នៅថ្ងៃសុក្រនេះ ប្រទេស​រុស្ស៊ី​បានរៀបចំ​ពិធីយ៉ាងឱឡារិកនៅក្នុងរដ្ឋធានីរបស់ខ្លួន ​ដើម្បី​ចុះហត្ថលេខាដាក់​បញ្ចូល​ជា​ផ្លូវការ​​តំបន់ចំនួន៤នៃ​ប្រទេស​អ៊ុយក្រែន ​ជា​ទឹកដី​របស់ខ្លួន ហើយថែមទាំងប្រគុំតន្ត្រីដើម្បីអបអរដល់ពិធីដាក់បញ្ចូលទឹកដីនេះ។ ប៉ុន្តែទង្វើនេះ ​ត្រូវបាន​ប្រទេស​អ៊ុយក្រែន​និង​សម្ព័ន្ធមិត្ត​លោកខាងលិច​បាន​ច្រានចោល​ និងចាត់ទុកថាជាអំពើ​ខុស​ច្បាប់និងឥតអៀនខ្មាស។

តំបន់​ទាំង៤ ដែលលោក ពូទីន ដណ្ដើមពីអ៊ុយក្រែនយកមកកាន់កាប់នោះ ​គឺ​តំបន់ Donetsk តំបន់ Kherson តំបន់ Luhansk និង​តំបន់ Zaporizhzhia ដែល​តំបន់​ទាំង៤នេះ​មាន​ទំហំ​ស្មើ​នឹង​ប្រមាណ ១៥% នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​អ៊ុយក្រែន។

រដ្ឋាភិបាល​រុស្ស៊ី​បាន​ត្រួសត្រាយ​ឱ្យ​មាន​ការ​ធ្វើ​ប្រជាមតិ​នៃ​តំបន់​ទាំង៤នេះ ​ដើម្បី​ដាក់​បញ្ចូល​ជា​ផ្នែក​មួយ​នៃ​ប្រទេសរបស់ខ្លួន ដែល​ការ​ធ្វើ​ប្រជាមតិ​នេះ​បាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃ​អង្គារ ដោយ​ក្នុង​នោះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​រុស្ស៊ី គេ​ឃើញ​ថា​សំឡេង​ភាគ​ច្រើន​បាន​គាំទ្រ​ឱ្យ​មាន​ការ​ដាក់​បញ្ចូល​នេះ។

កាលពីឆ្នាំ២០១៤កន្លងទៅនេះ ប្រទេសរុស្ស៊ីក៏ធ្លាប់បានធ្វើពិធីទទួលស្គាល់តំបន់គ្រីមៀរបស់អ៊ុយក្រែន ដើម្បីដាក់បញ្ចូលជាទឹកដីរបស់ខ្លួនដែរ បន្ទាប់ពីមានការបោះឆ្នោតធ្វើប្រជាមតិ ថ្វីត្បិតត្រូវប្រឈមការប្រឆាំងជំទាស់យ៉ាងខ្លាំងពីសហគមណន៍អន្តរជាតិភាគច្រើនយ៉ាងណាក្ដី។

ប្រធានាធិបតីអ៊ុយក្រែនលោក វ្លាឌីមៀ ហ្សេលេនស្គី បាននិយាយថា ការបោះឆ្នោតប្រជាមតិនៅតំបន់ទាំង៤នោះ គឺជាធ្វើឡើងដោយក្លែងក្លាយ គ្មានតម្លៃ និងមិនបានផ្លាស់ប្តូរការពិតនោះទេ ហើយលោកថា បុរណភាពទឹកដីរបស់អ៊ុយក្រែននឹងត្រូវបានស្តារឡើងវិញ ហើយប្រតិកម្មរបស់អ៊ុយក្រែនចំពោះការទទួលស្គាល់លទ្ធផលដោយរុស្ស៊ីនឹងមានសភាពធ្ងន់ធ្ងរ។

ការបោះឆ្នោតប្រជាមតិដើម្បីកាត់ផ្ដាច់ទឹកដីអ៊ុយក្រែងទាំង៤តំបន់នេះ គឺធ្វើឡើងដោយគ្មាន​ការ​ត្រួត​ពិនិត្យ​ឯករាជ្យ​ ហើយ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត ថែមទាំង​ត្រូវ​បាន​គេ​ថតជាប់ នៅពេល​ចុះទៅតាម​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដែល​អម​ដោយ​ទាហាន​ប្រដាប់​អាវុធរបស់រុស្ស៊ី។

ដូចនៅតំបន់គ្រីមៀដែរ សភាទាំងពីររបស់រុស្ស៊ីនឹងផ្តល់សច្ចាប័នជាផ្លូវការលើសន្ធិសញ្ញាបញ្ចូលទឹកដីបន្ថែមនេះ ខណៈប្រធានាធិបតី​រុ​ស្ស៊ី​លោក វ្លាឌីមៀ ពូទីន ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ថ្លែង​ទៅកាន់​សភា​ជាន់​ខ្ពស់​នៅ​ថ្ងៃ​ទី​៤តុលា បី​ថ្ងៃ​មុន​ថ្ងៃ​ខួបកំណើត​អាយុ​៧០​ឆ្នាំ​របស់​លោក ។

ចំណែកសហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ដោយសារការបោះឆ្នោតប្រជាមតិនេះ ខណៈប្រទេសជាសមាជិកសហភាពអឺរ៉ុបកំពុងពិចារណាវិធានការណ៍ជុំទីប្រាំបី រួមទាំងការដាក់ទណ្ឌកម្មលើនរណាដែលពាក់ព័ន្ធនឹងការបោះឆ្នោតប្រជាមតិនេះ៕