សហគមន៍រាំងក្វាវ ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាតំបន់ដែលពោពេញទៅដោយទេសភាពយ៉ាងស្រស់ស្អាត ព្រៃឈើក្រាស់ស្តុក មានទឹកធ្លាក់ថ្លាឈ្វេងហូរកាត់ផ្ទាំងថ្ម កាត់តាមដងអូរ ឬសឈើ និងមានម្លប់ឈើត្រឈឹងត្រឈៃ។ រូបភាព៖ក្រសួងបរិស្ថាន/ DanCherng Adventure/ដានជើង

ក្រសួងបរិស្ថាន និង ដៃគូបានធ្វើការផ្សព្វផ្សាយអំពីប្រកាសស្តីពីការដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច ដែលមានទំហំផ្ទៃដីក្រោម១០ហិកតា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ។

វេទិកានេះ រៀបចំឡើងនាព្រឹកថ្ងៃទី៣តុលា ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីប្រកាសឱ្យបានទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ដែលទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន ឱ្យអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្ស ជីវៈចម្រុះ អាចបន្តនីតិវិធីតាមគោលការណ៍ណែនាំ។

ក្រសួងបរិស្ថាន និង ដៃគូបានធ្វើការផ្សព្វផ្សាយអំពីប្រកាសស្តីពីការដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច កាលពី​ថ្ងៃទី​៣ កញ្ញា​។រូបភាព៖​ក្រសួង​បរិស្ថាន

លោក រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ទេសចរណ៍ត្រូវបានចាត់ទុកជា មាសបៃតង ដោយសារតែតួនាទីរបស់វិស័យនេះ ចូលរួមនៅក្នុងកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ ការរកប្រាក់ចំណូល ការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រ ការអភិរក្ស បេតិកភណ្ឌធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុពិភពលោក។

លោកថ្លែងទៀតថា អេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌ បានរីកចម្រើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ និងបានរួមចំណែកជាង១០ភាគរយ នៅក្នុងផលិតផលក្នុងស្រុកសរុប (ផ.ស.ស)ប្រចាំឆ្នាំ។ នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍​(២០១២-២០២០) បានកំណត់គោលដៅទុកជាមុនថា នៅឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជា នឹងកើនឡើងដល់៧លាននាក់ ហើយនឹងបង្កើនចំណូលបានជាង៥,ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយបង្កើតការងារបានប្រហែល១លានកន្លែង ។

លោកថ្លែងដូច្នេះថា៖«ការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាពិសេសគោលការណ៍ណែនាំបច្ចេកទេស គឺជាសេចក្តីត្រូវការចាំបាច់ ក្នុងការតម្រង់ទិស និងចង្អុលបង្ហាញអំពីដំណើរការបំពេញបែបបទនីតិវិធី ការរៀបចំ និងអនុវត្តគម្រោង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការប្រើប្រាស់ដី ការត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីធានាបាននូវការរៀបចំផលិតផល និងសេវាទេសចរណ៍ធម្មជាតិប្រកបដោយទទួលខុសត្រូវ ដោយមាននិរន្តរភាព និងធានាបាននូវតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស»។

លោកស្រី Salimata D. Follea តំណាងធនាគារពិភពលោក។រូបភាព៖​ក្រសួង​បរិស្ថាន

លោកស្រី Salimata D. Follea តំណាងធនាគារពិភពលោក បានឱ្យដឹងថា គម្រោងនិរន្តភាពតំបន់ទេសភាពទេសចរណ៍ធម្មជាតិកម្ពុជាឬហៅកាត់ CSLEP ដែលបានអនុវត្តគម្រោងមួយនេះ គឺក្នុងគោលបំណងលើកកម្ពស់គ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា ក៏ដូចជា លើកកម្ពស់ជីវភាពប្រជាសហគមន៍តាមរយៈខ្សែសង្វាក់នៅតាមតំបន់បឹងនៅទន្លេសាប ។

លោកថ្លែងដូច្នេះថា៖«គម្រោងនេះមានសមាសភាពចំនួន៣ គឺទី១រៀបចំគម្រោងក្នុងការគ្រប់គ្រង ទី២ការរៀបចំឱកាសក្នុងការអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្ម និងទី៣ការផ្សារភ្ជាប់ទីផ្សារ»។

កម្ពុជាបានបង្កើតតំបន់ការពារធម្មជាតិចំនួន ៧៣ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិចំនួន៣ ដូចជារបៀងអភិរក្សជីវៈចម្រុះឦសាន របៀងអភិរក្សជីវៈចម្រុះឧត្តរ និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ សរុបផ្ទៃដីមានប្រមាណជា ៧,២លានហិកតា ស្មើនឹង៤១% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។

ក្រសួងបរិស្ថានបានកំណត់តំបន់អេកូទេសចរណ៍អាទិភាពថ្នាក់ជាតិចំនួនប្រាំមួយ ដោយជ្រើសរើសចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដើម្បីជាមូលដ្ឋានក្នុងការជំរុញការអភិវឌ្ឍសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ក្នុងតំបន់ ពិសេសការចូលរួមរបស់ភាគីពាក់ព័ន្ធ ទាំងផ្នែកសាធារណៈ ផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍។

តំបន់ទាំងនោះ រួមមាន ១.តំបន់អេកូទេសចរណ៍នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ២.តំបន់អេកូទេសចរណ៍ទេសភាពជួរភ្នំក្រវាញ ៣.តំបន់អេកូទេសចរណ៍ឆ្នេរ ៤.តំបន់អេកូទេសចរណ៍ឋាបនីយជីវៈមណ្ឌលបឹងទន្លេសាប ៥.តំបន់អេកូទេសចរណ៍ព្រៃឡង់ ៦.តំបន់អេកូទេសចរណ៍ភូមិភាគឥសាន្ត៕