ផ្លួវ​កណ្តាល​ក្រុង Fort Myers រដ្ឋ Florida ត្រូវ​ទឹក​ជន់​លិច​​​​ដោយ​សារ​ខ្យល់​ព្យុះ Ian ដែល​បាន​បោកបក់​នៅ​ទី​នោះ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២២។

មនុស្ស​ជិត ២ លាន​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់ ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​អ្នក​ជួយ​សង្គ្រោះ​និង​ពលរដ្ឋ​បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​និង​ស្វែងរក​ក្រែង​មាន​អ្នក​ដែល​បាន​បាត់​ខ្លួន នៅ​ពេល​ដែល​ព្យុះ Ian បាន​បក់បោក​កាត់​តាម​រដ្ឋ Florida របស់​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ពុធ។

ព្យុះ​នេះ​បាន​បង្ក​ឱ្យ​មាន​ទឹក​ជំនន់​ខ្លាំងក្លា​ដែល​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​នៅ​តាម​សហគមន៍​នានា​នៅ​ក្នុង​រដ្ឋ Florida មុន​ពេល​វា​បក់បោក​កាត់​ទូទាំង​រដ្ឋ​ឆ្ពោះ​ទៅកាន់​មហា​សមុទ្រ​អាត្លង់ទិក។

មជ្ឈមណ្ឌល​ព្យុះសង្ឃរា​ជាតិ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​រំពឹង​ថា ព្យុះ​នេះ​នឹង​ថមថយ​ឥទ្ធិពល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្តែ​វា​អាច​មាន​ឥទ្ធិពល​ខ្លាំង​ដូច​ព្យុះ​សង្ឃរា​ម្ដង​ទៀត​នៅ​ពេល​ដែល​វា​បក់បោក​ជិត​ដល់​រដ្ឋ South Carolina នៅ​ថ្ងៃ​សុក្រ​ស្អែក។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ព្យុះ​នេះ​មាន​ល្បឿន​ខ្យល់​ជា​អតិបរមា​ក្នុង​កម្រិត​ថេរ​ប្រហែល ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ពលរដ្ឋ​ជាង ២ លាន​នាក់​នៅ​តាម​តំបន់​ឆ្នេរ​ភាគ​ខាង​លិច​រដ្ឋ Florida ត្រូវ​បាន​អាជ្ញាធរ​ប្រាប់​ឱ្យ​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​នៅ​មុន​ពេល​ព្យុះ​នេះ​បក់បោក​មក​ដល់។

អភិបាល​រដ្ឋ Florida លោក Ron DeSantis បាន​ប្រាប់​អ្នក​កាសែត​កាលពី​ថ្ងៃ​ពុធ​ថា ព្យុះ​នេះ​បាន​បង្ក​ឱ្យ​មាន «ការ​ខូចខាត​យ៉ាង​ច្រើន»។

លោក DeSantis បាន​បន្ថែម​ថា៖ «ផល​ប៉ះពាល់​នៃ​ព្យុះ​នេះ​គឺ​ជា​ប្រវត្តិសាស្ត្រ​ហើយ​ការ​ខូចខាត​ដោយសារ​ព្យុះ​នេះ​ក៏​ជា​ប្រវត្តិសាស្ត្រ​ដែរ។ យើង​មិន​ដែល​ឃើញ​មាន​ទឹក​ជំនន់​ដូច​នេះ​កើត​ឡើង​នោះ​ទេ។ យើង​មិន​ដែល​ឃើញ​ព្យុះ​ណា​ដែល​មាន​ទំហំ​ដូច​នេះ​ទេ»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រកាស​ដាក់​រដ្ឋ Florida ក្នុង​ភាព​អាសន្ន ដោយ​អនុញ្ញាត​ឱ្យ​ទីភ្នាក់ងារ​សហព័ន្ធ​គ្រប់គ្រង​គ្រោះ​មហន្តរាយ (FEMA) ធ្វើ​ការ​សម្របសម្រួល​កិច្ច​ប្រឹងប្រែង​ជួយ​សង្គ្រោះ​និង​ផ្ដល់​ជំនួយ​រដ្ឋាភិបាល​សហព័ន្ធ​បន្ថែម​ទៀត។

លោក Biden បាន​និយាយ​ជាមួយ​នឹង​លោក DeSantis នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​បាន​បញ្ជាក់​ថា រដ្ឋបាល​របស់​លោក​បាន​ប្ដេជ្ញា​បន្ត​កិច្ច​សម្របសម្រួល​ជិតស្និទ្ធ និង​ថា​ប្រធាន​ទីភ្នាក់ងារ FEMA អ្នកស្រី Deanne Criswell នឹង​ធ្វើ​ដំណើរ​ទៅ​រដ្ឋ Florida នៅ​ថ្ងៃ​សុក្រ​ស្អែក។

អ្នកស្រី Criswell បាន​បញ្ជាក់​ប្រាប់​បណ្ដាញ​ព័ត៌មាន CNN ថា ការ​ខូចខាត​ដែល​បណ្ដាល​មកពី​ព្យុះ Ian នេះ​នឹង​មាន​លក្ខណៈ​មហន្តរាយ​ខ្លាំង ហើយ​ទីភ្នាក់ងារ FEMA កំពុង​ត្រៀម​រៀបចំ​សម្រាប់​មនុស្ស​រាប់​ពាន់​នាក់​ដែល​អាច​ត្រូវ​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សម្បែង​រយៈពេល​យូរ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។