នាយករដ្ឋមន្ត្រីអង់គ្លេសលោក រិស្ហិ ស៊ូណាក់ (Rishi Sunak) បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែនដោយមិនមានការប្រកាសជាមុនកាលពីថ្ងៃសៅរ៌ម្សិលមិញ និងជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ស៊ូណាក់ បន្ទាប់ពីលោកបានក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស។

លោក ស៊ូណាក់ ត្រូវបានទទួលស្វាគមន៍ដោយលោក វ្លាឌីមៀ ហ្សេលេនស្គី នៅទីធ្លាកំពុងធ្លាក់ព្រិលនៅខាងក្រៅវិមានប្រធានាធិបតី មុនពេលមេដឹកនាំទាំងពីរចូលទៅក្នុងអង្គុយជជែកគ្នា។ លោក ស៊ូណាក់ បានដើរតាមគន្លងរបស់អតីតនាយករដ្ឋមន្រ្តីអង់គ្លេស ដូចជាលោក Boris Johnson និងលោកស្រី Liz Truss ដែលសុទ្ធតែបានជួបជាមួយលោក ហ្សេនលេនស្គី នៅពេលពួកគេកំពុងកាន់តំណែង។

លោក ស៊ូណាក់ បានបង្ហោះសារគាំទ្រអ៊ុយក្រែនតាមបណ្ដាញសង្គម ដោយបានបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងគាំទ្រប្រទេសអ៊ុយក្រែនគ្រប់វិធីសាស្រ្ដទាំងអស់។ គិតមកដល់ពេលនេះ ចក្រភពអង់គ្លេសបានផ្ដល់ជំនួយផ្នែកយោធាដល់អ៊ុយក្រែនសរុប២៧០០លានដុល្លារ ក្រោយពីមានការឈ្លានពានពីរុស្ស៊ី។

ក្រោយពីបានជួបប្រជុំជាមួយគ្នា លោក ហ្សេលេនស្គី បាននាំលោក ស៊ូណាក់ ដើរទស្សនាអំពីអាវុធរុស្ស៊ី ដែលត្រូវបានកងកម្លាំងអ៊ុយក្រែនបំផ្លាញ នៅក្នុងរដ្ឋធានីគៀវ៕