ក្រុម​អ្នក​ជួយ​សង្គ្រោះ ជួយ​ជម្លៀស​អ្នកស្រី Suzanne Tomlinson អ្នកស្រុក​ម្នាក់​នៃ​កោះ Pine នៃ​ស្រុក Lee (County) ដែល​នៅ​រស់រាន​ពី​ព្យុះ​សង្ឃរា Ian ខណៈ​ពួក​គេ​សែង​អ្នកស្រី​ទៅ​កាប៉ាល់​ដែល​កំពុង​រង់ចាំ កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០២២។

គិត​ត្រឹម​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ មនុស្ស​ជាង ១.៦០០ នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ទូទាំង​រដ្ឋ Florida ហើយ​មនុស្ស​យ៉ាង​តិច ៨៥ នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ស្លាប់ បន្ទាប់ពី​ព្យុះ​សង្ឃរា Ian បាន​បក់បោក​ទៅ​លើ​រដ្ឋ​មួយ​នេះ។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ដើរ​ពិនិត្យ​តាម​ផ្ទះ​នីមួយៗ​ដើម្បី​ស្វែងរក​ក្រែង​មាន​អ្នក​នៅ​រស់រាន​មាន​ជីវិត​និង​សាកសព​អ្នក​ដែល​បាន​ស្លាប់។

អ្នក​ស្លាប់​ភាគ​ច្រើន​ដោយសារ​ព្យុះ​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ស្រុក Lee។ កាលពី​ដំបូង ស្រុក​នេះ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​មិន​ស្ថិត​នៅ​ក្នុង​គន្លង​ផ្លូវ​ធ្វើ​ដំណើរ​របស់​ព្យុះ​នេះ​ឡើយ។

អភិបាល​រដ្ឋ Florida លោក Rod DeSantis បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា បុគ្គលិក​ជួសជុល​បណ្តាញ​អគ្គិសនី​ប្រមាណ ៤២.០០០ នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ជួសជុល​ការ​ដាច់​ចរន្ត​អគ្គិសនី​ជា​ច្រើន​កន្លែង​ដោយសារ​ព្យុះ​នេះ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា អ្នក​ជួសជុល​បណ្តាញ​អគ្គិសនី​ទាំង​នេះ​បាន​ភ្ជាប់​ចរន្ត​អគ្គិសនី​ឡើង​វិញ​ដល់​ផ្ទះ​ប្រមាណ ១ លាន ៨ សែន​ខ្នង​នៅ​ទូទាំង​រដ្ឋ Florida។

ទន្ទឹម​នឹង​នេះ​ដែរ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ អ្នកស្រី Casey DeSantis ដែល​ជា​ភរិយា​របស់​លោក DeSantis បាន​ប្រកាស​ថា មូលនិធិ​សម្រាប់​គ្រោះ​មហន្តរាយ​នៃ​រដ្ឋ Florida បាន​រៃ​អង្គាស​ថវិកា​បាន​ប្រមាណ​ជាង ២១ លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​រយៈពេល ៤៨ ម៉ោង។

ការិយាល័យ​របស់​អភិបាល​រដ្ឋ Florida បាន​បញ្ជាក់​ថា មូល​និធិ​នេះ​គឺ​ជា «មូលនិធិ​ឯកជន​ផ្លូវការ​របស់​រដ្ឋ Florida ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សហគមន៍​របស់​យើង នៅ​ពេល​ដែល​សហគមន៍​ទាំង​នោះ​កំពុង​ឆ្លើយតប​និង​រើប​ឡើងវិញ​ពី​គ្រោះ​មហន្តរាយ​នេះ»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​លោកស្រី Jill Biden ដែល​ជា​ភរិយា នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ Florida នៅ​ថ្ងៃ​ពុធ​ខាង​មុខ នៅ​ក្រោយ​ពេល​ដែល​លោក​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ដែនដី Puerto Rico នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ចំ​ពេល​ដែល​ដែនដី​នេះ​ប្រឹងប្រែង​រើប​ឡើង​វិញ​ពី​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​ព្យុះ​សង្ឃរា Fiona កាលពី​ខែ​មុន៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press និង​ទីភ្នាក់ងារ​ព័ត៌មាន AFP។