ក្រសួងពាណិជ្ជកម្មអំពាវនាវវិស័យឯនជន ដែលមានបំណងចូលរួមតាំងបង្ហាញផលិតផលខ្មែរនៅក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី៩ នៅក្រុងព្រះសីហនុជាតំបន់សក្តានុពលពាណិជ្ជកម្ម និងទេសចរណ៍ឆ្នេរសមុទ្រ។

ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃក្នុងយុទ្ធសាស្រ្តជួយជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យមានការទទួលស្គាល់ និងចូលរួមប្រើប្រាស់កាន់តែទូលំទូលាយនៅទូទាំងប្រទេស។

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ ក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ធ្នូ ឆ្នាំ២០២២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ ក្នុងគោលបំណងទូងស្គរពញ្ញាក់ស្មារតីមហាជនទូទៅឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើនជាអតិបរិមា។

ក្រសួងពាណិជ្ជកម្ម នឹងប្រមូលកៀរគរផលិតផលខ្មែរ ដែលមានគុណភាពខ្ពស់ និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ មានការវេចខ្ចប់បានល្អត្រឹមត្រូវអនុលោមតាមស្តង់ដារផលិតកម្មពីគ្រប់ទិសទីនៅទូទាំងប្រទេស មកដាក់តាំងបង្ហាញ និងស្វែងរកដៃគូពាណិជ្ជកម្ម។

សេចក្តីដំណឹងបន្តថា៖« ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញ លោក-លោកស្រី ដែលមានបំណងចូលរួមតាំងបង្ហាញផលិតផលខ្មែរក្នុងព្រឹត្តិការណ៍នេះ សូមប្រញាប់រួសរាន់មកដាក់ពាក្យចូលរួម ព្រោះចំនួនស្តង់មានកំណត់។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញសាធារណជនទូទៅចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះកុំបីខកខានឡើយ»។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅជាន់ទីពីរនៃអគារទីស្តីការក្រសួងពាណិជ្ជកម្ម ស្ថិតលើមហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