ការបើកនេសាទចាប់ផ្តើមពីថ្ងៃទី១ តុលានេះ។រូបភាព៖ សឹម សល់ម៉ា

រដ្ឋបាលជលផល ប្រកាសបើករដូវនេសាទសម្រាប់ឆ្នាំ២០២២ ដល់២០២៣ ចាប់ពីថ្ងៃទី១តុលានេះ ក្រោយបិទនេសាទអស់រយៈពេល៤ ខែ ចាប់ពីខែឧសភា ដល់ខែកញ្ញា ដើម្បីថែរក្សាការពារធនធានជលផលឱ្យបានគង់រង្ស។

រដ្ឋបាលជលផលបានឲ្យដឹងថា រដូវបើកនេសាទសម្រាប់ការនេសាទឆ្នាំ២០២២នេះ នៅក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់តាមភូមិសាស្ត្រនីមួយៗ។

ដោយចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ ត្រូវបានអនុញ្ញាតឱ្យប្រជានេសាទចូលនេសាទ។

ចំណែកខេត្តស្ទឹងត្រែងបើកឱ្យចូលនេសាទ ចាប់ពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។

ចំពោះខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខអនុញ្ញាតឱ្យចូលនេសាទ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែមិថុនា។

រដ្ឋបាលជលផលបញ្ជាក់ថា នៅក្នងរយៈពេលបើកនេសាទនេះ អ្នកនេសាទទាំងអស់ ត្រូវប្រើឧបករណ៍នេសាទដែលអនុញ្ញាតឱ្យធ្វើនេសាទក្នុងដែននេសាទទឹកសាប ស្របតាមច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តដែលមានជា ធរមាន។

ចំពោះអ្នកនេសាទ ដែលមានបំណងធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ «ម៉ាញ់» នៅដងទន្លេមេគង្គ និងដងទន្លេសាប ក្នុងទីតាំងដែលរដ្ឋបានអនុញ្ញាត ត្រូវទំនាក់ទំនងសុំលិខិតអនុញ្ញាតពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តពាក់ព័ន្ធ ដើម្បីទទួលការណែនាំពីសមត្ថកិច្ចជំនាញជលផលអំពីបច្ចេកទេស និងបទបញ្ជានានា ដែលពាក់ព័ន្ធដល់ការធ្វើនេសាទ។

វិស័យ​ជលផល​ ជា​ប្រភព​អាហារូបត្ថម្ភ​យ៉ាង​ចាំបាច់​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ និង​ជា​ប្រភព​ប្រាក់​ចំណូល​យ៉ាង​សំខាន់។ វិស័យ​នេះ បាន​និង​កំពុង​ផ្តល់​មុខរបរ​ដល់​ប្រជា​ពលរដ្ឋ​ជាង​៦ ​លាន​នាក់ ដែល​ស្មើនឹង​៤៥,៥% នៃ​ប្រជាជន​ទូទាំង​ប្រទេស ១០,៥% សម្រាប់​ការនេសាទ​ជា​លក្ខណៈអាជីព និង ៣៥% សម្រាប់​ការ​នេសាទ​ចិញ្ចឹម​ជីវិត។ នេះ​បើតាម​របាយការណ៍​របស់​ជលផ​ល​កម្ពុជា