រូបភាព៖ ផ្តល់ឱ្យដោយ ក្រុមហ៊ុន សុវណ្ណចិន្តា

បច្ចុប្បន្នការអភិរក្សសត្វត្រចៀកកាំត្រូវបានគេសង្កេតឃើញថា មានការរីកចម្រើនគួរឱ្យគត់សម្គាល់ ព្រោះមុខរបរនេះផ្តល់ប្រាក់ចំណូលច្រើន និងទទួលបានផលក្នុងរយៈពេលយូរ។

អ្នកជំនាញផ្នែកសាងសង់ផ្ទះត្រចៀកកាំអះអាងថា ដើម្បីសាងសង់ផ្ទះអភិរក្សសត្វត្រចៀកកាំទទួលបានជោគជ័យ កសិករត្រូវសិក្សា៣ចំណុចសំខាន់ៗ ដូចជា ទីតាំង ដើមទុន និងជ្រើសរើសក្រុមហ៊ុនសាងសង់ផ្ទះត្រចៀកកាំ។

រូបភាព៖ ហ្វេសប៊ុក សុវណ្ណចិន្តា Khmer

លោក សុវណ្ណ ចិន្តា ម្ចាស់ក្រុមហ៊ុនសុវណ្ណចិន្តា ដែលមានឯកទេសសាងសង់ផ្ទះត្រចៀកកាំ បានលើកឡើងថា កសិករដែលមានបំណងសាងសង់ផ្ទះ អភិរក្សត្រចៀកាំ ជំហានដំបូងត្រូវសិក្សាពីទីតាំង និងបរិយាកាសជុំវិញ ឱ្យបានច្បាស់លាស់។

លោកថ្លែងដូច្នេះថា៖«មុនសាងសង់យើងត្រូវសិក្សាពីទីតាំងសិន យើងទៅមើលទីតាំងជុំវិញហ្នឹងសិន ថាតើយើងត្រូវសាងសង់ទំហំប៉ុណ្ណោ ដែលវាត្រូវស្តង់ដារ ហើយយើងត្រូវធ្វើតេស្តសិន បើវាអំណោយផលច្រើន យើងអាចសាងសង់បាន។ បើថាយើងធ្វើតេស្តទៅមានសត្វត្រចៀកកាំក្រោមពី៥ក្បាលចុះ យើងមិនអាចធ្វើបាននោះ ប៉ុន្តែបើមាន៥០ក្បាលឡើង យើងអាចធ្វើបានហើយ»។

លោកបន្តថា ការជ្រើសរើសទីតាំងសម្រាប់សាងសង់ផ្ទះត្រចៀកកាំ ក៏សំខាន់ដែរ ប៉ុន្តែអ្វីដែលកាន់តែសំខាន់នោះ គឺជំនាញក្នុងការសាងសង់ផ្ទះត្រៀកកាំ។

លោកមានប្រសាសន៍ថា៖«បើយើងអត់ជំនាញ ទីតាំងល្អយ៉ាងណាក៏យើងអាចបរាជ័យដែរ ព្រោះជាងខ្លះគាត់សាងសង់ចំទីតាំងល្អៗច្រើន ប៉ុន្តែគាត់រៀបចំនៅខាងក្នុងអត់ត្រូវស្តង់ដារ ដូច្នេះវាមិនអាចមានសត្វចូលរស់នៅ។ និយាយឱ្យសំខាន់ទៅ អាស្រ័យលើបច្ចេកទេសយើងដែរ ទីតាំងមិនថា នៅភ្នំពេញ នៅតាមខេត្ត នៅក្រុងអីនោះទេ យើងអាចធ្វើសាងសង់បានទាំងអស់»។

