ក្រុមស្រាវជ្រាវនៃរដ្ឋបាលជលផលរបស់រដ្ឋាភិបាល និងអង្គការ WWF បានថតរូបកូនផ្សោតទន្លេមេគង្គមួយក្បាលទៀតកាលពីថ្ងៃទី២តុលា។​រូបភាព៖ ហ្វេសប៊ុក​ អង្គារ WWF

ក្រុមស្រាវជ្រាវនៃរដ្ឋបាលជលផលរបស់រដ្ឋាភិបាល និងអង្គការ WWF បានថតរូបកូនផ្សោតទន្លេមេគង្គមួយក្បាលទៀតកាលពីថ្ងៃទី២តុលា ដែលវាជាកូនទីប្រាំមួយដែលត្រូវបានកត់ត្រានៅឆ្នាំ២០២២។

អង្គការ WWF បានឱ្យដឹងថា កូនផ្សោតថ្មីមួយក្បាលនេះមានអាយុប្រហែល២សប្តាហ៍ ត្រូវបានប្រទះឃើញហែលជាមួយសត្វផ្សោតពេញវ័យចំនួន៤ក្បាលផ្សេងទៀត ខណៈក្រុមការងារកំពុងចុះសិក្សាស្រាវជ្រាវអំពីចំនួនសត្វផ្សោតក្នុងតំបន់ទីជម្រកស្ថិតនៅចម្ងាយប្រហែល៣គីឡូម៉ែត្រពីអង្លង់កាំពីនៃខ្សែទឹកខាងលើក្នុងស្រុកសំបូរ ខេត្តក្រចេះ។

សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ដែលនេះជាចំណាត់ថ្នាក់នៃប្រភេទគំរាមកំហែងខ្ពស់បំផុតជាសកលសម្រាប់ប្រភេទសត្វជិតផុតពូជ។

សត្វផ្សោតទន្លេមេគង្គ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន៨៩ក្បាលក្នុងឆ្នាំ២០២០ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា។
រដ្ឋបាលជលផល និងអង្គការ WWF សហការជាមួយអាជ្ញាធរមូលដ្ឋានកាន់តែខ្លាំងក្លាជាងមុនក្នុងការការពារតំបន់ដែលជាទីជម្រកសត្វផ្សោត និងបន្តពង្រឹងការអនុវត្តច្បាប់ជលផល និងវិធានការអភិរក្សសត្វផ្សោតនៅទូទាំងទីជម្រកសត្វផ្សោតទាំងមូលតាមដងទន្លេមេគង្គចាប់ពីខេត្តក្រចេះ រហូតដល់ខេត្តស្ទឹងត្រែង។

សកម្មភាពទាំងនេះនឹងធ្វើឡើងតាមរយៈការល្បាតជាប្រចាំរបស់ឆ្មាំទន្លេ និងការចូលរួមរបស់សហគមន៍នេសាទក្នុងកម្មវិធីអភិវឌ្ឍជីវភាពមូលដ្ឋាន និងចូលរួមក្នុងការអភិរក្សសត្វផ្សោត និងពពួកត្រីមេពូជដោយបញ្ឈប់អោយបាននូវការនេសាទខុសច្បាប់ ជាពិសេសបញ្ឍប់ការប្រើប្រាស់មងនេសាទ ឧបករណ៍ឆក់ និងឧបករណ៍ផ្សេងៗទៀតដែលហាមប្រាមដោយច្បាប់៕