រូបភាព៖ ហ្វេសប៊ុកអគ្គនាយដ្ឋានអន្តោប្រវេសន៍

អាជ្ញាធរ បានបណ្តាញជនបរទេសចំនួន៦៦នាក់ចេញពីកម្ពុជា ពាក់ព័ន្ធនឹងបទល្មើសលួចឆ្លងដែនខុសច្បាប់ និងគ្មានលិខិតស្នាក់នៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៩ កញ្ញា ម្សិលមិញ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានលើកឡើងថា ពីថ្ងៃទី២៧ដល់២៨កញ្ញា គឺបានបណ្ដេញជនបរទេសចំនួន៦៦នាក់ មានស្រី២៥នាក់ ក្នុងនោះមាន៣សញ្ជាតិ គឺជនជាតិថៃចំនួន៦៤នាក់ ជនជាតិឥណ្ឌាម្នាក់ និងជនជាតិនីហ្សេរីយ៉ាម្នាក់ ចេញពីកម្ពុជាតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ជនបរទេសទាំងនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតស្នាក់នៅ លួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ និងប្រើប្រាស់លិខិតឆ្លងដែនមិនប្រក្រតី ដែលល្មើសនឹងច្បាប់ស្ដីពីអន្តោប្រវេសន៍ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល៣ឆ្នាំ។

កាលពីថ្ងៃទី១៨កញ្ញា អាជ្ញាធរខេត្តព្រះសីហនុ បានបង្ក្រាបជនអន្តោប្រវេសន៍ស្នាក់នៅដោយខុសច្បាប់១៤០នាក់ ក្នុងនោះមានជនជាតិចិនចំនួន១៣០នាក់ និងជនជាតិវៀតណាមចំនួន១១នាក់ ហើយត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញចេញពីកម្ពុជា។

កន្លងមកកន្លងមករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង តែងតែបញ្ជាទៅសមត្ថកិច្ចទាំងអស់ត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ដោយចាប់ និងបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីកម្ពុជាវិញ ហើយមិនត្រូវគិតថាជាជនបរទេសណានោះទេ៕