កសិដ្ឋាន​ស្ថានីយ៍ថាមពល​សូឡាមួយ​កន្លែង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅលើ​ហ្វេសប៊ុក​ឧញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន Royal Group។រូបភាព៖ ហ្វេសប៊ុក ឧញ៉ា គិត ម៉េង

ក្រុមហ៊ុន Royal Group Power Co., Ltd និង Keppel Energy Pte. Ltd. បានចុះកិច្ចព្រមព្រៀងបឋមចងកាតព្វកិច្ចប្រគល់សិទ្ធិផ្តាច់មុខ ដើម្បីអភិវឌ្ឍគម្រោងរួមទៅលើកាលានុវត្តភាពនៃការផលិតថាមពលកកើតឡើងវិញ និងការបញ្ជូនថាមពលឆ្លងកាត់ព្រំដែនពីកម្ពុជាទៅសិង្ហបុរី។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។

នៅថ្ងៃទី១១វិច្ឆិកា ក្នុងអំឡុងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២២ ក្រុមហ៊ុន Royal Group Power Company Ltd (RGP ) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង ក្រុមហ៊ុន Keppel Energy Pte Ltd (KE) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Keppel Infrastructure Holdings Pte Ltd (KI) បានចុះកិច្ចព្រមព្រៀងបឋមចងកាតព្វកិច្ចប្រគល់សិទ្ធិផ្តាច់មុខ ដើម្បីសិក្សាលទ្ធភាពអភិវឌ្ឍនិងប្រតិបត្តិការរួមគ្នាលើគម្រោងថាមពលកកើតឡើងវិញនៅកម្ពុជា។

ឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Power(ស្តាំ) បានចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុនសិង្ហបុរី Keppel Infrastructure Holdings Pte Ltd។​រូបភាព​៖​ហ្វេសប៊ុក អ្នកឧញ៉ា គិត​ ម៉េង

គម្រោងថាមពលនេះ មានសមត្ថភាពផ្គុំប្រមាណ ២ ៥០០ មេហ្គាវ៉ាត់ ក្នុងគោលបំណងនាំចេញទៅសិង្ហបុរី១ ០០០ មេហ្គាវ៉ាត់ តាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់ក្រោមសមុទ្រ ដែលក្រុមហ៊ុន KE គឺជាអ្នកទទួលទិញ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Power មានប្រសាន៍ថា កិច្ចព្រមព្រៀងផ្តាច់ មុខជាមួយក្រុមហ៊ុន Keppel គឺដើម្បីអភិវឌ្ឍនិងនាំចេញថាមពលរហូតដល់ ១ ០០០ មេហ្គាវ៉ាត់ ពីព្រះរាជាណាចក្រកម្ពុជា ទៅសាធារណរដ្ឋសិង្ហបុរី។

លោកបន្តថា កិច្ចព្រមព្រៀងនេះ ក៏អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបញ្ជូនថាមពលសម្រាប់ដោះស្រាយការនាំចេញថាមពលពីឡាវ គឺតំណាងឲ្យការចាប់ផ្តើមនូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងក្រុមហ៊ុនទាំងពីរ។

លោកឧញ៉ាថ្លែងដូច្នេះថា៖«នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន។ កិច្ចសហប្រតិបត្តិការរវាងធុរកិច្ចនិងធុរកិច្ចរបស់យើង នឹងចូលរួមចំណែកយ៉ាងច្រើនដល់ការអនុវត្តកាន់តែទូលំទូលាយនូវខ្សែបណ្តាញបញ្ជូនថាមពលអាស៊ាន តាមរយៈតំណភ្ជាប់ផ្នែកអគ្គិសនីក្នុងអាស៊ាន ដោយអនុវត្តនូវធាតុផ្សំជាគន្លឹះនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រសួង រ៉ែនិងថាមពល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី ក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២»។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកបណ្ឌិត Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសិង្ហបុរី(ឆ្វេង)។

កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន KI ក្នុងការស្វែរកធនធានថាមពលប្រកបដោយ ចីរភាព និងអាចទុកចិត្តបាន ដែលជួយគាំទ្រដល់ពាណិជ្ជកម្មថាមពលឆ្លងកាត់ព្រំដែនអាស៊ាន ដោយរាប់បញ្ចូលទាំងការនាំចូលថាមពលបៃតងទៅសិង្ហបុរីផងដែរ។

