រូបភាព៖ Cambodia Airport

នៅថ្ងៃទី៣ តុលានេះ ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មាន កែសម្រួលវិធានការសុខាភិបាល ចំពោះអ្នកដំណើរចូលមកកម្ពុជា ដោយមិនតម្រូវឱ្យបង្ហាញបណ្ណសុខភាព និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងជំងឺកូវីដ១៩នោះទេ។

ក្រសួងសុខាភិបាលនឹងដកចេញនូវវិធានការ ដែលតម្រូវឱ្យអ្នកដំណើរមកពីបរទេសទាំងអស់ ទាំងច្រកផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស បង្ហាញសេចក្តីប្រកាសសុខភាពអ្នកដំណើរ និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ពេញលេញ នៅពេលមកដល់កម្ពុជានោះទេ។

ប៉ុន្តែក្រសួងនៅតែតម្រូវឱ្យរក្សាទុកនូវម៉ាស៊ីនវាស់កម្ដៅពីចម្ងាយ នៅតាមច្រកចេញចូលប្រទេស ព្រមទាំងរក្សាទុកមន្ត្រីទទួលបន្ទុកការងារចត្តាឡីស័កមួយចំនួន នៅតាមច្រកព្រំដែន ដើម្បីពិនិត្យ ផ្តល់យោបល់ចំពោះអ្នកដំណើរ ដែលមានរោគសញ្ញា ឬអ្នកជំងឺដែលមានតម្រូវការជាយជាហេតុ។

ក្រសួងបញ្ជាក់ថា ទោះបីជាមានការកែសម្រួលនូវវិធានការសុខាភិបាលខាងលើក៏ដោយ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋ ឬអ្នកដំណើរដែលពុំទាន់បានចាក់វ៉ាកសាំងកូវីដ១៩ ដូសមូលដ្ឋាន ឫដូសជំរុញ ត្រូវទៅចាក់នៅតាមទីកន្លែងចាក់វ៉ាកសាំងតាមរាជធានីខេត្ត ដោយពុំតម្រូវឱ្យបង់ប្រាក់នោះទេ៕