សម្រាប់ខែសីហា ឆ្នាំ២០២២ កម្ពុជាបាននាំចេញកៅស៊ូនិងផលិតផលពីកៅស៊ូមានតម្លៃជាប្រាក់ជាង៣៩លានដុល្លារ។រូបភាព៖ អគ្គនាយក​ដ្ឋានកសិកម្ម​

កម្ពុជារកចំណូលបានប្រមាណ៣០៨លានដុល្លារពីការនាំចេញកៅស៊ូនិងផលិតផលពីជ័រកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៨ខែឆ្នាំ២០២២ កើនឡើង ២៤,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ទិន្នន័យបង្ហាញទៀតថា សម្រាប់ខែសីហា កម្ពុជាបាននាំចេញកៅស៊ូនិងផលិតផលពីកៅស៊ូមានតម្លៃជាប្រាក់ជាង៣៩លានដុល្លារ កើនជាង៩% បើធើបនឹងខែសីហា ឆ្នាំមុន។

តម្លៃលក់ជ័រកៅស៊ូនៅលើទីផ្សារអន្តរជាតិ នៅតែបន្តធ្លាក់ចុះបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

គិតត្រឹមខែសីហា តម្លៃជ័រកៅស៊ូជាមធ្យមថ្លៃ១,៥១៥ដុល្លារក្នុង១តោន ថយចុះ៥៧ដុល្លារ បើធៀបនឹងខែមុន និងធ្លាក់ចុះ៩២ដុល្លាក្នុង១តោន បើធៀបនឹងខែសីហាឆា្នមុន។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

ដោយឡែក តម្លៃប្រមូលទិញជ័រកៅស៊ូគ្រួសារ ខែសីហាគឺទឹកជ័រកៅស៊ូ DRC100% មានការប្រែប្រួលពី៥,៦៥០រៀលក្នុង១គីឡូក្រាម ដល់ ៥,៩៥០រៀលក្នុង១គីឡូក្រាម ខណៈតម្លៃ ជ័រកក DRC50% មានការប្រែប្រួលពី ២,៥០០រៀលក្នុង១គីឡូក្រាម ដល់ ៣,២០០រៀលក្នុង១គីឡូក្រាម។

ទិន្នន័យរបស់ក្រសួងកសិកម្ម បញ្ជាក់ទៀតថា ចាប់ពីខែមករា ដល់ ខែសីហា កម្ពុជាបាននាំចេញជ័រកៅស៊ូក្នុងបរិមាណសរុប២៩ ៦២៥តោន ធ្លាក់ចុះ៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះ កម្ពុជា បាននាំចេញឈើកៅស៊ូសម្រេចបាន ២,៩០២ម៉ែត្រគូប កើនឡើង១២% បើធៀបនឹងខែមុន។ ឈើកៅស៊ូមានតម្លៃជាមធ្យម ១៥១ដុល្លារក្នុង១ម៉ែត្រគូប។

ទីផ្សារនាំចេញជ័រកៅស៊ូរបស់កម្ពុជាសំខាន់ៗ រួមមាន ប្រទេសវៀតណាម ម៉ាឡេស៊ី សង្ហបុរី ចិន ជប៉ុន និង សហគមអឺរ៉ុប។
គិតមកដល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមាន ៩៣,៨៥១ហិកតា ស្មើនឹង២៣%។

ក្នុងឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង ៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប។ នេះបើតាមអគ្គនាយកដ្ឋានកៅស៊ូ៕