបាលពិតជាទទួលយកបច្ចេកវិទ្យាឌីជីថល ដើម្បីរៀបចំដំណើរការអាជីវកម្មស្នូលរបស់ពួកគេឡើងវិញ។ លោកបន្តថា ដូចគ្នាដែរ ចំពោះសន្ទស្សន៍អនុវិស័យសាធារណៈ ប្រសិនបើ វាត្រូវបានកើនឡើង មានន័យថា រដ្ឋាភិបាលបានធ្វើឌីជីថលសម្រាប់សេវាសាធារណៈរបស់ពួកគេ។

លោក ងួនលី ថ្លែងដូច្នេះថា៖«ការកត់សម្គាល់ ការទទួលយករបស់ប្រជាពលរដ្ឋនៃសន្ទស្សន៍អនុវិស័យសាធារណៈនៅមានកម្រិតទាបនៅឡើយ ដូច្នេះហើយ យើងត្រូវការការចូលរួមបន្ថែមទៀតពីពួកគាត់ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងដំណើរផ្លាស់ប្តូរឌីជីថលរបស់យើង»។

នៅក្នុងតំបន់ ប្រទេសដែលទទួលបានកម្រិត A មានដូចជា សិង្ហបុរី ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ កម្រិត B មាន កម្ពុជា វៀតណាម ប៊្រុយណេ និងហ្វីលីពិន និងកម្រិត C មាន ឡាវ និង មីយ៉ាន់ម៉ា ទទួលបាន កម្រិត D។

ដោយសម្លឹងឃើញពីសក្តានុពល និងកាលានុវត្តភាពនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជំរុញធុរកិច្ចឌីជីថល រាជរដ្ឋាភិបាល កំពុងអភិវឌ្ឍវេបផតថលសំខាន់ៗមួយចំនួន ដូចជា គេហទំព័រគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ថ្នាលធុរកិច្ច business.gov.kh ថ្នាលធុរកិច្ចថ្មីកម្ពុជា Startup Cambodia និងគម្រោង Go4eCam។ នេះបើតាម លោក គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិកានៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល៕