ក្រុមហ៊ុន EFG ប្តេជ្ញាបើកទីតាំងហាង Boost ចំនួន២០ ក្នុងរយៈពេល៥ឆ្នាំ ក្នុងប្រទេសកម្ពុជា។រូបភាព៖​ EFG

ក្រុមហ៊ុន EFG (Express Food Group) ដែលជាប្រតិបត្តិករផ្គត់ផ្គង់អាហារនិងភេសជ្ជៈ( F&B) ឈានមុខគេរបស់កម្ពុជា និង Boost Juice ដែលជាម៉ាកយីហោទឹកផ្លែឈើដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក បានចុះកិច្ចព្រមព្រៀងនៅថ្ងៃទី២១កញ្ញានេះ ដែល EFG នឹងនាំយកម៉ាកយីហោអូស្ត្រាលីដ៏ល្បីល្បាញមកកម្ពុជា ជាមួយនឹងហាងដំបូងគេដែលរំពឹងថានឹងបើកនៅខែធ្នូ ឆ្នាំ២០២២។

ក្រុមហ៊ុន EFG ប្តេជ្ញាបើកទីតាំងហាង Boost ចំនួន២០ ក្នុងរយៈពេល៥ឆ្នាំ ក្នុងប្រទេសកម្ពុជា។

កិច្ចព្រមព្រៀងនេះ ក៏គ្របដណ្តប់លើការបើកហាងនាពេលអនាគតនៅក្នុងប្រទេសឡាវ និងមីយ៉ាន់ម៉ាដែរ។ ហាងជាច្រើនត្រូវបានគេរំពឹងថា នឹងមានទីតាំងនៅអាកាសយានដ្ឋាន ផ្សារទំនើប និងស្ថានីយ៍ប្រេងឥន្ធនៈទៅតាមតម្រូវការជនជាតិអាស៊ី ព្រមទាំងនិន្នាការភេសជ្ជៈប្រចាំថ្ងៃដែលមានសុខភាពល្អ។

EFG ក៏នឹងធានាថា ម៉ាក់យីហោ Boost មានអាជីវកម្មដឹកជញ្ជូនផ្ទាល់ខ្លួនតាមរយៈកម្មវិធី Hungry (get.hungryapp.asia) និងដៃគូដឹកជញ្ជូនរហ័សផ្សេងទៀត។

ស្ថាបនិក Boost Juice លោកស្រី Janine Allis បានចាប់ផ្តើម Boost ជាមួយហាងដំបូងនៅ រដ្ឋធានី អាឌែលដេត (Adelaide) ប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០០០ នៅពេលដែលនាងមើលឃើញគម្លាតនៅក្នុងទីផ្សារសម្រាប់អាហាររហ័សដែលមានសុខភាពល្អ។ បន្ទាប់មក Boost បានចាប់ផ្តើមពង្រីកជាអន្តរជាតិតាមរយៈ Master Franchising ក្នុងឆ្នាំ ២០០៤ ហើយឥឡូវនេះ មានហាងជាង៦៥០ ដែលបម្រើភេសជ្ជៈ Boost ដ៏ឈ្ងុយឆ្ងាញ់ក្នុង១៤ប្រទេសជុំវិញពិភពលោក។

បច្ចុប្បន្ន Boost មាននៅក្នុងប្រទេសអូស្ត្រាលី ប្រ៊ុយណេ ឈីលី អេស្តូនី ឥណ្ឌូនេស៊ី ឡាតវី ម៉ាឡេស៊ី ម៉ាល់តា នូវែលសេឡង់ អារ៉ាប៊ីសាអូឌីត សិង្ហបុរី ថៃ ចក្រភពអង់គ្លេស និងវៀតណាម និងមានផែនការចូលប្រទេសអារ៉ាប់រួមក្នុងត្រីមាសទី៤ឆ្នាំ២០២២។

EFG ប្រតិបត្តិការ The Pizza Company ដែលជាយីហោភីហ្សាលេខ១របស់កម្ពុជា។ ម៉ាកយីហោដែលទទួលបានការគាំទ្រច្រើននេះ បង្កើតឡើងដោយ Minor Food Group ក្នុងឆ្នាំ២០០០ ដែលមានឯកទេសខាងភីហ្សាប្រកបដោយភាពច្នៃប្រឌិត ជាមួយនឹងនំភីហ្សាដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងសម្បូរបែបជាងភីហ្សាបែបលោកខាងលិចភាគច្រើន។

លោក Callum Mackay ប្រធានអាជីវកម្មអន្តរជាតិ Boost Juice បានឱ្យដឹងថា ទីផ្សារអាស៊ីអាគ្នេយ៍គឺជាតំបន់ដែលទទួលបានជោគជ័យ និងរីកចម្រើនយ៉ាងឆាប់រហ័សសម្រាប់ម៉ាកយីហោរបស់យើង ហើយយើងទន្ទឹងរង់ចាំការបន្តការពង្រីកនេះ និងផ្តល់ជូននូវទឹកផ្លែឈើ ដែលទើបផលិតថ្មីៗរបស់យើងទៅកាន់ព្រះរាជាណាចក្រកម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខនេះ។

លោកនិយាយថា៖«យើងមានសេចក្តីរំភើបលើសពីការប្រកាសពីភាពជាដៃគូនេះជាមួយ EFG ។ ប្រវត្តិរបស់ EFG ក្នុងការទទួលយកម៉ាកយីហោលំដាប់ពិភពលោកដោយជោគជ័យទៅនឹងទីផ្សារក្នុងស្រុករបស់ពួកគេ និងវិធីសាស្រ្តផ្តោតលើអតិថិជនរបស់ពួកគេ គឺជាការផ្គូផ្គងដ៏ល្អសម្រាប់ក្រមសីលធម៌អាជីវកម្មរបស់យើង»។

Martin Darby នាយកគ្រប់គ្រង EFG Group បានស្វាគមន៍ភាពជាដៃគូនេះ ដោយពន្យល់ថា ការចុះហត្ថលេខានៅថ្ងៃនេះ EFG នឹងប្តេជ្ញានាំយកម៉ាកភេសជ្ជៈដ៏ល្បីល្បាញរបស់ប្រទេសអូស្ត្រាលីទៅកាន់អតិថិជនទូទាំងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា៕