ទាហាន​ជើង​ទឹកហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និង​សហរដ្ឋ​អាមេរិក​​កាន់​ទង់ជាតិ​របស់​ពួកគេ ក្នុង​ពិធី​សម្ពោធ​សមយុទ្ធយោធា​រួម​គ្នា ​Kamandag នៅ​ទីបញ្ជាការដ្ឋាន​ទាហាន​ជើង​ទឹក​ហ្វីលីពីន ក្នុងរដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន ថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២២។

កងទ័ព​សហរដ្ឋ​អាមេរិក​និង​កងទ័ព​ហ្វីលីពីន​បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​ទាហាន​ជើង​ទឹក​រួម​គ្នា​រយៈពេល​ពីរ​សប្ដាហ៍​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ពង្រឹង​សម្ពន្ធភាព​យោធា​ឱ្យ​បាន​កាន់តែ​ជិតស្និទ្ធ​បន្ថែម​ទៀត នៅ​ចំ​ពេល​ដែល​មាន​ភាព​ស្រពិចស្រពិល​នៅ​ក្នុង​តំបន់​ទាក់ទិន​នឹង​ភាព​តានតឹង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សមយុទ្ធ​ដែល​មាន​ឈ្មោះ​ថា KAMANDAG ដែល​ជា​អក្សរ​កាត់​ភាសា​ហ្វីលីពីន​ដែល​មាន​ន័យ​ថា «កិច្ច​សហប្រតិបត្តិការ​អ្នក​ចម្បាំង​នៅ​សមុទ្រ» នឹង​ធ្វើ​រហូត​ដល់​ថ្ងៃ​ទី ១៤ ខែ​តុលា​ខាង​មុខ។

សមយុទ្ធ​នេះ​នឹង​មាន​ការ​ចូលរួម​ពី​ទាហាន​អាមេរិកាំង ២.៥៥០ នាក់​និង​ទាហាន​ហ្វីលីពីន ៥៣០ នាក់ ហើយ​នឹង​មាន​ការ​ហ្វឹកហាត់​ការ​ចូល​ចត​នៅ​លើ​កោះ​របស់​នាវា​ដឹក​រថក្រោះ​និង​កងទ័ព ការ​បាញ់​គ្រាប់​ពិត និង​ការ​ហ្វឹកហាត់​បែប​ជំនួយ​មនុស្សធម៌​ផង​ដែរ។

សម្ពន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ដូចជា​ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​ជាដើម​នឹង​ចូលរួម​នៅ​ក្នុង​សមយុទ្ធ​នេះ​ក្នុង​នាម​ជា​អ្នក​សង្កេតការណ៍។

ប្រទេស​ហ្វីលីពីន​និង​សហរដ្ឋ​អាមេរិក​ដែល​ចង​សម្ពន្ធ​ជាមួយ​គ្នា​ដោយ​សន្ធិសញ្ញា​ការពារ​ទៅ​វិញ​ទៅ​មក​ក្នុង​រយៈពេល ៧០ ឆ្នាំ​កន្លង​មក​នេះ បាន​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​នានា​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ៕