ទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ១00មេហ្គាវ៉ាត់ (MW) បានឈានដល់ដំណាក់កាលដ៏សំខាន់មួយ ជាមួយនឹងរោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ៦0 មេហ្គាវ៉ាត់ ដំបូងរបស់ខ្លួនដែលកំពុងតភ្ជាប់ទៅនឹងបណ្តាញអគ្គិសនីជាតិ។រូបភាព៖ បណ្តាញសង្គម​ហ្វេសប៊ុក​

កម្ពុជាបានដាក់ឱ្យដំណើរការរោងចក្រផលិតផលថាមពលដើរដោយពន្លឺព្រះអាទិត្យថ្មីទំហំ៦០មេហ្គាវ៉ាត់ចូលទៅក្នុងបណ្តាញជាតិ ដែលនេះជាកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលស្ថិរភាពនិងនិរន្តរភាពថាមពលអគ្គិសនីនៅកម្ពុជា។

ធនាគារ អភិវឌ្ឍន៍អាស៊ី កាលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ បានអនុម័តប្រាក់កម្ចី ៧,៦៤ លានដុល្លារ ដើម្បីគាំទ្រគម្រោង​សាង​សង់ឧទ្យានថាមពលពន្លឺព្រះអាទិត្យជាតិ ១០០មេហ្គាវ៉ាត់នៅក្នុងខេត្តកំពង់ឆ្នាំង។

លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា(ស្តាំ) និង លោក Masatsugu Asakawa ប្រធាន ADB(ឆ្វេង) បានចុចប៊ូតុងដើម្បីបញ្ជូនថាមពល កាលពីថ្ងៃទី១១ វិច្ឆិកា។ រូបភាព៖​បណ្តាញសង្គម​ហ្វេសប៊ុក​

ភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអគ្គិសនីកម្ពុជា(EDC) អ្នកផ្គត់ផ្គង់ថាមពលអគ្គិសនីជាតិក្នុងការអភិវឌ្ឍឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ១00មេហ្គាវ៉ាត់ (MW) បានឈានដល់ដំណាក់កាលដ៏សំខាន់មួយ ជាមួយនឹងរោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ៦0 មេហ្គាវ៉ាត់ ដំបូងរបស់ខ្លួនដែលកំពុងតភ្ជាប់ទៅនឹងបណ្តាញអគ្គិសនីជាតិ។

ការសម្ពោធដាក់ឱ្យដំណើរការនេះ ក្រោមអធីបតីភាពលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា និង លោក Masatsugu Asakawa ប្រធាន ADB បានចុចប៊ូតុងដើម្បីបញ្ជូនថាមពល កាលពីថ្ងៃទី១១ វិច្ឆិកា។

លោក Asakawa មានប្រសាសន៍ថា ការផលិតថាមពលពន្លឺព្រះអាទិត្យ ត្រូវតែជាផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រីកលទ្ធភាពទទួលបានថាមពលដែលមានតម្លៃសមរម្យ និងការផ្លាស់ប្តូរទៅកាន់ថាមពលស្អាតជាងមុន។

លោកថ្លែងដូច្នេះថា៖«ADB មានសេចក្តីសោមនស្សរីករាយ ដែលបានគាំទ្រដល់ការបង្កើតឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ ដែលជាគម្រោងដ៏សំខាន់មួយ មិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អាស៊ីអាគ្នេយ៍ទាំងមូល»។

ក្នុងគម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ ការដេញថ្លៃដោយប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ ត្រូវបានរៀបចំឡើង ដើម្បីដាក់ដេញថ្លៃគម្រោងផលិតថាមពលអគ្គិសនីទៅឱ្យវិស័យឯកជនជាពីរដំណាក់កាលគឺ៦០មេហ្គាវ៉ាត់ និង៤០មេហ្គាវ៉ាត់។

ថាមពលដើរដោយពន្លឺព្រះអាទិត្យថ្មីទំហំ៦០មេហ្គាវ៉ាត់ត្រូវ​បាន​តភ្ជាប់​ចូលទៅក្នុងបណ្តាញជាតិ។​រូបភាព៖​បណ្តាញសង្គមហ្វេសប៊ុក

