រូបភាព៖ រដ្ឋបាលខេត្តបន្ទាបមានជ័យ

រដ្ឋបាលខេត្តត្បូងឃ្មុំអំពាវនាវប្រជាកសិករក្នុងខេត្តត្បូងឃ្មុំ ជាពិសេសកសិករនៅ ស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងស្រុកអូរាំងឪ មិនត្រូវប្រញាប់រៀបចំដី និងដាំដំណាំ ដោយត្រូវរង់ចាំមើលស្ថានភាពទឹកភ្លៀងរហូតដល់សប្តាហ៍ទី២ នៃខែតុលា ដើម្បីកុំឱ្យខាតថវិកា និងពេលវេលា។

ក្នុងលិខិតជូនដំណឹង នៅថ្ងៃទី៣០កញ្ញា បានលើកឡើងថា យោងតាមការតាមដានស្ថានភាពជំនន់ទឹកទន្លេមេគង្គ រហូតមកដល់ពេលនេះ មិនទាន់មានសញ្ញាថា ទឹកទន្លេមេគង្គ ចាប់ផ្តើមស្រកទៅវិញនៅឡើយទេ ខណៈតាមការព្យាករណ៍របស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតប្រុងប្រយ័ត្ន។

រដ្ឋបាលខេត្តបន្តថា ចំពោះស្ថានភាពបែបនេះ ខេត្តមានការព្រួយបារម្ភចំពោះប្រជាកសិករនៅតាមដងទន្លេមេងគ្គ ជាពិសេស នៅស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងស្រុកអូរាំងឪ ដែលតែងតែគិតថា បន្ទាប់ពីរដូវបុណ្យភ្ជុំបិណ្ឌហើយ ទឹកនឹងស្រក ហើយចាប់ផ្តើមរៀបចំដីដាំដុះដំណាំរដូវប្រាំងប្រដេញទឹក។

ខេត្តសរសេរដូច្នេះថា៖«ប៉ុន្តែជាក់ស្តែង នៅឆ្នាំកន្លងទៅ ដោយសារឥទ្ធិពលការប្រែប្រួលអាកាសធាតុ ទឹកភ្លៀងធ្លាក់មិនទៀងទាត់ បណ្តាលឱ្យក្រោយភ្ជុំបិណ្ឌ ភ្លៀងបន្តធ្លាក់កាន់តែច្រើន បណ្តាលឱ្យស្រូវពង្រោះជាច្រើនហិកតា ត្រូវបានខូចខាត ដែលខាតទាំងពេលវេលា កម្លាំងពលកម្ម និងប្រាក់កាសរបស់បងប្អូនកសិករ»។

រដ្ឋបាលខេត្តអំពាវនាវឱ្យប្រជាកសិករ ត្រូវរង់ចាំមើលស្ថានភាពទឹកភ្លៀង រហូតដល់សប្តាហ៍ទី២ នៃខែតុលា ព្រោះការរង់ចាំនេះ ក៏មិនប៉ះពាល់ ដល់លក្ខខណ្ឌសមស្របសម្រាប់ការចាប់ផ្តើមធ្វើដំណាំប្រដេញទឹកដែរ។

រដ្ឋបាលខេត្តក៏បានណែដល់អាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវផ្សព្វផ្សាយអំពីស្ថានភាពឧតុនិយមនេះដល់កសិករ និងធ្វើការតាមដានឱ្យបានដិតដល់អំពីស្ថានភាពជំនន់ទឹកមេគង្គ ទឹកភ្លៀង និងរាយការណ៍ជាប្រចាំដល់ថ្នាក់ខេត្ត។ ចំណែកមន្ត្រីជំនាញនៃមន្ទីរកសិកម្ម ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មវៃឆ្លាត ដែលឆ្លើយតបទៅនឹងស្ថានភាពភូមិសាស្ត្រដាំដុះ៕