ក្រុមហ៊ុន អូជីអាយ ភែកឃិជីង (ខេមបូឌា) ឯ.ក ដែលជារោងចក្រផលិតកេសកាតុងទី៣ បានសម្ពោធដាក់ឱ្យដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។រូបភាព៖ហ្វេសប៊ុក Royal Group Phnom Penh SEZ

ក្រុមហ៊ុន អូជីអាយ ភែកឃិជីង (ខេមបូឌា) ឯ.ក (OJI Packaging Cambodia Co,Ltd) ដែលជារោងចក្រផលិតកេសកាតុងទី៣ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសម្ពោធរោងចក្រនេះ កាលពីថ្ងៃទី១៤ វិច្ឆិកា កន្លងទៅ។

លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។រូបភាព៖​ហ្វេសប៊ុក Royal Group Phnom Penh SEZ

លោក ហ៊ុន ម៉ាណែត ថ្លែងថា រោងចក្រផលិតកេសកាតុង ត្រូវបានវិនិយោគដោយក្រុមហ៊ុនជប៉ុន OJI Holding Group ដែលបានជំរុញកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលវេចខ្ចប់ឈានមុខគេនៅក្នុងតំបន់ បន្ទាប់ពីក្រុមហ៊ុនបានដំណើរការអាជីវកម្មនៅកម្ពុជាអស់រយៈពេលជាង ១៨ ឆ្នាំ កន្លងមកនេះ។

លោកថ្លែងដូច្នេះថា៖«សូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដ៏សស្រាក់សស្រាំរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ដែលបានជំរុញឱ្យក្រុមហ៊ុនទទួលបានជោគជ័យ រហូតឈានដល់ការបើករោងចក្រទី៣ ដែលបំពាក់នូវម៉ាស៊ីនផលិតកេសកាតុងស្វ័យប្រវត្តិ ដែលជាម៉ាស៊ីនដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាកំពុងផ្តល់ការគាំទ្រចាំបាច់គ្រប់បែបយ៉ាង ដើម្បីជំរុញឱ្យការវិនិយោគនៅកម្ពុជា កាន់តែមានភាពងាយស្រួល ប្រកបដោយភាពអំណោយផលល្អ និង ជោគជ័យ។ កម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគថ្មី ដើម្បីផ្តល់នូវការលើកទឹកចិត្តជាច្រើនប្រកបដោយភាពជាក់លាក់ បត់បែន និងទាក់ទាញជាងមុន ជាពិសេស ការលើកលែងសារពើពន្ធ និងការការពារដល់វិនិយោគិន។

លោកថ្លែងបន្តថា៖«សូមអរគុណដល់ក្រុមហ៊ុន ដែលបានជ្រើសរើសយកកម្ពុជាជាគោលដៅក្នុងការវិនិយោគរយៈពេលវែង ដែលជាសញ្ញាវិជ្ជមានប្រកបដោយសុទិដ្ឋិនិយម ដែលបង្ហាញអំពីទំនុកចិត្តចំពោះលក្ខណៈអំណោយផលល្អនៃបរិយាកាសវិនិយោគ ក៏ដូចជាចំពោះសក្តានុពលដ៏រឹងមាំនៃវិស័យឧស្សាហកម្មនៅកម្ពុជា»។

រោងចក្រនេះ​ ត្រូវ​បាន​បំពាក់ដោយ​ម៉ាស៊ីនផលិតកេសកាតុងស្វ័យប្រវត្តិដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។រូបភាព៖​ហ្វេសប៊ុក Hun Manet

ក្រុមហ៊ុន Royal Group Phnom Penh SEZ ដែលជាអ្នកវិនិយោគតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានឱ្យដឹងលើគេហទំព័រហ្វេសប៊ុករបស់ខ្លួនថា រោងចក្រផលិតកេសកាតុងថ្មីនេះ សាងសង់នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញគឺជារោងចក្រទី៣ របស់ក្រុមហ៊ុន OJI ត្រូវបានដាក់ដំណើរការជាផ្លូវការ បន្ទាប់ពីក្រុមហ៊ុននេះ បានចាប់ផ្តើមវិនិយោគដំបូងនៅកម្ពុជា កាលពី១៨ឆ្នាំមុន។ រោងចក្រទី១របស់ក្រុមហ៊ុននេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងរាជធានីភ្នំពេញ និងទី២ ស្ថិតនៅក្រុងព្រះសីហនុ។

ក្រុមហ៊ុននេះលើកឡើថា៖«សូមថ្លែងអំណរគុណដល់ការគ្រប់គ្រង និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់រាជរដ្ឋាភិបាលកម្ពុជាប្រកបដោយប្រសិទ្ធភាព ទើបយើងអាចក្លាយជាសាក្សីក្នុងពិធីសម្ពោធដ៏អស្ចារ្យនៅថ្ងៃនេះ ហើយយើងខ្ញុំសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនជាច្រើនឆ្នាំទៅមុខទៀត»។

ចាប់ពីខែមករា ដល់ ខែកញ្ញា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៥០គម្រោង ដែលមានទុនវិនិយោគសរុប ៣,៥០០លានដុល្លារ។

គម្រោងវិនិយោគទាំងនោះ គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារៈធ្វើដំណើរ គម្រោងបង្កើត​រោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ គម្រោងផលិតសម្បកកង់យានយន្ត រោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិត​ផលផ្លាស្ទិក គម្រោងបង្កើតរោងចក្រដំឡើងរថយន្ដ និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត៕