ដំណាក់កាលទី១ នៃការដេញថ្លៃ(សម្រាប់ ៦0 មេហ្គាវ៉ាត់ ដំបូង) ត្រូវបានរៀបចំក្នុងឆ្នាំ២០១៩ និងបានទៅក្រុមហ៊ុន Prime Road Alternative។ ដំណើរការនេះ មានតម្លៃទាបបំផុតក្នុងចំណោមការតភ្ជាប់បណ្តាញថាមពលពន្លឺព្រះអាទិត្យនៅអាស៊ីអាគ្នេយ៍ គឺក្នុងតម្លៃ 0,0៣៩ ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង(kWh)។

ការផលិតថាមពលអគ្គិសនី ៤០ មេហ្គាវ៉ាត់ទៀត ត្រូវបានដេញថ្លៃនៅឆ្នាំ ២០២២ និងបានទៅក្រុមហ៊ុន Trina Solar Co. Ltd។ ដំណើរការនេះ មានតម្លៃលទ្ធកម្មកាន់តែទាបគឺ 0,0២៦ ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង។

លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ចង្អុល​ទៅលើផែនទី​អំពីគម្រោង​អភិវឌ្ឍន៍​ឧទ្យានថាមពលពន្លឺព្រះអាទិត្យ​ជាតិ​។រូបភាព​៖ បណ្តាញ​សង្គម​ហ្វេសប៊ុក

លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ថ្លែងថា ADB គឺជាតួអង្គដំបូងមួយដែលជួយកម្ពុជាបង្កើនលទ្ធភាពប្រើប្រាស់បណ្តាញអគ្គិសនីតាមផ្ទះពី១៧% ក្នុងឆ្នាំ២០០៨ ដល់ជិត៩0% ក្នុងឆ្នាំ២០២១ ហើយក៏បានជួយកាត់បន្ថយថ្លៃអគ្គិសនីទូទាំងប្រទេសដែរ។
លោកថ្លែងដូច្នេះថា៖ «ADB គឺជាដៃគូអភិវឌ្ឍន៍ដំបូងគេរបស់កម្ពុជាដែលផ្តល់មូលនិធិដល់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យទំហំ​១0មេហ្គាវ៉ាត់ នាពេលកន្លងទៅនេះ ហើយឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យថ្មីនេះ ADBស្ថិតនៅជាមួយកម្ពុជាម្តងទៀត ក្នុងការបង្កើនការផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យរបស់ប្រទេសដល់ជាង១0% នៃការផ្គត់ផ្គង់ថាមពលសរុប»។

កម្ពុជាមានអានុភាពដំឡើងថាមពលពន្លឹព្រះអាទិត្យទំហំ៩០មេហ្គាវ៉ាត់នៅឆ្នាំ២០១៩ និង ២៣៦មេហ្គាវ៉ាត់ នៅឆ្នាំ២០២០ ហើយអនុភាពដំឡើងបានកើនដល់ ៣៧៦មេហ្គាវ៉ាត់ ស្មើជាង១២% ក្នុងឆ្នាំ២០២១នៃផ្គត់ផ្គង់ថាមពលសរុប។ នេះបើយោងតាមរបាយការណ៍សង្ខេបប្រចាំឆ្នាំអាជ្ញាធរអគ្គិសនីកម្ពុជា(EAC)។

នៅក្នុងផែនការមេសម្រាប់ការអភិវឌ្ឍថាមពល (២០២១-២០៤០) ដែលកម្ពុជាបានអនុម័តកាលពេលថ្មីៗនេះ ត្រូវបានរំពឹងថា វិភាគទាននៃថាមពលពន្លឺព្រះអាទិត្យនៅក្នុងប្រទេស នឹងកើនឡើងដល់១,000 មេហ្គាវ៉ាត់ នៅឆ្នាំ ២០៣០ និងលើសពី ៣,000 មេហ្គាវ៉ាត់នៅឆ្នាំ ២០៤០៕