បុគ្គលិកកែច្នៃស្វាយចន្ទីមួយកន្លែងនៅស្ទឹងត្រែង។ រូបភាព៖ សឹម សល់ម៉ា

ការអភិវឌ្ឍឧស្សាហកម្មកសិ-ចំណីអាហារកម្ពុជា នៅមានបញ្ហាប្រឈមចំនួន៥ ដូចជា គ្រឿងបរិក្ខារកែច្នៃនៅមានកម្រិត លទ្ធភាពទទួលបានបច្ចេកវិទ្យាគ្រឿងចក្រ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនិរន្តរភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើមនៅមានកម្រិត ការយល់ដឹងជាសាធារណៈអំពីស្តង់ដារសុវត្ថិភាពចំណីអាហារ និងបញ្ហាទាក់ទងនឹងភូតគាមអនាម័យ (SPS)នៅមានកម្រិត។ នេះគឺជាការលើកឡើង របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងវេទិកាអន្តរជាតិស្តីពី សុវត្ថិភាពចំណីអាហារ នៅស្នាក់ការកណ្តាលរបស់អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) នៅទីក្រុងវីយេន ប្រទេសអូទ្រីស នៅថ្ងៃទី៣ តុលា។

លោក វេង សាខុន បានលើកឡើងបន្តថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ កម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ដោយបានលើកទឹកចិត្តជាខ្លាំងដល់ការវិនិយោគក្នុងវិស័យកសិកម្ម ទាំងការដាំដុះ ការចិញ្ចឹមសត្វ ត្រី ការកែច្នៃ ការវេចខ្ចប់ក្រោយប្រមូលផល ដោយប្រកាន់យកការលើកកម្ពស់ខ្សែច្រវាក់តម្លៃពេញលេញជាខ្លាំងក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការជំរុញការធ្វើទំនើបកម្មកសិកម្ម ជាមួយនឹងសុវត្ថិភាពចំណីអាហារ និងស្តង់ដារនាំចេញអន្តរជាតិជាអាទិភាព។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមក្នុងវេទិកាអន្តរជាតិស្តីពី សុវត្ថិភាពចំណីអាហារ នៅស្នាក់ការកណ្តាលរបស់អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ។ រូបភាព៖ ហ្វេសប៊ុក Sakhon Veng

លោកថ្លែងដូច្នេះថា៖«សុវត្ថិភាពចំណីអាហារ គឺជាកង្វល់ដ៏សំខាន់ និងជាទិដ្ឋភាពប្រឈមសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា។ ផ្ទុយទៅវិញ ដោយមានជំនួយពីបច្ចេកវិទ្យាក្នុងយុគសម័យឌីជីថលនេះ កម្ពុជាកំពុងធ្វើការកែលម្អជាបន្តបន្ទាប់លើបញ្ហានេះ ដូចជាការផ្លាស់ប្តូរព័ត៌មាន និងទិន្នន័យអាហារកំពុងត្រូវបានចែករំលែកដោយប្រើបច្ចេកវិទ្យា block chain ជាមួយនឹង QR code និង E-Phytosanitary certificate ក៏ត្រូវបានកំពុងរៀបចំឡើង»។

លើសពីនេះ លោកបន្ថែមថា កម្មវិធីទូរសព្ទដែលរំលេចផលប៉ះពាល់ និងការណែនាំអំពីការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតប្រកបដោយសុវត្ថិភាព ក៏ត្រូវបានដាក់ឱ្យដំណើរការ ហើយប្រព័ន្ធត្រួតពិនិត្យ និងតាមដានតាមប្រព័ន្ធឌីជីថលនៅក្នុងផលិតផលជលផលក៏ត្រូវបានបង្កើតឡើង និងអនុវត្តដែរ។ លោកបានបញ្ជាក់ថា ឧស្សាហកម្មកសិ-ចំណីអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច ហើយក៏ជាស្ពានតភ្ជាប់ដ៏សំខាន់រវាងកសិករ អ្នកផលិត និងអ្នកប្រើប្រាស់ចុងក្រោយផងដែរ។

រូបភាព៖ ហ្វេសប៊ុក Sakhon Veng

លោក Gerd Muller អគ្គលេខាធិការអង្គការ UNIDO បានថ្លែងទៅកាន់សមាជិកនៅទូទាំងពិភពលោកដោយសង្ខេបអំពីកម្មវត្ថុនៃវេទិកាអន្តរជាតិស្តីពី «សុវត្ថិភាពចំណីអាហារ»ដែលកំពុងដំណើរការ ក្នុងបំណងសំខាន់រួមគ្នាគិតគូរដោះស្រាយឲ្យបានទាន់ពេលវេលា ច្បាស់លាស់ និងមានប្រសិទ្ធភាពចំពោះវិបត្តិសន្តិសុខស្បៀង ភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារដែលពិភពលោកកំពុងប្រឈម។

លោកបានអំពាវនាវឲ្យគ្រប់បណ្តាប្រទេសសមាជិកត្រូវតែសហការគ្នាដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព តាមរយ:បង្កើនផលិតភាពផលិតកម្ម ការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប លើកកម្ពស់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងសុវត្ថិភាពចំណីអាហារ និងការប្រែប្រួលអាកាសធាតុ។

លោក វេង សាខុន បានគូសបញ្ជាក់ដែរថា ស្ថិតក្នុងស្ថានភាពនៃវិបត្តិជំងឺឆ្លងសកលកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងវិបត្តិសេដ្ឋកិច្ចពិភពលោកដែលបណ្តាលមកពីសង្គ្រាមរុស្សី និងអ៊ុយក្រែន ធ្វើឲ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍកសិកម្ម និងពាណិជ្ជកម្មស្បៀងអាហារទូទាំងពិភពលោក។ លោកក៏បានអំពាវនាវដល់ប្រទេសជាសមាជិកគួរសហការ គាំទ្រគ្នាទៅវិញទៅមក ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម៕