សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។​រូបភាព៖​ដកស្រង់ចេញពីហ្វេសប៊ុក សម្តេសក្រឡាហោម ស ខេង

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សង្ឃឹមថា ក្រុមការងារហិរញ្ញវត្ថុ (FATF) នឹងដកកម្ពុជាចេញពី«បញ្ជីប្រផេះ»ដែលមានហានិភ័យក្នុងការលាងលុយកខ្វក់ ខណៈក្រុម FATF នឹងមកធ្វើអធិការកិច្ចដោយផ្ទាល់នៅកម្ពុជា ដើម្បីពិនិត្យមើលរបាយការណ៍វឌ្ឍនភាពជុំទី១០របស់កម្ពុជា និងការដាក់ចេញទិសដៅការងារបន្ត ដើម្បីត្រៀមលក្ខណៈឱ្យបានល្អ សម្រាប់កម្ពុជានៅខែមករា ឆ្នាំ២០២៣។

ការលើកឡើងរបស់ សម្ដេច ស ខេង ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី៥ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) កាលពីថ្ងៃទី១៧ វិច្ឆិកា។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។​រូបភាព៖​ដកស្រង់ពី​ហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង

សម្តេច ស ខេង ថ្លែងទៀតថា កម្ពុជាបានរៀបចំរបាយការណ៍ជុំទី១០ និងបានដាក់ជូន FATFបានទាន់ពេលវេលា ដោយក្នុងរបាយការណ៍នោះបានរំលេចឱ្យឃើញនូវវឌ្ឍនភាពល្អប្រសើរ ប្រហាក់ប្រហែលនឹងវឌ្ឍនភាពក្នុងរបាយការណ៍ជុំទី៩។

សម្ដេច ស ខេង ថ្លែងដូច្នេះថា៖«ការសម្រេចរបស់ FATF ឱ្យមានការចុះពិនិត្យផ្ទាល់ខាងមុខនេះ ជាឱកាសមាសដ៏កម្រសម្រាប់កម្ពុជា ដើម្បីឈានទៅដកខ្លួនចេញពីបញ្ជីប្រផេះដែលជាគោលដៅចុងក្រោយនៃបេសកកម្មរបស់យើងទាំងអស់គ្នា»។

សម្ដេចបន្តថា ការចុះពីនិត្យនេះ គឺជាដំណាក់កាលចុងក្រោយនៅក្នុងក្របខណ្ឌនៃនីតិវិធីរបស់FATFមុននឹងសម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះ។

សម្ដេចបន្ថែមថា៖«ដោយសារការដកកម្ពុជាចេញពីបញ្ជីប្រផេះ ជាកិច្ចការដ៏មានសារៈសំខាន់ និងជាអាយុជីវិតរបស់ប្រទេសជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកនយោបាយ និងដោយសារការចុះធ្វើអធិការកិច្ចនេះ គឺជាវិញ្ញាសារថ្មី និងស្មុគស្មាញសម្រាប់កម្ពុជា។ ដូច្នេះហើយ! ទើបមានការចាំបាច់ក្នុងការជួបជុំគ្នានៅថ្ងៃនេះ ទាំងក្នុងកម្រិតនយោបាយ ទាំងក្នុងកម្រិតបច្ចេកទេស ដើម្បីរួមគ្នាខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមថ្មីនេះ សំដៅត្រៀមលក្ខណៈបានល្អប្រសើរ សម្រាប់កិច្ចការចុងក្រោយដ៏មានសារៈ​សំខាន់នេះ»។

កម្ពុជាត្រូវបានក្រុមការងារហិរញ្ញវត្ថុ ដាក់ក្នុង«បញ្ជីប្រផេះ»ក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៩។

លោក មាស សុខសេនសាន មន្រ្តីនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​រូបភាព៖ ដកស្រង់ពីហ្វេសប៊ុក Meas Soksensan

លោក មាស សុខសេនសាន មន្រ្តីនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្យល់ថា រឿងបញ្ជីប្រផេះ បញ្ជីខ្មៅ និងបញ្ជីស ជាទូទៅគេសំដៅទៅលើការចលនាសាច់ប្រាក់ និងការប្រតិបត្តិការ ដែលមានន័យថា ការទូទាត់សាច់ប្រាក់ដែលវាស្ថិតនៅក្រោមការត្រួតពិនិត្យមើលរបស់ធនាគារ ជាតិនៃកម្ពុជា ក្នុងការសម្រួលចរាចរសាច់ប្រាក់។

