សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនជប៉ុន KETT បានចុះអនុស្សរណៈយោគយល់គ្នា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០២២។រូបភាព៖​ហ្វេរសប៊ុក សហព័ន្ធស្រូវអង្ករកម្ពុជា​

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​និង​ក្រុមហ៊ុន​ជប៉ុន​ KETT ​ជា​អ្នក​ផលិត​ឧបករណ៍​វាស់​កម្រិត​សំណើម​លើ​គ្រាប់​ធញ្ញ​ជាតិ​បាន​ចុះអនុស្សរណៈ​យោគ​យល់​គ្នា​ ដើម្បី​ជំរុញ​​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​គ្រប់គ្រងសំណើមនៅក្នុង​វិស័យ​ស្រូវនិង​អង្ករ​នៅកម្ពុជា។​

លោក ចាន់ សុឃាំង ប្រធានស្តីទី សហព័ន្ធស្រូវអង្ករកម្ពុជា និង​លោក Norihiro Yoshida ប្រធាន​គ្រប់​គ្រង​ទូទៅ​នៃ​នាយក​ដ្ឋាន​ផ្នែក​លក់​លក្ខណៈ​អន្តរ​ជាតិក្រុមហ៊ុន Kett Electronic Laboratory Co.,Ltd. (KETT) បានចុះ​ហត្ថលេខាលើ​អនុស្សរណៈយោគយល់គ្នា កាលពី​ថ្ងៃទី៣០ កញ្ញា។​

អនុស្សរណៈយោគយល់គ្នានេះ ត្រូវ​បានធ្វើ​ឡើង​ដើម្បី​​សហការ​ចែករំលែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន KETT ទៅដល់សមាជិក សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជា ជាពិសេសលើការគ្រប់គ្រងសំណើមស្រូវ អង្ករនិងការចូលរួមរបស់ KETT ជាមួយសព័ន្ធស្រូវអង្ករកម្ពុជាក្នុងវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២២ ខាងមុខនេះ។​

​ឧបករណ៍​វាស់​កម្រិត​សំណើម​លើ​គ្រាប់​ធញ្ញ​ជាតិ​របស់​ KETT ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៤៦ ​ហើយ​ឧបករណ៍​នេះ​បាន​ផ្គត់​ផ្គង់​ទៅ​កាន់​នៅ​ទ្វីប​អាស៊ី​ និង​អឺរ៉ុប​ ដូច​ជា ​សហ​រដ្ឋ​អាមេរិក​ ​ចិន ​ថៃ ​វៀតណាម ​កូរ៉េ​ខាង​ត្បូង​ មីយ៉ាន់ម៉ា ​និង​ហ្វីលីពីន​។

លោក ​សំរិទ្ធ ​សាកុរា ​អគ្គនាយក​ពាណិជ្ជ​កម្ម​ក្នុង​ប្រទេស​នៃ​ក្រសួង​ពាណិជ្ជ​កម្ម​ ធ្លាប់លើកឡើងកាលពីថ្មីៗនេះ​ថា បច្ចុប្បន្ន ​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​នៅ​​កម្ពុជា​កំពុង​ប្រើ​ប្រាស់​ឧបករណ៍​វាស់​កម្រិត​សំណើម​របស់​ក្រុម​ហ៊ុន​ KETT​ ក្នុង​ខ្សែ​ចង្វាក់​ផលិត​កម្ម​របស់​ពួក​គេ​។​

កម្ពុជា​បាននាំចេញ​អង្ករ​ទៅកាន់ទីផ្សារអន្តរជាតិ​ក្នុង​បរិមាណសរុប​ ៣៨៩,០០០តោន មានតម្លៃជា​ប្រាក់ ​២៤២,៨០​​លាន​ដុល្លារ​ក្នុ​ង​រយៈ​ពេល​៨ខែ​ដើម​២០២២ កើន​ឡើង​១៣,២៦% បើប្រៀបធៀបទៅរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។នេះបើ​តាមទិន្នន័យ​របស់សហព័ន្ធស្រូវអង្ករ​កម្ពុជា​៕