អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី Kamala Harris ទស្សនា​តំបន់​គ្មាន​យោធា (DMZ) នៅ​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២២។

ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង — នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី Kamala Harris និង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Yoon Suk-yeol បាន​ថ្កោលទោស​វោហារសាស្ត្រ​កាន់តែ​ខ្លាំង​ឡើង​របស់​ប្រទេស​កូរ៉េ​ខាងជើង​រឿង​នុយក្លេអ៊ែរ​និង​ការ​សាកល្បង​អាវុធ​របស់​ប្រទេស​នេះ បន្ទាប់ពី​ប្រទេស​នេះ​បាន​សាកល្បង​មីស៊ីល​កាលពី​យប់​ថ្ងៃ​ពុធ។

អ្នកស្រី Harris បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក Yoon បន្ទាប់ពី​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋធានី​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ចំពេល​ដែល​ស្ថានការណ៍​នៅ​ក្នុង​តំបន់​កំពុង​ពុះ​កញ្ជ្រោល​ឡើង​ទាក់ទិន​នឹង​ការ​សាកល្បង​មីស៊ីល​របស់​កូរ៉េ​ខាងជើង​និង​សកម្មភាព​របស់​ប្រទេស​ចិន​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។

ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Harris ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​រឹងមាំ​របស់​សហរដ្ឋ​អាមេរិក​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំពេល​ដែល​ប្រទេស​កូរ៉េ​ខាងជើង​ត្រៀម​សាកល្បង​អាវុធ​នុយក្លេអ៊ែរ។ មន្ត្រី​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា កូរ៉េ​ខាងជើង​បាន​ត្រៀម​លក្ខណៈ​ចប់​សព្វគ្រប់​រួចរាល់​ហើយ​ដើម្បី​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី ៧ របស់​ខ្លួន​នៅ​រវាង​ថ្ងៃ​ទី ១៦ ខែ​តុលា​និង​ថ្ងៃ​ទី ៧ ខែ​វិច្ឆិកា​ខាង​មុខ។

សេតវិមាន​ប្រធានាធិបតី​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «អ្នកស្រី Harris និង​លោក Yoon បាន​ថ្កោលទោស​វោហារសាស្ត្រ​បែប​បង្ក​ហេតុ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​រឿង​នុយក្លេអ៊ែរ​និង​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​របស់​ប្រទេស​នេះ»។

សេតវិមាន​បាន​បន្ថែម​ថា៖ «អ្នកស្រី Harris និង​លោក Yoon បាន​ពិភាក្សា​អំពី​ការ​ឆ្លើយតប​របស់​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងត្បូង​ចំពោះ​ការ​បង្កហេតុ​ណា​មួយ​ដែល​អាច​ធ្វើ​ឡើង​នៅ​ពេល​អនាគត ដែល​ក្នុង​នោះ​រួម​មាន​ទាំង​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​ជាមួយ​នឹង​ប្រទេស​ជប៉ុន​ផងដែរ»។

សេតវិមាន​បាន​បញ្ជាក់​បន្ត​ថា អ្នកស្រី Harris និង​លោក Yoon បាន​អះអាង​ជា​ថ្មី​អំពី​គោល​បំណង​រួម​នៃ​ការ​ធ្វើ​ឱ្យ​មាន​ការ​លុប​បំបាត់​ទាំងស្រុង​នៃ​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ។

ខុទ្ទកាល័យ​របស់​លោក Yoon បាន​លើកឡើង​ថា ប្រសិនបើ​ប្រទេស​កូរ៉េ​ខាងជើង​បន្ត​ទៅ​មុខ​នូវ​ការ​បង្កហេតុ​ធ្ងន់ធ្ងរ​ដូចជា​ការ​សាកល្បង​នុយក្លេអ៊ែរ​ជាដើម កូរ៉េ​ខាងត្បូង​និង​សហរដ្ឋ​អាមេរិក​បាន​ឯកភាព​គ្នា​នៅ​ក្នុង​ការ​អនុវត្ត​ភ្លាមៗ​នូវ «វិធានការ​តបត​ទៅ​វិញ​រួម​គ្នា​ដែល​បាន​ត្រៀម​រួច​ជា​ស្រេច»។

ទាក់ទិន​នឹង​រឿង​តៃវ៉ាន់ អ្នកស្រី Harris បាន​គូស​បញ្ជាក់​ថា កិច្ច​ប្រឹងប្រែង​នៅ​ក្នុង​ការ​រក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​គឺ​ជា «ផ្នែក​ដ៏​សំខាន់​មួយ​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​មាន​លក្ខណៈ​សេរី​និង​បើក​ចំហ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេតវិមាន។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ បន្ទាប់ពី​ជំនួប​ជាមួយ​នឹង​លោក Yoon នេះ អ្នកស្រី Harris បាន​ធ្វើ​ទស្សនកិច្ច​លើក​ដំបូង​បង្អស់​របស់​អ្នកស្រី​ទៅកាន់​តំបន់​គ្មាន​យោធា (DMZ) នៅ​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ។

ជំនួយការ​របស់​អ្នកស្រី​បាន​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់ DMZ នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​បង្ហាញ​ការ​តាំងចិត្ត​មិន​ងាករេ​ផ្នែក​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​កូរ៉េ​ខាងត្បូង។

នៅ​ឯ​តំបន់ DMZ នោះ អ្នកស្រី Harris បាន​បន្ត​ថ្កោលទោស​ប្រទេស​កូរ៉េ​ខាងជើង ដោយ​អ្នកស្រី​បាន​និយាយ​ថា៖ «នៅ​ប្រទេស​កូរ៉េ​ខាងជើង យើង​ឃើញ​មាន​របប​ផ្ដាច់ការ​ឃោរឃៅ ការ​រំលោភ​សិទ្ធិ​មនុស្ស​រាលដាល និង​កម្មវិធី​អាវុធ​ខុស​ច្បាប់​ដែល​គំរាមកំហែង​ដល់​សន្តិភាព​និង​ស្ថិរភាព»៕