រថយន្តដឹកបន្លែនិងផ្លែឈើដែលមានជីវជាតិកាកសំណល់នៅក្នុងក្រុង Stains ប្រទេសបារាំង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ទីភ្នាក់ងារអង្គការសហប្រជាជាតិបានអំពាវនាវឱ្យបញ្ឈប់ការបោះចោលអាហារ ខណៈអង្គការនេះបានប្រារព្ធទិវាយល់ដឹងពីសំណល់និងការបាត់បង់អាហារកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ។

របាយការណ៍ពីកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិមួយបានលើកឡើងថា នៅក្នុងឆ្នាំ២០១៩ មានកាកសំណល់អាហារប្រហែល៩៣០លានតោន​ ត្រូវបានបង្កើតឡើង ឬស្មើប្រមាណ២០ភាគរយនៃអាហារដែលមាន។

ប្រធានផ្នែកថាមពល និងអាកាសធាតុរបស់កម្មវិធីបរិស្ថានអង្គការសហប្រជាជាតិលោក Mark Radka បាននិយាយថា ​មាន​ភស្តុតាង​ដែលបង្ហាញ​ថា ​កាកសំណល់​អាហារ​ក្នុង​គ្រួសារ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​កម្រិត​ប្រហាក់ប្រហែល​គ្នា​សម្រាប់​មនុស្ស​ម្នាក់​នៅ​ក្នុង​ប្រទេស​ទាំងអស់​ដោយ​មិន​គិត​ពី​កម្រិត​ចំណូល​ទាបខ្ពស់។ លោកបន្តថា ដូច្នេះ ជាមធ្យមគ្រួសារបង្កើតកាកសំណល់អាហារប្រហែល៧៤គីឡូក្រាមក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំៗ។

វាមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ដោយសារការវាយតម្លៃចុងក្រោយរបស់អង្គការសហប្រជាជាតិបង្ហាញថា មនុស្ស៨២៨លាននាក់នៅទូទាំងពិភពលោក កំពុងស្ថិតក្នុងភាពស្រេកឃ្លាន។ ការ​រក​ឃើញ​របស់​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​បង្ហាញ​ថា ១៤%នៃ​អាហារ​របស់​ពិភពលោក​ត្រូវ​បាន​បាត់​បង់​បន្ទាប់​ពី​ប្រមូលផលរួច ហើយ១៧%ត្រូវបានខ្ជះខ្ជាយក្នុងការលក់រាយ និងនៅដំណាក់កាលប្រើប្រាស់។

មន្ត្រីអភិវឌ្ឍន៍សហគ្រាសជាន់ខ្ពស់របស់ទីភ្នាក់ងារស្បែងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ(FAO)លោកស្រី Rosa Rolle បានហៅកាកសំណល់និងការបាត់បង់អាហារ ជាបញ្ហាសកល ដែលជះឥទ្ធិពលយ៉ាងសំខាន់ទៅលើអាកាសធាតុ សន្តិសុខស្បៀង និងនិរន្តរភាពនៃប្រព័ន្ធកសិ-ម្ហូបអាហារ។

លោកស្រីបន្តថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ប្រព័ន្ធកសិ-ម្ហូបអាហារនៅទូទាំងពិភពលោក ត្រូវបានរំខានដោយជំងឺរាតត្បាតកូវីដ១៩ ការប្រែប្រួលអាកាសធាតុ និងសង្រ្គាមនៅអ៊ុយក្រែន ដោយជំរុញឱ្យមនុស្សរាប់លាននាក់ធ្លាក់ក្នុងអសន្តិសុខស្បៀង ជាមួយនឹងភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភកើនឡើង។

អង្គការ FAO និយាយថា កាកសំណល់ និងការបាត់បង់អាហារ បានបង្កើនល្បឿននៃការប្រែប្រួលអាកាសធាតុ និងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ហើយប្រហែល៣១%នៃការបំភាយឧស្ម័នផ្ទះកញ្ចក់សរុបដែលនាំទៅដល់ការឡើងកំដៅផែនដី គឺបណ្តាលមកពីប្រព័ន្ធកសិ-អាហារ។

UNEP និយាយថា ការកាត់បន្ថយការបាត់បង់អាហារ និងកាកសំណល់ អាចកាត់បន្ថយការបំភាយឧស្ម័នមេតានបាន១៥%នៅឆ្នាំ២០៣០។ វាបានកត់សម្គាល់ថា មេតានមានថាមពលក្តៅជាង៨០ដងនៃកាបូនឌីអុកស៊ីតក្នុងរយៈពេល២០ឆ្នាំដំបូង បន្ទាប់ពីវាទៅដល់បរិយាកាស។ ទីភ្នាក់ងារនេះបាននិយាយថា យ៉ាងហោចណាស់២៥%នៃការឡើងកំដៅផែនដីនាពេលបច្ចុប្បន្ននេះ ដោយមេតានគឺបណ្តាលមកពីសកម្មភាពរបស់មនុស្ស៕

ប្រភព៖ VOA. ប្រែសម្រួល៖ រាជ វិញ្ញូ