ស្ត្រី​ម្នាក់​ដើរ​កាត់​បដា​បង្ហាញ​លិខិតឆ្លងដែន​រុស្ស៊ី នៅ​ទីក្រុង Luhansk ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២២ គឺ​នៅ​មួយ​ថ្ងៃ​ក្រោយ​ពី​មាន​ការ​បោះឆ្នោត​ប្រជាមតិ​នៅ​តំបន់​ដែល​កាន់កាប់​ដោយ​ក្រុង​មូស្គូ ដើម្បី​បញ្ចូល​​តំបន់​ទាំង​នោះ​ជា​ផ្នែក​មួយ​របស់​រុស្ស៊ី។

រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​រុស្ស៊ី​នឹង​រៀបចំ​ពិធី​មួយ​នៅ​ថ្ងៃ​សុក្រ​ស្អែក​ដើម្បី​ដាក់​បញ្ចូល​ជា​ផ្លូវការ​នូវ​តំបន់ ៤ នៃ​ប្រទេស​អ៊ុយក្រែន​ជា​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ី ដែល​នេះ​គឺ​ជា​ដំណើរការ​មួយ​ដែល​ប្រទេស​អ៊ុយក្រែន​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​ច្រានចោល​ថា​ខុស​ច្បាប់។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ពិធី​នេះ​នឹង​មាន​វត្តមាន​ចូលរួម​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​មេដឹកនាំ​ដែល​តែងតាំង​ដោយ​រុស្ស៊ី​ នៃ​តំបន់​ទាំង ៤ នោះ។

តំបន់​ទាំង ៤ នោះ​គឺ​តំបន់ Donetsk តំបន់ Kherson តំបន់ Luhansk និង​តំបន់ Zaporizhzhia ដែល​តំបន់​ទាំង ៤ នេះ​មាន​ទំហំ​ស្មើ​នឹង​ប្រមាណ ១៥% នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​អ៊ុយក្រែន។

រដ្ឋាភិបាល​រុស្ស៊ី​បាន​ត្រួសត្រាយ​ឱ្យ​មាន​ការ​ធ្វើ​ប្រជាមតិ​នៃ​តំបន់​ទាំង ៤ នេះ​ដើម្បី​ដាក់​បញ្ចូល​ជា​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ី ដែល​ការ​ធ្វើ​ប្រជាមតិ​នេះ​បាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃ​អង្គារ ដោយ​ក្នុង​នោះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​រុស្ស៊ី គេ​ឃើញ​ថា​សំឡេង​ភាគ​ច្រើន​បាន​គាំទ្រ​ឱ្យ​មាន​ការ​ដាក់​បញ្ចូល​នេះ។

អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz បាន​សរសេរ​នៅ​លើ Twitter នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​បាន​ធានា​ចំពោះ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថា ប្រទេស​អាល្លឺម៉ង់​នឹង​មិន​ទទួល​ស្គាល់ «លទ្ធផល [នៃ​ការ​ធ្វើ​ប្រជាមតិ]» នេះ​ទេ។

លោក Scholz បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ការ​ធ្វើ​ប្រជាមតិ​ក្លែងក្លាយ​ដែល​ធ្វើ​ឡើង​ដោយ​លោក Putin នៅ​ក្នុង​តំបន់​ដែល​ត្រួតត្រា​ខុស​ច្បាប់​ក្នុង​ប្រទេស​អ៊ុយក្រែន​ទាំង​នេះ​គឺ​គ្មាន​ន័យ​អ្វី​ទាំង​អស់»។

អ្នកស្រី Karine Jean-Pierre អ្នក​នាំពាក្យ​សេតវិមាន​ប្រធានាធិបតី​អាមេរិក បាន​ប្រាប់​អ្នក​កាសែត​កាលពី​ថ្ងៃ​ពុធ​ថា សហរដ្ឋ​អាមេរិក​រំពឹង​ថា​រុស្ស៊ី «នឹង​ប្រើ​ការ​ធ្វើ​ប្រជាមតិ​ក្លែងក្លាយ​ទាំង​នេះ​ជា​លេស​មិន​ត្រឹមត្រូវ​ដើម្បី​ព្យាយាម​ភ្ជាប់​យក​ដែនដី​របស់​អ៊ុយក្រែន​ដោយ​រំលោភ​យ៉ាង​ជាក់ស្ដែង​លើ​ច្បាប់​អន្តរជាតិ​និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ»។

អ្នកស្រី​បាន​បន្ថែម​ថា មិន​ថា​រុស្ស៊ី​អះអាង​យ៉ាង​ណា​នោះ​ទេ តំបន់​ទាំង​នោះ​នៅតែ​ជា​ដែនដី​របស់​អ៊ុយក្រែន​ដដែល។

អ្នកស្រី Jean-Pierre បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ដើម្បី​ជា​ការ​ឆ្លើយតប យើង​នឹង​ធ្វើការ​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​យើង​ដើម្បី​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​លើ​ប្រទេស​រុស្ស៊ី​និង​បុគ្គល​និង​អង្គភាព​ទាំង​នៅ​ក្នុង​និង​នៅ​ក្រៅ​ប្រទេស​រុស្ស៊ី​ដែល​ផ្ដល់​ការ​គាំទ្រ​ដល់​ទង្វើ​នេះ»។

ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​អ្នកស្រី Ursula von der Leyen បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សហភាព​អឺរ៉ុប​កំពុង​ត្រៀម​ឆ្លើយតប​ដោយ «ដាក់​ការ​ហាមឃាត់​ថ្មី​ទាំងស្រុង​លើ​ការ​នាំចូល​ផលិតផល​ពី​ប្រទេស​រុស្ស៊ី» និង​កំពុង​ត្រៀម​ពង្រីក​ការ​ហាមឃាត់​របស់​ខ្លួន​លើ​ការ​នាំចេញ «ដើម្បី​ធ្វើ​ឱ្យ​យោធា​រុស្ស៊ី​ខ្សោះ​អស់​បច្ចេកវិទ្យា​សំខាន់ៗ»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។