កសិដ្ឋាន Yamato Green នៅក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី មានផ្ទះសំណាញ់ចំនួន២១ខ្នង កំពុងបង្កបង្កើនផលជារៀងរាល់ថ្ងៃ។រូបភាព៖​Yamato Green

កសិដ្ឋាន Yamato Green គឺជាអ្នកផ្គត់ផ្គង់បន្លែសរីរាង្គ ដាំដុះដោយកសិករខ្មែរតាមបច្ចេកទេសជប៉ុននៅក្នុងផ្ទះសំណាញ់ជាច្រើនខ្នង ដែលវិនិយោគក្រុមហ៊ុនជប៉ុន យ៉ាម៉ាតុ ហ្រ្គីន ឯ.ក( Yamato Green Co., Ltd)។

បច្ចុប្បន្ន ក្រុមហ៊ុន Yamato Green មានកសិដ្ឋានចំនួន២គឺនៅខេត្តមណ្ឌលគិរី និងខេត្តបាត់ដំបង ដែលមានផ្ទះសំណាញ់សរុប៣១ខ្នង​។

ដោយមើលឃើញពីសក្តានុពលកសិពាណិជ្ជកម្មនៅក្នុងខេត្តមណ្ឌលគិរី ជាតំបន់ទេសចរណ៍ដ៏ពេញនិយមទាំងភ្ញៀវជាតិនិងអន្តរជាតិ កសិដ្ឋាន Yamato Green គ្រោងនឹងទទួលស្វាគមន៍ភ្ញៀវទេសចរចូលទស្សនាដោយលក់សំបុត្រក្នុងតម្លៃធូរផ្លៃបំផុត ដើម្បីស្វែងយល់ពីខ្សែចង្វាក់ផលិតនិងផ្គត់ផ្គង់បន្លែសរីរាង្គរបស់ Yamato Green ដល់សាធារណៈជនទូទៅ។

ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ញើញស្តាប់បទសម្ភាសន៍រវាងលោក ធូ វិរៈ អ្នករាយការណ៍ព័ត៌មានខ្មែរណាស់ និងអ្នកស្រី អ៊ុន សុភារក្ស អគ្គនាយិការងនៃ Yamato Green ដូចតទៅ!

សំនួរ៖ តើកសិដ្ឋាន Yamato Green គ្រោងនឹងបើស្វាគមន៍ភ្ញៀវទេសចរចូលទស្សនាកសិដ្ឋានបន្លែសរីរាង្គនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនៅពេលណា?

ចម្លើយ៖ កសិដ្ឋានបន្លែជប៉ុន Yamato Green នឹងប្រកាសស្វាគមន៍ភ្ញៀវទេសចរចូលទស្សនានៅក្នុងគម្រោងអាជីវកម្មកសិពាណជ្ជកម្មនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

និយាយទៅដោយសារ ឥឡូវភ្លៀងធ្លាក់ខ្លាំង ទោះបីភ្ញៀវចូលទស្សនាក៏បែកភក់ពេញហ្នឹង។ ដូច្នេះ យើងគ្រោងនឹងបើកឱ្យភ្ញៀវចូលទស្សនានៅពេលណាដែលដាច់ទឹកភ្លៀង ហើយយើងនឹងលើកស្លាកសញ្ញាផ្សព្វផ្សាយ ហើយអញ្ញើញបើកសម្ពោធជាផ្លូវការដោយឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាល់តែកម្មវិធីសម្ពោធរួចរាល់បានយើងបើកជាផ្លូវការ យើងប្រហែលជាសម្ពោធបើកជាផ្លូវការនៅចុងឆ្នាំនេះ ព្រោះតាមពិតទៅ គម្រោងរបស់ពួកខ្ញុំចង់បើកនៅខែតុលានេះ ប៉ុន្តែវាមានភ្លៀងធ្លាក់ចុះខុសធម្មតាពេក។

សំនួរ៖ ការបើកឱ្យចូលទស្សនាកសិដ្ឋាននេះ តើសំបុត្រលក់តម្លៃប៉ុន្មាន?

ចម្លើយ៖ ចំពោះការលក់សំបុត្រចូលទស្សនា យើងបែកចែកជា៣ផ្នែកគឺទី១ ស្ថាប័នមកពីអង្គការសង្គមស៊ីវិល សកលវិទ្យាល័យនានាជាដើម ដែលបានដាក់ពាក្យស្នើសុំជាមុនមកខាងយើងខ្ញុំ ដើម្បីចូលទស្សនាកសិដ្ឋាន គឺយើងមិនគិតកម្រៃនោះទេ។ ប៉ុន្តែសម្រាប់អ្នកចុះមកមើលកម្សាន្ត ថតរូបលេង គឺគិតកម្រៃ ប៉ុន្តែគិតកម្រៃតិចប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ កសិដ្ឋានយើងក៏មានការតាំងបង្ហាញលក់ផលិតផលបន្លែផ្លែឈើរបស់យើងដែរ។

សំនួរ៖ តើនៅពេលអនាគត ក្រុមហ៊ុននឹងមានគម្រោងពង្រីកកសិដ្ឋាន Yamato Green ទៅតំបន់ផ្សេងទៀតដែរទេ?

ចម្លើយ៖ បច្ចុប្បន្ននេះ កសិដ្ឋាន Yamato Green នៅក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី មានផ្ទះសំណាញ់ចំនួន២១ខ្នង កំពុងបង្កបង្កើនផលជារៀងរាល់ថ្ងៃ។

នាពេលអនាគត យើងមានផែនការធ្វើផ្ទះសំណាញ់ឱ្យបាន៥០ខ្នង សម្រាប់កសិដ្ឋាននៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ប៉ុន្តែសម្រាប់ឆ្នាំក្រោយ យើងនឹងពង្រីកកសិដ្ឋានដូចអីចឹងច្រើនថែមទៀត ព្រោះឥឡូវមានអ្នកចាប់អារម្មណ៍ច្រើនណាស់។

សព្វថ្ងៃនេះ កសិដ្ឋានបៃតង យ៉ាម៉ាតុ ហ្រ្គីន កំពុងផ្គត់ផ្គង់បន្លែសរីរាង្គស្រស់ៗ ដល់ ហាងបន្លែ THE fresh នៅទីក្រុងភ្នំពេញ។

ផ្ទះសំណាញ់បៃតងនៅកសិដ្ឋានក្នុងខេត្តបាត់ដំបង បានដាំដុះបន្លែសំខាន់ៗ រួមមាន ផ្លែប៉ែងបោះឈ័ររី ប៉េងបោះធំក្រហម ត្រសក់ស្រូវផ្អែម និងបន្លែធម្មជាតិជាច្រើនមុខទៀត។

រីឯ កសិដ្ឋានបៃតងនៅខេត្តមណ្ឌលគិរី មានដាំដុះបន្លែសំខាន់ៗ ដូចជា ការ៉ុត ខ្ទឹមបារាំង ស្ពៃក្តោប ល្ពៅជប៉ុន ខាត់ណាផ្កា ស្លឹកអូបាក់(Oba Leaf) បន្លែស្លឹក Kaki-Chisha និងសាទ្បាដ រ៉ូមែន ជាដើម៕