លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោ អញ្ញើញជាអធិបតី​កាត់ខ្សែបូ​សម្ពោធរោងចក្រ​ផលិត​ស្រោម​ដៃ​ពេទ្យ​ដ៏ទំនើប​ នៅ​ក្រុងបាវិត ខេត្ត​ស្វាយ​រៀង​។​រូបភាព៖ រដ្ឋបាលខេត្ត​ស្វាយ​រៀង​

ក្រុមហ៊ុន RMKH Glove (Cambodia) Co., Ltd បានសម្ពោធបើករោងចក្រផលិតស្រោមដៃ ពេទ្យគ្រប់ប្រភេទដ៏ទំនើប មានតម្លៃ៨០លានដុល្លារ នៅថ្ងៃសុក្រនេះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនក្រុងបាវិត ខេត្តស្វាយរៀង។

លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោ និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធនេះ។

លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោ។រូបភាព៖​រដ្ឋបាលខេត្ត​ស្វាយ​រៀង​

លោក ហ៊ុន ម៉ាណែត បានថ្លែងបើកកម្មវិធីសម្ពោធនេះដោយបានការវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តបណ្តាក់ទុនការសាងសង់រោងចក្រផលិតស្រោមដៃពេទ្យបែបទំនើបខ្នាតធំនៅក្នុងទីក្រុងបាវិត។ រោងចក្រនេះបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០២១ គឺអំឡុងកម្ពុជាកំពុងទទួលរងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

លោកថ្លែងដូច្នេះថា៖«ទង្វើនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញថាក្រុមហ៊ុន ពិតជាមានការជឿជាក់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមសុខរួមទុក្ខជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ មួយវិញទៀត ការបណ្តាក់ទុននេះ ក៏ជាការចូលរួមចំណែកយ៉ាងសំខាន់របស់ក្រុមហ៊ុននៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស ក្នុងការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិនៃជំងឺកូវីដ១៩»។

លោក ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ច​ខ្សែចង្វាក់​ផលិតកម្ម​ក្នុង​រោងចក្រ​ក្នុងអំឡុងកម្មវិធី​សម្ពោធ​បើកនៅ​ថ្ងៃទី៣០ កញ្ញានេះ។រូបភាព៖​រដ្ឋបាលខេត្តស្វាយរៀង​

លោកបន្តថា ក្រុងបាវិត គឺជាមជ្ឈមណ្ឌលផលិតកម្ម ដែលបានស្រូបយកកម្លាំងពលកម្មដ៏ច្រើនសន្ធឹកសន្ធាប់ និងគ្រប់ផ្នែក គ្រប់វិស័យ ហើយក៏អាចត្រូវបានចាត់ទុកជានិមិត្តរូបនៃការអភិវឌ្ឍរីកចម្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកឧត្តមសេនីយ៍ថ្លែងបន្តថា៖«ជាក់ស្តែង ក្រុងបាវិតមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើន ដោយក្នុងនេះមានរោងចក្រសរុបចំនួន១៧៨ និងបានផ្តល់ការងារជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៩ម៉ឺននាក់ ដែលពិតជាខុសស្រឡះពីការភ័ន្តច្រឡំមួយចំនួនដែលយល់ថា ទីក្រុងបាវិតជាទីក្រុងនៃសេវាកម្មកាស៊ីណូ»។

កាលពីឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងបង្កើតរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទរបស់ ក្រុមហ៊ុន RMKH Glove (Cambodia) ជាមួយនឹងទុនវិនិយោគប្រមាណ ៨០លានដុល្លារ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង និងបង្កើតការងារបានចំនួនប្រមាណ ៧៨០កន្លែង៕