រូបឯកសារ៖ អ្នក​រៀបចំ​បុណ្យសព​លី​មឈូស​មួយដែល​មាន​ដាក់​សាកសព​ជនស៊ីវិល​ម្នាក់​នៅ​ក្រុង​ Bucha, ប្រទេស​អ៊ុយក្រែន ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២២។

ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស — គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​អន្តរជាតិ​ស្តីពី​បញ្ហា​អ៊ុយក្រែន ​បាន​ផ្តោត​ការ​ស៊ើបអង្កេត​របស់​ខ្លួន​លើ​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​ចុង​ខែកុម្ភៈ និង​មីនា​នៅ​ក្នុង​តំបន់​ Kyiv តំបន់​ Chernihiv តំបន់ Kharkiv និង​តំបន់ Sumy។ គណៈកម្មការ​នេះនិយាយ​ថា ខ្លួន​បាន​ចងក្រង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជាច្រើន​រួម​មាន​ការ​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ​ខុស​ច្បាប់ ការ​វាយប្រហារ​ដោយ​មិន​រើស​មុខ​ក្នុង​តំបន់​ជន​ស៊ីវិល​រស់នៅ ការ​ធ្វើ​ទារុណកម្ម និង​អំពើ​ហិង្សា​ផ្លូវ​ភេទ និង​យេនឌ័រ​ជា​ដើម។

លោក Erik Mese ប្រធាន​គណៈកម្មការ​នេះ​បាន​ថ្លែង​ថា ការ​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ​របស់​រុស្ស៊ី​បាន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ខ្លាំងក្លា​ដល់​ប្រជាជន​ស៊ីវិល។ លោក​ថា ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​ទាំង​នេះ​ជា​ដើមហេតុ​សម្រាប់​ការ​ស្លាប់​ភាគច្រើន​ដែល​កត់ត្រា​ដោយ​អ្នក​អង្កេតការណ៍​របស់​អង្គការ​សហប្រជាជាតិ។

លោក​ថា អ្នក​ស៊ើបអង្កេត​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ចំនួន​មនុស្ស​ស្លាប់​យ៉ាង​ច្រើន​នៅ​ក្នុង​ទីក្រុង និង​កន្លែង​ដែល​ពួកគេ​បាន​ទៅ​ចំនួន ១៦ កន្លែង។

លោក Erik Mese បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ធាតុផ្សំ​ទូទៅ​នៃ​បទល្មើស​រួម​មាន​ការ​ឃាត់​ខ្លួន​ជនរងគ្រោះ​ពី​មុនៗ រួម​ទាំង​ស្លាកស្នាម​ដែល​អាច​មើល​ឃើញ​ច្បាស់ៗ​ពី​ការ​ធ្វើ​ទុក្ខ​មុកម្នេញ​លើ​រូបរាងកាយ ដូចជា​ការ​ចង​ដៃ​ព័ទ្ធ​ទៅ​ក្រោយ ​ស្នាម​របួស​ដោយគ្រាប់​កាំភ្លើង​លើក្បាល និង​ស្នាម​កាត់​បំពង់ក​ជាដើម»។

គណៈកម្មការ​នេះ​បាន​សម្ភាសន៍​ជន​រងគ្រោះ​ និង​សាក្សី​ជាង ១៥០ នាក់។ លោក Mese ថា សាក្សី​បាន​ផ្តល់​ចម្លើយ​ប្រហាក់ប្រហែល​គ្នា​ពី​ការ​ប្រព្រឹត្ត​ឃោរឃៅ​អមនុស្សធម៌ និង​ការ​ធ្វើ​ទារុណកម្ម​ជា​ដើម។ មនុស្ស​មួយ​ចំនួន​បាន​រាយការណ៍​ថា ពួកគេ​ត្រូវ​បាន​ផ្ទេរ​ឱ្យ​ទៅ​ពន្ធនាគារ​នៅ​សហព័ន្ធ​រុស្ស៊ី ដែល​នៅ​ទីនោះ​ពួកគេ​ប្រឈម​នឹង​ការ​វាយដំ ការ​ឆក់​អគ្គិសនី និង​ការ​រំលោភ​បំពាន​ផ្សេងៗ​ទៀត។

