រូបភាព៖ អាជ្ញាធរជាតិអប្សរា

ស្ថានភាពអាកាសធាតុទូទៅនៅកម្ពុជាក្នុងរដូវវស្សានេះ ដែលធ្វើឱ្យមានភ្លៀងធ្លាក់ជាប្រចាំច្រើន ព្រមទាំងសម្ពាធទាបដែលរងឥទ្ធិពលពីខ្យល់ព្យុះណូរុ បានធ្វើឱ្យមានភ្លៀងធ្លាក់លើសពីធម្មតា និងមានខ្យល់ដែលមានកម្លាំងបោកបក់ល្បឿនខ្លាំង។

ស្ថានភាពបែបនេះ បានធ្វើឱ្យរមណីយដ្ឋានអង្គរ ទទួលបានទឹកភ្លៀងក្នុងកម្រិតខ្ពស់បណ្តាលឱ្យដីមានភាពទន់ជ្រាយ និងរងខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង បណ្តាលឱ្យមានដើមឈើមួយចំនួនបានដួលរលំជាបន្តបន្ទាប់ ព្រមទាំងបង្កផលប៉ះពាល់ដល់ប្រាង្គប្រាសាទ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងឡាយដែលឆ្លងកាត់ និងចូលទៅទស្សនាក្នុងរមណីយដ្ឋានអង្គរ។

រូបភាព៖ អាជ្ញាធរជាតិអប្សរា

ស្ថិតក្នុងស្ថានភាពបញ្ហាប្រឈមនេះ អាជ្ញាធរជាតិអប្សរា បានក្រើនរំឭកដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងដំណើរចូលទៅកម្សាន្តក្នុងរមណីយដ្ឋានអង្គរ ជាពិសេស ពេលមានភ្លៀងធ្លាក់ខ្លាំង ត្រូវនៅឱ្យឆ្ងាយពីដើមឈើធំៗ កុំជ្រក ឬចតយានយន្តក្រោមដើមឈើ ជៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ កញ្ញាម្សិលមិញ តាមរបាយការណ៍សង្ខេបពីនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា ក្រុមការងារបានរំដោះទឹក នៅប្រាសាទមួយចំនួនដូចជា ប្រាសាទអង្គរវត្ត ព្រះខ័ន តាព្រហ្ម និងបាយ័ន្តជាដើម ដើម្បីបញ្ជៀសទឹកតាមប្រព័ន្ធប្រឡាយបុរាណទៅតាមស្ទឹងនានា ដូចជាស្ទឹងសៀមរាប ស្ទឹងរលួស ស្ទឹងពួក និងស្ទឹងព្រះស្រុក ដើម្បីកុំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់តំបន់ប្រាសាទ និងក្រុងសៀមរាប៕

រូបភាព៖ អាជ្ញាធរជាតិអប្សរា