រូបភាព៖ ហ្វេសប៊ុក សុវណ្ណចិន្តា Khmer

លោកបន្ថែមថា កសិករដែលមានបំណងសាងសង់ផ្ទះអភិរក្សត្រចៀកកាំ ត្រូវមានដើមទុនយ៉ាងហោចណាស់៥ម៉ឺនដុល្លារឡើងទៅ ទើបអាចសាងសង់បាន ព្រោះផ្ទះអភិរក្សត្រចៀកកាំមានតម្លៃពីជាង៥ម៉ឺន ទៅ២០ម៉ឺនដុល្លារ ទៅតាមទំហំផ្ទះ។

លោកបានផ្តល់ជាយោបល់ដែរថា មុនសម្រេចចិត្តសាងសង់ផ្ទះត្រចៀកកាំ ពលរដ្ឋត្រូវសិក្សាពីក្រុមហ៊ុនសាងសង់ឱ្យបានច្បាស់តើពិតជាមានជំនាញមែនដែរឬទេ ព្រោះកន្លងមកមានកសិករច្រើនណាស់ ដែលបរាជ័យ ដោយសារសាងសង់ផ្ទះហើយ គ្មានសត្វចូលរស់នៅ។

លោកថ្លែងដូច្នេះថា៖«មុនគាត់សាងសង់ផ្ទះត្រចៀកកាំ គាត់ត្រូវជ្រើសរើសក្រុមហ៊ុនណា ដែលគាត់ជឿជាក់ និងមានទំនុកចិត្ត ហើយកុំមើលតែតាមគេផុសតាមហ្វេសប៊ុក ព្រោះឥឡូវសម្បូរណាស់ មានអ្នកកាត់ត យករូបភាពផ្ទះសាងសង់នៅម៉ាឡេស៊ី និងវៀតណាម យកមកផុសថាខ្លួនឯងអ្នកដំឡើង»។

លោកថា កសិករត្រូវតាមដានផេកហ្វេសប៊ុកក្រុមហ៊ុន ដែលខ្លួនចង់យកសេវាកម្មសាងសង់ ថាតើក្រុមហ៊ុនបានសាងសង់បានប៉ុន្មានផ្ទះ មានទីតាំងនៅណាខ្លះ ហើយទទួលបានជោគជ័យកម្រិតណា។

លោកថ្លែងថា៖«កុំឱ្យតែគេមានតែផ្ទះមួយសោះ ផុសឡើង ផុសចុះ ហើយយើងអត់បានចាប់អារម្មណ៍ចំណុចហ្នឹងហើយយើងក៏ចាញ់បោកគេដែរ ព្រោះសម្បូរណាស់ភ្ញៀវឆាតមក ដែលជួបញ្ហាបរាជ័យ។ មុនដំបូងឃើញផុសរូបស្មានតែគេជោគជ័យ តាមពិតយករូបផ្សេងៗកាត់ត ដើម្បីផុសហ្នឹង មិនមែនរបស់ខ្លួនឯងផងហ្នឹង។ អ្នកខ្លះមានផ្ទះ សាងសង់ដោយអ្នកជំនាញមកពីក្រៅ ហើយតាំងខ្លួនឯងជាជាង(អ្នកជំនាញ) ហើយទៅធ្វើឱ្យគេបរាជ័យ»។

ដើម្បីសាងសង់ផ្ទះត្រចៀកកាំទទួលបានជោគជ័យ កសិករត្រូវស្វែងរកជាងណាដែលមានការធានា សាងសង់ផ្ទះត្រចៀកកាំរយៈពេលពី៣ទៅ៦ខែ ទទួលបានផលត្រចៀកកាំ និងចំណេញពេលវេលា។ ជាចុងក្រោយ លោកបានបញ្ជាក់ថា ការសាងសង់ផ្ទះត្រចៀកកាំចាំបាច់ត្រួវមានជំនាញ ក្នុងការបំពាក់ឧបករណ៍ បច្ចេកទេសនៅខាងក្នុងផ្ទះ ទើបមានសត្វចូលរស់នៅច្រើន បើគ្មានជំនាញបច្ចេកទេសនោះទេ នឹងបរាជ័យ គ្មានសត្វចូលរស់នៅទេ៕

រូបភាព៖ សុវណ្ណចន្តា Khmer