លោកMese ថា ការ​ស៊ើបអង្កេត​លើ​ករណី​អំពើ​ហិង្សា​ផ្លូវ​ភេទ និង​យេនឌ័រ​បាន​រកឃើញ​ថា ជន​រងគ្រោះ​ដែល​ត្រូវ​បាន​ទាហាន​រុស្ស៊ី​រំលោភ​បំពាន​ផ្លូវ​ភេទ​មាន​អាយុ​ចន្លោះ​ពី ៤ ឆ្នាំ​ដល់ ៨២ ឆ្នាំ។

លោក Erik Mese បាន​ថ្លែង​បន្ត​ទៀត​ថា៖ «គណៈកម្មការ​បាន​ចងក្រង​ករណី​ដែល​ក្មេងៗ​ត្រូវ​បាន​រំលោភ ធ្វើ​ទារុណកម្ម និង​បង្ខាំង​ខ្លួន​ដោយ​ខុស​ច្បាប់។ ក្មេងៗ​ក៏​ត្រូវ​បាន​សម្លាប់ និង​រងរបួស​នៅ​ក្នុង​ការ​វាយប្រហារ​ដោយ​មិន​រើស​មុខ​ដោយ​ការ​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ​ផង​ដែរ»។

លោក Anton Korynevych ​ឯកអគ្គរដ្ឋទូត​គោចរ​ក្រសួង​ការបរទេស​អ៊ុយក្រែង​និយាយ​ថា ឧក្រិដ្ឋកម្មដែល​ហួស​ពី​ការ​ថ្លែង​ទាំង​នេះ ​មិន​ត្រូវឱ្យ​រួច​ផុត​ពី​ការ​ដាក់​ទោស​នោះ​ទេ។ លោក​ថា ពិភពលោក​មិន​ត្រូវ​ភ្លេច​ពី​សោកនាដកម្ម​ដែល​បង្ក​ឡើង​ដោយ​រុស្ស៊ី​នៅ​អ៊ុយក្រែន​នោះ​ឡើយ។

លោកបាន​អំពាវនាវ​ឱ្យ​បង្កើត​តុលាការ​ពិសេសមួយ​ ដែល​មាន​យុត្តាធិការ​ជាក់​លាក់​លើ​បទល្មើស​នៃ​ការ​ឈ្លានពាន​នៅ​អ៊ុយក្រែន។

សហព័ន្ធ​រុស្ស៊ី​មិន​បាន​បង្ហាញ​វត្តមាន​ក្នុង​សវនាការ​នោះ​ទេ។ លោក​ប្រធាន​ក្រុមប្រឹក្សា​ថា លោក​ខកចិត្ត​ចំពោះ​ការ​មិន​មាន​វត្តមាន​របស់​រុស្ស៊ីនៅ​ពេលនោះ។​

លោក Mese ថា៖ «ការ​ព្យាយាម​របស់​គណៈកម្មការ​ក្នុងការ​ចូលរួម​ក្នុង​កិច្ចសន្ទនា​បែប​ស្ថាបនា​ជាមួយ​នឹង​អាជ្ញាធរ​សហព័ន្ធ​រុស្ស៊ី ​ជា​ការ​សោកស្តាយដែល​មិន​ទទួល​បាន​ជោគជ័យ​ទេ​មក​ដល់​ពេល​នេះ ប៉ុន្តែ​យើង​នឹង​ព្យាយាម​ប្រឹងប្រែង​បន្ត​ទៀត»។​

សារព័ត៌មាន Reuters បាន​រាយការណ៍​ថា លោក Sergei Lavrov រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​បាន​ការពារ​ការ​ធ្វើ​សង្គ្រាម​របស់​រដ្ឋាភិបាល​ក្រុង​មូស្គុ​នៅ​អ៊ុយក្រែន​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិក្នុង​ពេល​កន្លង​ទៅ។ លោក​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​កៀវ​ពី​ការ​គំរាមកំហែង​ដល់​សន្តិសុខ​រុស្ស៊ី និង «ប៉ះពាល់​ខ្លាំង» ដល់​សិទ្ធិ​របស់​ប្រជាជន​រុស្ស៊ី និង​អ្នក​និយាយ​ភាសា​រុស្ស៊ី​នៅ​អ៊ុយក្រែន ដោយ​បាន​បន្ថែម​ថា «ខ្លួន​គ្រាន់​តែ​បញ្ជាក់​ថា សេចក្តីសម្រេច​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​យោធា​ពិសេស​ក្នុង​ប្រទេស​អ៊ុយក្រែនគឺ​មិន​អាច​ជៀស​បាន​នោះ​ឡើយ»៕