CamDL គឺជាបណ្តាញប្លុកឆេនចម្រុះ (Hybrid Permissioned Blockchain) ដែលបង្កើតឡើងដើម្បីផ្តល់ជូនសាធារណជននូវថ្នាលមួយសម្រាប់តេស្ត សិក្សាស្វែងយល់ ដកពិសោធន៍ ឬអភិវឌ្ឍកម្មវិធីក្នុងទម្រង់ Web 3.0។រូបភាព៖​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» នឹងដាក់ឱ្យដំណើរការថ្នាលឌីជីថលគន្លឹះ Cambodia Distributed Ledger ហៅកាត់ថា CamDL នៅថ្ងៃទី១៣វិច្ឆិកា ឆ្នាំ ២០២២ នៅក្នុង “វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ” នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២។

ការដាក់ឱ្យដំណើរការថ្នាល CamDL នេះ គឺជាជំហានថ្មីមួយនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាក្នុងការទាញយកសក្តានុពលពីបច្ចេកវិទ្យាថ្មីៗ ដើម្បីជំរុញឱ្យមាននវានុវត្តន៍នៅក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងវិស័យហិរញ្ញវត្ថុ ជារួម។

បណ្តាញប្លុកឆេនចម្រុះ សំដៅដល់បណ្តាញប្លុកឆេនដែលអនុញ្ញាតឱ្យសាធារណជនមានលទ្ធភាពចូលទៅប្រើប្រាស់បានដោយសេរី ប៉ុន្តែលក្ខខណ្ឌតម្រូវដើម្បីចូលប្រើប្រាស់ត្រូវបានកំណត់។រូបភាព៖​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​

គម្រោងនៃការរៀបចំថ្នាលឌីជីថលគន្លឹះនេះ គឺដឹកនាំ និងគ្រប់គ្រងដោយលោក គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងត្រូវបានអភិវឌ្ឍដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី«តេជោ»។

CamDL គឺជាបណ្តាញប្លុកឆេនចម្រុះ (Hybrid Permissioned Blockchain) ដែលបង្កើតឡើងដើម្បីផ្តល់ជូនសាធារណជននូវថ្នាលមួយសម្រាប់តេស្ត សិក្សាស្វែងយល់ ដកពិសោធន៍ ឬអភិវឌ្ឍកម្មវិធីក្នុងទម្រង់ Web 3.0 ឬ កម្មវិធីដែលប្រតិបត្តិការដោយវិមជ្ឈការដែលគ្មានអន្តរការី (Decentralized Application – DApp) និងវិស័យហិរញ្ញវត្ថុវិមជ្ឈការ (Decentralized Finance – DeFi) ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃនៅក្នុងសហគមន៍ និងនៅក្នុងឧស្សាហកម្ម។

ថ្នាលឌីជីថលគន្លឹះនេះ នឹងបំពេញតួនាទីជាប្រព័ន្ធអេកូឡូស៊ីវិស័យហិរញ្ញវត្ថុវិមជ្ឈការដំបូងគេនៅកម្ពុជា និងស្ថិតក្រោមបញ្ញត្តិកម្មរបស់រាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យតួអង្គពាក់ព័ន្ធអាចចូលទៅប្រើប្រាស់ ធ្វើតេស្ត និងសហការគ្នាក្នុងការបង្កើតនវានុវត្តន៍ថ្មីៗដោយប្រើគំរូ «សាកល្បង និងរៀនសូត្រ – Test and Learn»។

សាធារណជន ជាពិសេស អ្នកអភិវឌ្ឍកម្មវិធីអាចធ្វើការពិសោធដោយផ្ទាល់ និងសិក្សាឱ្យបានកាន់តែច្បាស់លាស់ និងស៊ីជម្រៅ ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមា ព្រមទាំងដើម្បីកាត់បន្ថយហានិភ័យឱ្យស្ថិតក្នុងកម្រិតអប្បបរមាពីបច្ចេកវិទ្យាថ្មីៗ តាមរយៈការប្រើប្រាស់ថ្នាលនេះ។

បណ្តាញប្លុកឆេនចម្រុះ សំដៅដល់បណ្តាញប្លុកឆេនដែលអនុញ្ញាតឱ្យសាធារណជនមានលទ្ធភាពចូលទៅប្រើប្រាស់បានដោយសេរី ប៉ុន្តែលក្ខខណ្ឌតម្រូវដើម្បីចូលប្រើប្រាស់ត្រូវបានកំណត់។

ការដាក់ឱ្យដំណើរការថ្នាលឌីជីថលគន្លឹះ CamDL នឹងរួមចំណែកក្នុងការការពារអ្នកប្រើប្រាស់ ជំរុញស្ថិរភាពហិរញ្ញវត្ថុ និងជំរុញឱ្យមានសុចរិតភាពហិរញ្ញវត្ថុ ក៏ដូចជា រួមចំណែកក្នុងការកសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

តួអង្គពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីវិស័យហិរញ្ញវត្ថុវិមជ្ឈការ រួមមាន វិស័យសាធារណៈ វិស័យធនាគារ វិស័យធានារ៉ាប់រង វិស័យមូលបត្រ វិស័យពន្ធដារ គណនេយ្យ និងសវនកម្ម សហគ្រាសទូទៅ ក៏ដូចជា សាធារណជនទូទៅ អាចប្រើប្រាស់ និងទទួលបានសារៈប្រយោជន៍មួយចំនួនពីថ្នាលឌីជីថលគន្លឹះនេះ។

នៅក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ក៏បានចង្អុលបង្ហាញឱ្យមានការគិតគូររៀបចំហេដ្ឋារចនាសម្ព័ន្ធប្លុកឆេនសម្រាប់ផ្ទុកទិន្នន័យ ផងដែរ៕