លោកស្រី Cindy Lim ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន KI បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា កិច្ចព្រមព្រៀងនេះ ជាជំហានដ៏សំខាន់ក្នុងការពនឿនការអភិវឌ្ឍធនធានថាមពលកកើតឡើងវិញ ក៏ដូចជា ចាប់យកកាលានុវត្តភាពដែលកើតចេញពីចក្ខុវិស័យខ្សែបណ្តាញបញ្ចេញថាមពលអាស៊ាន នៃពាណិជ្ជកម្មអគ្គិសនី ពហុភាគី លើសពីព្រំដែនអន្តរជាតិ ដោយរាប់បញ្ចូលទាំងការនាំចូលជាសក្តានុពលនូវអគ្គិសនីដែលមានកាបូនទាបទៅកាន់សិង្ហបុរី។

លោកស្រី Cindy Lim ថ្លែងដូច្នេះថា៖«តាមរយៈកិច្ចព្រមព្រៀងនេះ មិនត្រឹមតែអាស៊ាន អាចឆ្លងឆ្ពោះទៅរកថាមពលចម្រុះបៃតងយ៉ាងលឿនប៉ុណ្ណោះទេ គឺថែមទាំងជួយជំរុញភាពធន់នឹងថាមពលសម្រាប់សិង្ហបុរីនិងតំបន់ផងដែរ។ ក្រុមហ៊ុន Keppel Infrastructure មានសេចក្តីសោមនស្សរីករាយក្នុងការពង្រីក ភាពជាដៃគូជាមួយកម្ពុជា និង ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Royal Group Power ដើម្បីផ្តល់ជូនដំណោះស្រាយថាមពល រួមនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលប្រកបដោយ ចីរភាព និងអាចពង្រីកវិសាលភាពបាន ដើម្បីបំពេញតាមកំណើនតម្រូវការក្នុងតំបន់»។

លោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(ស្តាំ/​អង្គុយ) ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងធុរកិច្ច និងធុរកិច្ចនេះ ក៏នឹងរួមចំណែកយ៉ាងធំធេងក្នុងការអនុវត្តចក្ខុវិស័យរបស់បណ្តាញថាមពលអាស៊ានដ៏ទូលំទូលាយតាមរយៈការបង្កើនការតភ្ជាប់អគ្គិសនីក្នុងអាស៊ាន។

លោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា ពិធីចុះហត្ថលេខាថ្ងៃនេះ បានបង្ហាញពីការជឿជាក់កាន់តែខ្លាំងឡើងដែលអ្នកវិនិយោគសិង្ហបុរីមាននៅកម្ពុជាជាដៃគូជាមួយបរិយាកាសធុរកិច្ច និងវិនិយោគប្រកបដោយស្ថិរភាពនិងអំណោយផល ហើយគម្រោងនេះ នឹងជួយពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការផលិត និងនាំចេញថាមពលអគ្គិសនី ខណៈដែលប្រទេសសិង្ហបុរីនឹងទទួលបានអត្ថប្រយោជន៍យ៉ាងមានសក្តានុពលពីការនាំចូលថាមពលបៃតង និងនិរន្តរភាពបន្ថែមទៀតមកកាន់ប្រទេស។

លោកថ្លែងដូច្នេះថា៖«ជាដំបូង ខ្ញុំសូមអបអរសាទរក្រុមហ៊ុនទាំងពីរចំពោះសមិទ្ធផលដ៏ជោគជ័យនេះ។ សមិទ្ធិផលនេះបង្ហាញពីទំនាក់ទំនងកាន់តែល្អ និងជិតស្និទ្ធរវាងកម្ពុជា និងសិង្ហបុរី ដែលធ្វើឲ្យសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់កាន់តែស៊ីជម្រៅបន្ថែមទៀតនៅក្នុងតំបន់របស់យើង»។

ការអភិវឌ្ឍន៍ថាមពលអគ្គិសនីកម្ពុជាក្នុងរយៈពេល៥ឆ្នាំ កើនឡើងប្រមាណ ៦០% ពី២ ៦៥០មេហ្គាវ៉ាត់នៅឆ្នាំ២០១៨ ដល់ ៤ ២៤៦មេហ្គាវ៉ាត់នៅឆ្នាំ២០២២។ នេះបើតាមលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល៕