ក្មេងស្រីឥណ្ឌាជិត២៣លាននាក់បោះបង់ការសិក្សា ដោយសារខ្វះឧបករណ៍ធ្វើអនាម័យពេលមករដូវ។ រូបភាព៖ BBC

ក្រុមសិស្សសាលាក្មេងស្រីរបស់ឥណ្ឌាដែលបាននាំគ្នាស្នើសុំឱ្យរដ្ឋាភិបាលផ្ដល់សំឡីអនាម័យដោយឥតគិតថ្លៃ កំពុងបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសនេះ។ ពួកគេបានស្នើសុំបែបនេះ នៅក្នុងសិក្ខាសាលាមួយដែលរៀបចំដោយអង្គការយូនីសេហ្វេ(Unicef) នៅរដ្ឋ ប៊ីហារ ដែលស្ថិតនៅខាងកើតប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារទី២០កញ្ញានេះ។

ការមករដូវរបស់ក្មេងស្រី គឺជាប្រធានបទដ៏ក្ដៅគគុកមួយ ដោយសារស្រ្ដីដែលមករដូវជារឿយៗ ត្រូវបានគេដាក់ឱ្យស្ថិតក្រោមការរឹតបន្តឹងដ៏ធ្ងន់ធ្ងរ។ យ៉ាងហោចណាស់នៅក្នុងប្រទេសឥណ្ឌា មានក្មេងស្រីជិត២៣លាននាក់ ត្រូវបង្ខំបោះបង់ការសិក្សាដោយសារគ្មានឧបករណ៍ដើម្បីធ្វើអនាម័យនៅពេលពួកគេមករដូវ។

នៅក្នុងរដ្ឋប៊ីហារ ជារដ្ឋក្រីក្របំផុតមួយរបស់ប្រទេសឥណ្ឌា គឺមានតែស្ត្រី៥៩%ប៉ុណ្ណោះ ដែលមានលទ្ធភាពប្រើប្រាស់សម្ភារៈអនាម័យនៅពេលមករដូវ នេះបើយោងតាមការស្ទង់មតិសុខភាពគ្រួសារជាតិចុងក្រោយបំផុត ជាការស្ទង់មតិគ្រួសារដ៏ទូលំទូលាយបំផុតអំពីសូចនាករសុខភាព និងសង្គមដោយរដ្ឋាភិបាលឥណ្ឌា។

នៅក្នុងសិក្ខាសាលកាលពីថ្ងៃអង្គារ ក្រុមសិស្សក្មេងស្រីបានស្នើទៅមន្រ្តីជាន់ខ្ពស់ម្នាក់ ដើម្បីឱ្យរដ្ឋាភិបាលជួយផ្ដល់សំឡីអនាម័យឥតគិតថ្លៃ ខណៈសំឡីអនាម័យមួយគឺមានតម្លៃប្រហែល០.២៥ទៅ០.៣៧ដុល្លារ។ ក្រុមសិស្សដែលវ័យចន្លោះ១៥ទៅ១៦ឆ្នាំទាំងនោះក៏បានលើកឡើងពីបន្ទប់ទឹកបែកបាក់នៅតាមសាលារៀនរបស់ពួកគេ រួមទាំងការលំបាកក្នុងការប្រើប្រាស់បន្ទប់ទឹកទាំងនោះ។

ប៉ុន្តែការស្នើសុំរបស់ក្មេងស្រីដែលជាសិស្សទាំងអស់នោះ ហាក់រំខានចិត្តលោកស្រី Harjot Kaur Bhamra ជាមន្រ្តីការិយាល័យជាន់ខ្ពស់នៅក្នុងក្រសួងសុខុមាលភាពស្រ្ដីនិងក្មេងស្រី និងធ្វើឱ្យមន្រ្តីរូបនេះប្រតិកម្មតបទៅវិញទាំងកំហឹង។

មន្រ្តីជាន់ខ្ពស់រូបនេះនិយាយថា ហេតុអ្វីចាំបាច់យកអ្វីៗទាំងអស់ពីរដ្ឋាភិបាល ដោយលោកស្រីបន្តថា នេះគឺជារបៀបនៃការគិតត្រូវតែផ្លាស់ប្តូរ ហើយត្រូវតែធ្វើវាដោយខ្លួនឯង។ មន្រ្តីរូបនេះលើកឡើងទៀតថា នេះគឺជាភាពល្ងង់ខ្លៅ ហើយកុំទៅបោះឆ្នោតអី និងគួរតែក្លាយជាជនប៉ាគីស្ថានទៅ។

បន្ទាប់ពីវីដេអូបង្ហាញពីការឆ្លើយតបបែបកំហឹងរបស់មន្រ្តីទៅកាន់ក្មេងស្រីដែលជាសិស្សសាលាទាំងនោះ ត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មនុស្សជាច្រើនបានហៅការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់រូបនេះថាគួរឱ្យស្អប់ខ្ពើម និងមិនសមធ្វើជាមន្ត្រីសាធារណៈឡើយ។

ក្រោយមកលោកស្រី Bhamra បានអះអាងថា ការរាយការណ៍អំពីព្រឹត្តិការណ៍នេះ គឺជារឿងមិនពិត និងមានចេតនាចង់ព្យាបាទ ដោយលោកស្រីថែមទាំងបានគំរាមចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងកាសែតហិណ្ឌូដែលបានរាយការណ៍ពីមតិរបស់នាងនេះ៕