រូប​ឯកសារ៖ ទង់ជាតិ​កូរ៉េខាងជើង​បក់​នៅ​ត្រង់​ភូមិ​សម្រាប់​ឃោសនា​ Gijungdong នៅ​តំបន់​គ្មាន​យោធា (DMZ) តាម​បណ្តោយ​ព្រំដែន​ដែល​បែងចែក​កូរ៉េ​ទាំង​ពីរ កាល​ពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២២។

ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង — កាលពី​ថ្ងៃ​ពុធ សមាជិក​សភា​ប្រទេស​កូរ៉េ​ខាង​ត្បូង​ពីរ​រូប​ដែល​ទទួល​បាន​ដំណឹង​ពី​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​នេះ​បាន​ថ្លែង​ថា ប្រទេស​កូរ៉េ​ខាងជើង​បាន​បញ្ចប់​ការ​ត្រៀម​លក្ខណៈ​សាកល្បង​នុយក្លេអ៊ែរ​រួចរាល់​ហើយ ហើយ​អាច​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​នេះ​នៅ​រវាង​ថ្ងៃ​ទី ១៦ ខែ​តុលា និង​ថ្ងៃ​ទី ៧ ខែ​វិច្ឆិកា​ខាង​មុខ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សមាជិក​សភា​កូរ៉េ​ខាងត្បូង​ទាំង​ពីរ​រូប​នេះ​បាន​និយាយ​ប្រាប់​ក្រុម​អ្នក​កាសែត​បន្ទាប់ពី​ទទួល​បាន​ដំណឹង​ពី​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ថា ការ​ត្រៀម​រៀបចំ​របស់​ប្រទេស​កូរ៉េ​ខាងជើង​សម្រាប់​ការ​សាកល្បង​នុយក្លេអ៊ែរ​បាន​ចប់​សព្វគ្រប់​ហើយ​នៅ​ឯ​រូង​ក្រោម​ដី Punggye-ri ដែល​នៅ​ទី​នោះ កូរ៉េ​ខាងជើង​បាន​សាកល្បង​នុយក្លេអ៊ែរ​នៅ​ក្រោម​ដី ៦ ដង​រួច​មក​ហើយ​តាំង​ពី​ឆ្នាំ ២០០៦ មក។

សមាជិក​សភា​ទាំង​ពីរ​រូប​នេះ​បាន​បញ្ជាក់​ថា ពេល​វេលា​នៃ​ការ​សាកល្បង​នេះ​គឺ​អាស្រ័យ​លើ​ព្រឹត្តិការណ៍​នានា​ដូចជា​សមាជ​គណបក្ស​នៅ​ប្រទេស​ចិន និង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​សហរដ្ឋ​អាមេរិក​ជាដើម។ ពួកគេ​ក៏​បាន​និយាយ​ផង​ដែរ​ថា វា​ក៏​អាស្រ័យ​លើ​ថា​តើ​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​អាច​គ្រប់គ្រង​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ បាន​កម្រិត​ណា។

លោក Youn Kun-young ដែល​ជា​សមាជិក​សភា​ម្នាក់​ក្នុង​ចំណោម​នោះ បាន​លើកឡើង​ថា៖ «ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ថា ពួកគេ​មិន​អាច​ប៉ាន់​ប្រមាណ​អំពី​លទ្ធភាព​ដែល​អាច​កើតឡើង​នៃ​ការ​សាកល្បង​នេះ​ទេ តែ​បាន​សន្មត​ថា​កូរ៉េ​ខាង​ជើង​អាច​ធ្វើ​ការ​សម្រេចចិត្ត​ដ៏​ទូលំទូលាយ​មួយ [អំពី​ការ​សាកល្បង​នេះ] ផ្អែកលើ​ទំនាក់ទំនង​អន្តរជាតិ​និង​ស្ថានភាព​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​របស់​ខ្លួន‍»។

លោក Yoo Sang-bum ដែល​ជា​សមាជិក​សភា​ម្នាក់​ទៀត បាន​និយាយ​ថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​កូរ៉េ​ខាងត្បូង​យល់​ឃើញ​ថា​ការ​អះអាង​ដំបូងៗ​របស់​កូរ៉េ​ខាង​ជើង​ដែល​ថា​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ បាន​ចប់​ហើយ​នោះ​គឺ «មិន​អាច​ជឿ​បាន​នោះ​ទេ‍» ពីព្រោះ​ប្រទេស​នេះ​បាន​បិទ​ខ្ទប់​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​បន្ទាប់មក​បាន​បើក​តំបន់​ជិត​ព្រំដែន​ចិន​ជា​ថ្មី​ឡើង​វិញ ដែល​នៅ​ទី​នោះ «ការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ» នៅ​កំពុង​ធ្វើ​ឡើង​នៅឡើយ៕