លោកថ្លែងដូច្នេះថា៖«យើងខ្ញុំមិនមានយោបល់អ្វីទេ យើងខ្ញុំគ្រាន់តែនៅក្នុងផ្នែកមួយធ្វើយ៉ាងម៉េចធ្វើឱ្យបញ្ជីនេះត្រូវបានប្តូរពីប្រផេះមកធម្មតាវិញ ដូច្នេះ ជាកាតាលីករតូចមួយនៅក្នុងហ្នឹងក្នុងចំណោមក្រសួងដទៃទៀត អ៊ីចឹង ប្រសិនបើ អាហ្នឹងវាល្អ វាជាមុខមាត់របស់ប្រទេសយើង»។

លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា(TI)។រូបភាព៖​ដកស្រង់ពីហ្វេសប៊ុកផេកTransparancy International Cambodia-TI

លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា(TI) កត់សម្គាល់ថា កម្ពុជាមានគោលការណ៍ច្បាប់ គោលការណ៍គតិយុទ្ធគ្រប់គ្រាន់ និងមានក្រុមការងារបច្ចេកទេសគ្រប់គ្រាន់ដែលរៀបចំឡើងរួចហើយ ក្នុងការប្រយុទ្ធប្រឆំាងទៅនឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេវកម្ម ដែលនេះជាដំណើរវិជ្ជមានមួយដែលកម្ពុជាបានធ្វើក្នុងការឆ្លើយតបទៅនឹងអនុសាសន៍ដែលផ្តល់ជូនដោយក្រុមការងារ FATF។

លោកប្រាប់សារព័ត៌មានខ្មែរណាស់ថា៖«ខ្ញុំគិតថា វាជាការសំខាន់ ហើយក៏ជាការស្វាគមន៍មួយផងដែរ ដោយឃើញ ឧបនាយករដ្ឋមន្រ្តី ស ខេង ជាថ្នាក់ដឹកកំពូលមួយរូបមានការតាំងចិត្តខ្ពស់ក្នុងការកែប្រែកម្ពុជាចេញពីបញ្ជីប្រផេះនេះ ដែលជាជំហានដ៏វិជ្ជមានមួយ»។

លោកបន្តថា ប៉ុន្តែអ្វីដែលកម្ពុជានៅខ្វះខាតគឺការជំរុញបន្ថែម គឺក្នុងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ដោយបច្ចុប្បន្ន ការជំរុញកិច្ចសហការនេះ នៅមិនទាន់បាន​ទូលំទូលាយនោះទេ។

លោកថ្លែងដូច្នេះថា៖«យើងខ្វះនូវកិច្ចសហការជាអន្តរជាតិនិងតំបន់ ព្រោះការលាងលុយច្រើនពាក់ព័ន្ធនឹងបទឧក្រិដ្ឋអន្តរជាតិហើយតំបន់។ អ៊ីចឹង!ការផ្តល់ព័ត៌មាន ការជំរុញតម្លាភាព ការចែងចាយព័ត៌មានទៅនឹងស្ថាប័នជំនាញនៅក្នុងតំបន់ និងអន្តរជាតិ។ អនុសាសន៍ដែលខាង FATF ដាក់ជូនយើងច្រើន ដូច្នេះដើម្បីរើខ្លួនបាន[ចេញពីបញ្ជីប្រផេះ] ទាល់តែស្ថាប័នជំនាញពិនិត្យមើលទៅលើអនុសាសន៍ សូចនាករនីមួយៗដែលដាក់ជូន ហើយយើងឆ្លើយតបឱ្យត្រូវទៅគឺយើងប្រាកដជាអាចរើខ្លួនចេញបានហើយ»។

វិស័យ ធនាគារ ហិរញ្ញវត្ថុ វិស័យសំណង់ អចលនទ្រព្យ និងវិស័យកាស៊ីណូ គឺរងហានិភ័យខ្ពស់នៃអំពើលាងលុយកខ្វក់នៅកម្ពុជា៕