លោក សុភាព ខិតកែច្នៃប្រេងល្ង និងប្រេងសណ្តែកដី ដើម្បីឱ្យពលរដ្ឋប្រើប្រាស់ទៅទទួលបានសុខភាពល្អ។រូបភាព៖ ហ្វេសប៊ុក សិប្បកម្មខេអេច -Healthy Kh Oil Handicraft

សិប្បកម្មខេអេច ត្រូវបានដំណើរការអាជីវកម្មក្នុងឆ្នាំ២០២០ ក្នុងគោលបំណងកែច្នៃប្រេងពីផលិតផលកសិកម្ម ដែលគិតគូរដល់សុខភាពអ្នកប្រើប្រាស់ជាចម្បង និងជួយផ្តល់ទីផ្សារដល់កសិករ។

រាល់ផលិតផលកសិកម្មសិប្បកម្មខេអេច បានប្រមូលទិញពីសហគមន៍កសិកម្មមួយ ស្ថិតនៅក្នុងខេត្តបាត់ដំបង។

ផលិតផលរបស់សិប្បកម្មខេអេចកំពុងដាក់លក់នៅតាមម៉ាត នៅខេត្តសៀមរាប និងខេត្តបាត់ដំបង។ រូបភាព៖ ហ្វេសប៊ុក សិប្បកម្មខេអេច- Healthy KH Oil Handicraft

លោក ហ៊ួ សុភាព ម្ចាស់សិប្បកម្មខេអេច បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី៤ តុលានេះថា សិប្បកម្មរបស់លោកផ្តោតសំខាន់កែច្នៃប្រេងធម្មជាតិ កៀបចេញពីគ្រាប់ធុញ្ញជាតិ ដែលមានអត្ថប្រយោជន៍ដល់សុខភាព មានដូចជា ប្រេងល្ង ប្រេងសណ្តែកដី ប្រេងដូង ប្រេងម្រេច និងប្រេងម្ទេស។

លោកថ្លែងដូច្នេះថា៖«យើងមើលនៅស្រុកខ្មែរ ជាពិសេសនៅខេត្តបាត់ដំបង សម្បូរទៅដោយល្ង ហើយកន្លងមក មានប្រេងល្ងលក់នៅស្រុកខ្មែរដែរ ប៉ុន្តែភាគច្រើននាំយកពីចិន និងប្រទេសគេទេ។ ដូច្នេះ!ខ្ញុំគិតថា ហេតុអ្វីយើងមិនអាចធ្វើបាន។ ប្រសិនជាល្ងអាចចម្រាញ់ចេញជាប្រេងបាន ហេតុអ្វីយើងមិនអាចធ្វើបាន»។

លោកបានបន្តថា មូលហេតុដែលលោកមានជំនាញ និងបើកអាជីវកម្មកែច្នៃប្រេងនេះ ដោយសារលោកបានចូលរួមវគ្គបណ្តុះបណ្តាល ជាមួយអង្គការ GIZ ពីរបៀបកែច្នៃប្រេងចេញពីគ្រាប់ធុញ្ញជាតិ ហើយបន្ទាប់មកក៏បានយកមកអនុវត្តដោយខ្លួនឯង។

លោកថ្លែងដូច្នេះថា៖«ខ្ញុំសាកល្បងកៀបប្រេងល្ងមុនគេ ដោយសារកន្លងមកយើងសង្កេតឃើញថា ល្ងត្រូវបានគេយកទៅកែច្នៃ ធ្វើជានំផ្សេងៗទេ។ ប៉ុន្តែប្រសិនជាល្ងហ្នឹងអាចយកទៅកែច្នៃជាផលិតផលមួយទៀត ដែលជាផលិតផលក្នុងស្រុកដែរ វារឹតតែជួយផ្តល់អត្ថប្រយោជន៍កាន់តែច្រើន ទៅដល់កសិករដែលគាត់បានដាំល្ង ហើយគាត់នឹងមើលឃើញថា ល្ងរបស់គាត់នឹងមានទីផ្សារបន្ថែម»។

ប្រេងល្ងខ្មៅមានអត្ថប្រយោជន៍ច្រើន សម្រាប់សុខភាព ដោយអាចប្រើជំនួសប្រេងឆាធម្មតាបាន។ រូបភាព៖ ហ្វេសប៊ុក សិប្បកម្មខេអេច- Healthy KH Oil Handicraft

លោកបន្ថែមថា រាល់ផលិតផលប្រេងល្ង និងប្រេងសណ្តែកដី ដែលលោកបានកែច្នៃ ជាប្រភេទប្រេងមួយដែលសុទ្ធ គ្មានបន្ថែមសារធាតុរក្សាទុកឱ្យបានយូរ សារធាតុពណ៌ និងសារធាតុគីមីផ្សេងៗទៀតនោះទេ ហើយអថិតិជនអាចយកទៅប្រើប្រាស់ផ្សេងៗ ដូចជា បរិភោគសម្រាប់បំប៉នសុខភាព និងធ្វើម្ហូប ដូចជាប្រឡាក់សាច់ ឆា ចៀន ដោយអាចប្រើជំនួសប្រេងឆាបាន។

