ប្រទេសកម្ពុជា កម្មវិធីស្បៀងអាហារពិភពលោក [WFP] បានគាំទ្រការផ្តល់អាហារតាមសាលារៀនរបស់រដ្ឋាភិបាលតាំងពីឆ្នាំ ១៩៩៩ មក។​រូបភាព៖​Facebook page United Nation in Cambodia

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអប់អរសាទរ«ទិវាជាតិអាហារូបត្ថម្ភ»ត្រូវប្រារព្វធ្វើឆ្នាំនេះថា ការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ គឺជាកត្តាសំខាន់សម្រាប់ចីរភាពប្រព័ន្ធស្បៀងរបស់រាជរដ្ឋាភិបាល។

ទិវាជាតិអាហារូបត្ថម្ភលើកទី៩ ក្រោមប្រធានបទ«ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ» ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៦ ខែវិច្ឆិកា។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ទិវាជាតិអាហារូបត្ថម្ភប្រារព្ធឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបានទូលំទូលាយនៅទូទាំងប្រទេស។រូបភាព៖​ហ្វេសប៊ុក សម្តេច​ ហ៊ុន សែន

សារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ថែមថា ការលើកកម្ពស់សុវត្ថិភាព ម្ហូបអាហារក៏ជាតម្រូវការចាំបាច់ដើម្បី ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។ ការរីកចម្រើន ផ្នែកសេដ្ឋកិច្ចនិងសង្គម បានធ្វើឱ្យប្រជាជនផ្លាស់ប្តូររបៀបរបបរស់នៅ និងការហូបចុកដោយផ្លាស់ប្តូរពីការហូបដើម្បីឆ្អែតមកហូបដើម្បីសុខភាព។

សម្តេចនាយករដ្ឋមន្រ្តថ្លែងដូច្នេះថា៖« សុវត្ថិភាពម្ហូបអាហារ គឺជាកិច្ចការយើងទាំងអស់គ្នា។ ម្ហូបអាហារមានសុវត្ថិភាព មានសារៈសំខាន់ ខ្លាំងណាស់ចំពោះសុខភាព ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សគ្រប់រូប»។

ទិវាជាតិអាហារូបត្ថម្ភប្រារព្ធឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបានទូលំទូលាយនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ មូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។

លោក សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម។រូបភាព៖បណ្តាញសង្គម​ហ្វេសប៊ុក​

លោក សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម ថ្លែងអបអរទិវាជាតិអាហារូបត្ថម្ភលើកទី៩ថា៖«ដោយវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យតម្រូវឱ្យមានកិច្ចសហការល្អ ការសម្របសម្រួល ការចូលរួម និងផ្តោតការយកចិត្តទុកដាក់ទៅលើការអន្តរាគមន៍និងការវិនិយោគនៅក្នុងវិស័យកសិកម្ម ម្ហូបអាហារ សុខាភិបាល អប់រំ ការងារ អភិវឌ្ឍន៍ជនបទ ការគ្រប់គ្រងធនធានទឹក ទឹកស្អាតនិងអនាម័យ គាំពារសង្គមនិងវិស័យពាក់ព័ន្ធផ្សេងៗទៀត»។

សាលិខិតរបស់សម្តេចហ៊ុន សែន បន្តថា ដោយផ្អែកតាមលទ្ធផលរកឃើញនៃអង្កេតប្រជាសាស្ត្រនិងសុខភាព កម្ពុជា ឆ្នាំ ២០២១-២០២២ បានបង្ហាញថា អត្រាក្រិសក្រិនរបស់កុមារអាយុក្រោម ៥ឆ្នាំ បានធ្លាក់ចុះពី ៣២% មកត្រឹម ២២% ហើយ អត្រាមិនគ្រប់ទម្ងន់របស់កុមារអាយុក្រោម ៥ឆ្នាំ បានធ្លាក់ចុះពី ២៤% មក ត្រឹម ១៦%។ ប៉ុន្តែ អត្រាស្គមស្គាំង កុមារអាយុក្រោម ៥ឆ្នាំ ហាក់នៅដដែលគឺ ៩,៨% ចាប់ពីឆ្នាំ២០១៤ ដល់ ឆ្នាំ២០២១៕