លោក​វេជ្ជបណ្ឌិត លី ចេ​ង​ហ៊ុយ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​មិន​ស្រួលខ្លួន ឬ​ឈឺ បងប្អូន​ខ្មែរ​មួយ​ចំនួន​កម្រ​ទៅ​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​សុខភាព នៅ​តាម​មន្ទីរពេទ្យ​ជំនាញ​ណាស់ គឺ​បងប្អូន​យើង​សុទ្ធចិត្ត​ទៅ​ទិញ​ថ្នាំ​នៅ​កន្លែង​លក់​ថ្នាំពេទ្យ​ដោយ​ខ្លួនឯង ឬ​សុំ​អ្នកលក់​ថ្នាំ​ជួយ​ផ្សំ​ថ្នាំពេទ្យ​ឱ្យ​។

ជា​ពិសេស​សម័យកាល​បច្ចុប្បន្ន​នេះ​ទៀត​សោត ការ​ផ្សព្វផ្សាយ​លក់​នូវ​ផលិតផល​គ្រឿងសម្អាង និង​អាហារ​បំប៉ន​មួយ​ចំនួន​លើ​អន​ឡាញ ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​ភាព​ទូលំទូលាយ​បើកចំហរ ទាំង​អ្នកលក់​ផលិតផល​មានការ​ទទួលស្គាល់​ពី​ក្រសួង​មាន​សមត្ថកិច្ច និង​ខ្លះ​ទៀត​ជា​ការ​លក់​អន​ឡាញ​នូវ​គ្រឿង​អាហារ​បំប៉ន​ដែល​មិន​បាន​ចុះបញ្ជី​ការ និង​ការ​ទទួលស្គាល់​ពី​ក្រសួង​ពាក់ព័ន្ធ​ក៏​មាន ដែល​ប្រការ​នេះ គឺ​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​អ្នក​ប្រើប្រាស់​។

លោក​វេជ្ជបណ្ឌិត លី ចេ​ង​ហ៊ុយ

លោក​វេជ្ជបណ្ឌិត លី ចេ​ង​ហ៊ុយ បាន​ចែកចាយ​នូវ​គន្លឹះ​សុខភាព​មួយ​ចំនួន​ដល់​មហាជន ដោយ​លោក​វេជ្ជបណ្ឌិត​មើលឃើញ​ថា បងប្អូន​ខ្មែរ​យើង​មួយ​ចំនួន​ដែល​បាន​ប្រើប្រាស់​ថ្នាំ ឬ​ផលិតផល គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ប្រឈម​មុខ​ធ្ងន់ធ្ងរ​ដល់​សុខភាព​។ «​នៅ​ក្នុង​សង្គម​ខ្មែរ​យើង​សព្វថ្ងៃ យើង​សម្លឹង​មើលឃើញ​ពី​ការ​ប្រើ​ថ្នាំ និង​ផលិតផល​ផ្តេសផ្តាស់ ដូច​ជា​កូ​ស្មេ​ទិ​ក អាហារ​បំប៉ន​ជាដើម ដោយ​គ្មាន​វេជ្ជ​បញ្ញា និង​ត្រឹមត្រូវ​តាម​វិទ្យាសាស្ត្រ ដែល​បង្ក​ផល​ប៉ះពាល់​ឱ្យ​ខូចសុខភាព ជា​ពិសេស​ខូច​ថ្លើម ខូច​តម្រងនោម​ជាដើម​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត លី ចេ​ង​ហ៊ុយ ដែល​គេ​ស្គាល់​ថា នាយក​គ្រប់គ្រង​គេហទំព័រ​សុខភាព​កម្ពុជា ដែល​លោក​វេជ្ជបណ្ឌិត​បាន​ចែករំលែក​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​លោក​នា​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២២​នេះ​។

ជាមួយ​គ្នា​នោះ លោក​វេជ្ជបណ្ឌិត លី ចេ​ង​ហ៊ុយ បាន​បញ្ជាក់​ថា រោគ​សញ្ញា​១០​យ៉ាង នៃ​ជំងឺ​ខ្សោយតម្រង​នោម គឺ​រួម​មាន ៖ ១/ ហើមជើង ប្រអប់ និង​ក​.​ជើង ២/ រត់​នោម​ញឹកញាប់ ៣/ ទឹកនោម​ឡើង​ពពុះ ៤/ ឈឺទ្រូង ៥/ ស្បែក​ឡើង​ស្ងួត ៦/ អស់កម្លាំង រាង​កាយ​ចុះ​ខ្សោយ ៧/ រមួល​សាច់ដុំ និង​រមួល​ក្រពើ ៨/ ដេក​មិន​លក់ ៩/ បាត់បង់​ចំណង់​អាហារ និង​១០/ ចេះ​តែ​ចង់​ក្អួតចង្អោរ​ជាដើម​៕