លោកមានប្រសាសន៍ដូច្នេះថា៖«ប្រសិនជាយើងប្រើប្រេងទាំងអស់នេះជាមួយរបបអាហាររបស់យើង វាមានប្រយោជន៍ ច្រើនជាងសុខភាព ជាពិសេសសារធាតុចិញ្ចឹមនៅក្នុងប្រេងទាំងអស់នេះ វាជាសារធាតុដែលល្អសម្រាប់សុខភាពជាជាងយើងប្រើខ្លាញ់ជ្រូក ឬសារធាតុផ្សេងៗ ដែលវាប៉ះពាល់ដល់សុខភាព។ ការហូបល្ង ឬប្រេងល្ងជួយដល់សន្លាក់ និងទប់ស្កាត់នៃការលើសឈាម»។

លោក សុភាព បានឱ្យដឹងថា បច្ចុប្បន្នសិប្បកម្មមានសមត្ថភាពផលិតប្រេងចំនួន២០ ទៅ៣០លីត្រក្នុងមួយថ្ងៃ ហើយកំពុងដាក់លក់តាមម៉ាតនៅខេត្តសៀមរាប បាត់ដំបង និងលក់ទៅឱ្យមិត្តភក្តិមួយចំនួន ដែលបានយល់ដឹងពីអត្ថប្រយោជន៍របស់ប្រេងល្ង និងសណ្តែកដី។ លោកមានបំណងពង្រីកអាជីវកម្មកែច្នៃនេះឱ្យកាន់តែធំឡើង ដើម្បីជួយផ្សព្វផ្សាយពីអត្ថប្រយោជន៍ប្រេងនេះ ទៅកាន់ប្រជាពលរដ្ឋឱ្យកាន់តែធំទូលំទូលាយ។

សណ្តែកដី ដែលយកមកកែច្នៃជាប្រេងត្រូវបានប្រមូលទិញពីកសិករនៅខេត្តបាត់ដំបង។ ហ្វេសប៊ុក សិប្បកម្មខេអេច- Healthy KH Oil Handicraft

លោកថ្លែងដូច្នេះថា៖«ទោះបីជាទីផ្សារមិនទាន់ទូលំទូលាយ ប៉ុន្តែខ្ញុំនឹងបង្កើនការយល់ដឹង ដើម្បីឱ្យប្រជាពលរដ្ឋយល់ ហើយទទួលបានព័ត៌មានជាក់លាក់អំពីអត្ថប្រយោជន៍នៃប្រេងល្ងនេះ ក្នុងរបបអាហារប្រចាំថ្ងៃ»។

លោកថា ល្ងជាប្រភេទ គ្រាប់ធុញ្ញជាតិ ត្រូវការការគ្រប់គ្រងឱ្យបានល្អ ព្រោះបើមិនបានគ្រប់គ្រងបានល្អនោះទេ វានឹងធ្វើឱ្យ មានដង្កូវ និងដុះផ្សិត ដូច្នេះត្រូវការទីតាំងដែលស្អាតសម្រាប់ស្តុកទុក និងបន្ទប់ដែលមានសីតុណ្ណភាពល្មម ដើម្បីឱ្យវាមានកម្តៅ។

លោកថា៖«ការកែច្នៃមួយទៀត ត្រូវសម្អាតល្ងហ្នឹងឱ្យអស់កម្ទេច និងសារធាតុផ្សេងៗ ដើម្បីចៀសវាងការមានស្មៅ និងកំទេចផ្សេងៗ ដែលអាចធ្វើឱ្យប៉ះពាល់ដល់គុណភាពប្រេង ដូច្នេះត្រូវប្រយ័ត្នប្រយែងណាស់ក្នុងការសម្អាត»។

បច្ចុប្បន្នសិប្បកម្មខេអេច បានចុះបញ្ជីអាជីវកម្ម ទទួលបានបារកូត និងគ្រោងចុះបញ្ជីផលិតផល ហើយនៅថ្ងៃអនាគត លោកគ្រោងពង្រីកការផលិត និងនាំចេញទៅក្រៅប្រទេស៕

សិប្បកម្មខេអេច កំពុងផ្តល់តម្លៃបន្ថែមទៅលើផលិតផលកសិកម្ម និងផ្តល់ទីផ្សារជូនកសិករ។ ហ្វេសប៊ុក សិប្បកម្មខេអេច- Healthy KH Oil Handicraft