ពានរង្វាន់ពី Asiamoney ប្រគល់ជូន ABA ចំពោះវឌ្ឍនភាពធនាគារឌីជីថលដ៏លេចធ្លោ និងការផ្ដោតជាយុទ្ធសាស្ដ្រលើការបម្រើសេវាធនាគារប្រកបដោយនវានុវត្តន៍ជូនអតិថិជនរបស់ខ្លួន។រូបភាព៖ ABA

ធនាគារ ABA ដែលជាធនាគារពាណិជ្ជកម្ពុជាធំបំផុត និងនាំមុខក្នុងវិស័យហិរញ្ញវត្ថុឌីជីថល បានទទួលពានរង្វាន់«ធនាគារដ៏ឆ្នើមបំផុតសម្រាប់ហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា ឆ្នាំ២០២២»ពីទស្សនាវដ្ដីហិរញ្ញវត្ថុ Asiamoney ជាទស្សនាវដ្ដីថ្នាក់តំបន់របស់ទស្សនាវដ្ដីហិរញ្ញវត្ថុអន្ដរជាតិ Euromoney។

ពានរង្វាន់ពី Asiamoney ប្រគល់ជូន ABA ចំពោះវឌ្ឍនភាពធនាគារឌីជីថលដ៏លេចធ្លោ និងការផ្ដោតជាយុទ្ធសាស្ដ្រលើការបម្រើសេវាធនាគារប្រកបដោយនវានុវត្តន៍ជូនអតិថិជនរបស់ខ្លួន។

គណៈវិនិច្ឆ័យ Asiamoney បានសាទរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍកម្មវិធីធនាគារលើទូរស័ព្ទ ABA Mobile ក្នុងរយៈពេលពេញមួយឆ្នាំនេះ។

នៅក្នុងរបាយការណ៍អំពីពានរង្វាន់របស់ខ្លួន និពន្ធនាយក Asiamoney លោកស្រី Rashmi Kumar បានមានប្រសាសន៍ថា៖«នៅពេលនិយាយដល់ការរួមបញ្ចូលគ្នារវាងធនាគារ និងនវានុវត្តន៍នៅក្នុងប្រទេសកម្ពុជា យើងមិនចាំបាច់មើលធនាគារណាផ្សេងក្រៅពីធនាគារ ABA នោះទេ។ ធនាគារនេះ បានធ្វើឲ្យការនាំយកបច្ចេកវិទ្យាថ្មី ចូលមកក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាជាអាទិភាពមួយ។ ជាក់ស្ដែង ABA ជាធនាគារដំបូងគេបង្អស់ ដែលបានដាក់ឲ្យប្រើប្រាស់កម្មវិធីធនាគារតាមទូរស័ព្ទពេញលេញក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៥»។

លោកស្រីបានបន្ថែម បច្ចុប្បន្ននេះ កម្មវិធី ABA Mobile មានសន្ទុះគាំទ្រយ៉ាងខ្លាំងមិនអាចប្រកែកបាន។ ចំនួនប្រតិបត្តិការក្នុងកម្មវិធីនេះ បានហក់ឡើងដល់២៥០លានដង កាលពីឆ្នាំ២០២១ កើនពីជាង១០០លានដង កាលពីឆ្នាំ២០២០។ ប្រតិបត្តិការទាំងនេះមានតម្លៃគិតជាទឹកប្រាក់១២៣ពាន់លានដុល្លារអាមេរិក ដែលមានទំហំ៤ដង នៃផលិតផលក្នុងស្រុកសរុប (GDP)កម្ពុជា។

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ABA មានបណ្តាញដ៏ធំទូលាយដែលបន្តពង្រីកបាន៨១សាខា ម៉ាស៊ីនស្វ័យសេវាជាង៩០០ ជាមួយនឹងកម្មវិធីធនាគារអនឡាញនិងកម្មវិធីធនាគារតាមទូរសព្ទដៃដ៏ទំនើប៕