តារាTiktokដ៏ល្បីល្បាញលោក Khaby Lame គឺបានកើតនៅក្នុងប្រទេសសេណេហ្កាល់នៅក្នុងខែមីនាឆ្នាំ២០០០ ហើយនៅពេលមានអាយុ១ឆ្នាំ យុវជនមានវ័យទើប២២ឆ្នាំរូបនេះ រួមទាំងឪពុកម្ដាយ និងបងប្អូនបង្កើត៣នាក់ទៀត បានផ្លាស់មករស់នៅក្នុងប្រទេសអ៊ីតាលី គឺរស់នៅក្នុងផ្ទះសាធារណៈនៅក្នុងទីក្រុងតូរីន។

យុវជន Khaby បានក្ដីប្រាថ្នានៅពេលធំឡើង គឺចង់ក្លាយជាតារាសម្តែងល្បីដូច Will Smith ដើម្បីផ្តល់ភាពសប្បាយរីករាយដល់មហាជន ប៉ុន្តែដោយសារពិបាករកច្រកដើម្បីសម្រេចក្ដីស្រម៉ៃនេះ Khaby ក៏បានរកឃើញគំនិតបង្កើតវីដេអូកម្សាន្តខ្លីៗ ជាវីដេអូបែបចំអកនិងដោះស្រាយបញ្ហាតាមវិធីសាស្រ្ដងាយៗ។

នៅពេលនោះហើយ ដែលយុវជនរូបនេះដឹងថា ដើម្បីធ្វើឱ្យទស្សនិកជនសើច រូបគេត្រូវតែបង្កើតខ្លឹមសារដែលធ្វើឱ្យខ្លួនឯងសើចជាមុន។ Khaby បានចាប់ផ្តើមបង្ហោះវីដេអូ បង្ហាញពីដំណោះស្រាយស្មុគស្មាញមកជាងាយៗ រួមទាំងបង្ហាញទឹកមុខនិងកាយវិកាយបែបកំប្លែង។ យុវជនរូបនេះបានលើកឡើងថា រូបគេមានគោលបំណងគឺគ្រាន់តែធ្វើឱ្យមនុស្សមានភាពសប្បាយរីករាយប៉ុណ្ណោះ។ យុវជន Khaby បានប្រាប់សារព័ត៌មាន CNNថា រូបគេបានផលិតវីដេអូមិនមានសំឡេង គឺដើម្បីទាក់ទាញអ្នកទស្សនាឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

យោងតាមកាសែត New York Time បានបញ្ជាក់ថា Khaby គឺជាកម្មកររោងចក្រ ដែលត្រូវមើលការខុសត្រូវម៉ាស៊ីនជាច្រើន។ ប៉ុន្តែមិនដល់រយៈពេល១ឆ្នាំឡើយ យុវជនរូបនេះ បានប្រែក្លាយពីអតីតកម្មកររោងចក្រ ទៅជាតារា Tiktok ដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោក ក្រោយពីបានឈប់បម្រើការងារនៅរោងចក្រនៅក្នុងខែមីនាឆ្នាំ២០២០ អំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩។

បន្ទាប់ពីឈប់ធ្វើជាកម្មកររោងចក្រ នៅពេលនោះហើយ ដែល Khaby បានចាប់ផ្ដើមប្រើបណ្ដាញសង្គមTiktok និងចំណាយពេលភាគច្រើនក្នុងផ្ទះដើម្បីបង្កើតមាតិកាវីដេ និងចាប់ផ្តើមបង្កើតគំនូរព្រាងបែបកំប្លែង ដែលចំអកទៅដល់ការដោះស្រាយបញ្ហាស្មុគស្មាញដោយគ្មានហេតុផល។

យោងតាមទស្សនាវដ្ដីអាមេរិក ហ្វប(Forbes) បានបញ្ជាក់ថា សម្រាប់តែក្នុងឆ្នាំ២០២១ Khaby រកបានប្រាក់ចំណូលចំនួន១០លានដុល្លារ ខណៈគណនីTiktokរបស់គេ មានអ្នកតាមដានឬFollowersរហូត១៥០លាននាក់។

តារាTiktokរូបនេះ ក៏បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនធំៗជាច្រើន ដូចជាក្រុមហ៊ុន Binance ជាក្រុមហ៊ុនប្ដូររូបិយបណ្ណដ៏ធំបំផុតរបស់ពិភពលោក ធ្វើជាទូតសុឆន្ទៈឱ្យក្រុមហ៊ុនលក់សំលៀកបំពាក់ Hugo Boss រួមទាំងបើកមុខរបរលក់សំលៀកបំពាក់និងស្បែកជើងផ្ទាល់ខ្លួនឯងដែរ៕