គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានក្លាយជាសមាជិកដំបូងបង្អស់ពីវិស័យឯកជន។រូបភាព៖​ ម.ធ.

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”(ម.ធ.) បានអបអរស្វាគមន៍គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK Microfinance Institution PLC) ជាសមាជិកដំបូងបង្អស់នៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ពីវិស័យឯកជនក្នុងការប្រើប្រាស់សេវាសម្គាល់អត្តសញ្ញាណអតិថិជន ឌីជីថល (CamDigiKey) ក្នុងទម្រង់ជាការផ្ទៀងផ្ទាត់ទិន្នន័យ (Open APIs for Verification) ដែលមានលើថ្នាល CamDX។

CamDigiKey ផ្តោតជាសំខាន់លើភាពងាយស្រួល និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និង ជួយកាត់បន្ថយពេលវេលាត្រួតពិនិត្យអត្តសញ្ញាណអតិថិជនទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។

លោកបណ្ឌិត​​ តាំង ងួនលី នាយកប្រតិបត្តិ ម.ធ.។រូបភាព៖​FN

លោក​ តាំង ងួនលី បន្តទៀតថា៖« ក្រៅពី អេ អឹម ខេ នៅមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ  និងក្រុមហ៊ុនធានារ៉ាប់រងប្រមាណ១០ទៀត កំពុងសិក្សាការងារបច្ចេកទេស ដាក់ពាក្យ និងបំពេញលក្ខខណ្ឌដើម្បីអាចក្លាយជាសមាជិក CamDX ក្នុងការប្រើប្រាស់ CamDigiKey»។

លោក​ តាំង ងួនលី នាយកប្រតិបត្តិ ម.ធ. បានលើកឡើងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានក្លាយជាសមាជិកដំបូងបង្អស់ពីវិស័យឯកជន បន្ទាប់ពីបានដាក់ពាក្យស្នើសុំ ចូលជាសមាជិក និងបានចុះកិច្ចសន្យាដើម្បីប្រើប្រាស់សេវា CamDigiKey ។

លោក​បន្ថែម​ទៀតថា វិស័យឯកជន ដែលបានស្នើសុំប្រើប្រាស់ CamDigiKey ទោះក្នុងទម្រង់ជាដំណោះស្រាយ e-KYC ពេញលេញ (Full Solution) ឬក្នុងទម្រង់ជាការផ្ទៀងផ្ទាត់ទិន្នន័យ (Open APIs for Verification) បានសបញ្ជាក់ពី បច្ច័យវិជ្ជមានដែលវិស័យឯកជនមានទំនុកចិត្តខ្ពស់ និងចូលរួមប្រើប្រាស់ថ្នាលគ្រឹះឌីជីថលរបស់រាជរដ្ឋាភិបាលដែលជាឃ្នាស់សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ។

CamDigiKey ក៏​ត្រូវបានបង្កើតឡើងដើម្បីកំណត់អត្តសញ្ញាណអតិថិជនឌីជីថលដែលមាននៅលើថ្នាល CamDX និងបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន និងបានអភិវឌ្ឍមុខងារបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់ដល់វិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធុរកិច្ច និងធនាគារ។

តាមរយៈការប្រើប្រាស់ CamDigiKey គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង  និងវិស័យឯកជនផ្សេងទៀតនឹងកាត់បន្ថយពេលវេលាផ្ទៀងផ្ទាត់ អត្តសញ្ញាណអតិថិជន និងធានាបាននូវការជឿទុកចិត្តលើទិន្នន័យអត្តសញ្ញាណដែលត្រូវបានផ្ទៀងផ្ទាត់ ជាមួយទិន្នន័យរបស់រាជរដ្ឋាភិបាល។

វិស័យឯកជនដែលមានបំណងដាក់ពាក្យចូលជាសមាជិកថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជាអាច ទាញយកវិធាន និងនីតិវិធីនៃការចូលជាសមាជិកថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជាតាមរយៈគេហទំព័រ www.camdx.gov.kh ឬ អាចទំនាក់ទំនងបានតាមរយៈអ៊ុម៉ែល [email protected]

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការប្រើប្រាស់ CamDigiKey អាចស្វែងរកបាននៅលើគេហទំព័រ www.camdigikey.gov.kh៕